អន្តរជាតិ
ស្ត្រី​អូស្ត្រាលី​ម្នាក់​គេង​ជាមួយ​ក្រពើ ហើយ​បីបាច់​ថែរក្សា​ដូច​សត្វ​ចិញ្ចឹម​ធម្មតា​
20, Feb 2016 , 10:40 pm        
រូបភាព
ដោយ: ធីតា
Johnie, Fovian​និង​Jilfia​គឺជា​ឈ្មោះ​សត្វ​ក្រពើ​ដែល​អ្នកស្រី​Vicki Lowing គិលានុបដ្ឋាក​ដែល​រស់នៅ​តំបន់​Rockbank​ក្រុង​មែ​ល​ប៊​ន​ប្រទេស​អូស្ត្រាលី​បីបាច់​ថែរក្សា​ដូច​សត្វ​ចិញ្ចឹម​ធម្មតា​។​នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​បារាំង​Ouest France​។​

 
​អ្នកស្រី​Vicki Lowing បាន​អះអាងថា​ជីវិត​របស់​អ្នកស្រី​ពិតជា​សេចក្តីសុខ​ខ្លាំងណាស់​ក្នុងការ​រស់នៅ ជាមួយ​សត្វ​ក្រពើ​Johnie, Fovian​និង​Jilfia​។ «​កុំ​មើល​ក្រពើ​ដោយ​ដាក់​ភ្នែក​ចំៗ​ពេក​ពីព្រោះ​វា​គាត់​ថា​អ្នក​កំពុង​គំរាម​វា​»​។​នេះ​ជា​ដំបូន្មាន​ដំបូង​របស់​អ្នកស្រី​Vicki Lowing​។​
 
​គិលានុប្បដ្ឋាក​រូបនេះ​បាន​រៀបរាប់ថា​អ្នកស្រី​មាន​ទំនាក់ទំនង​យ៉ាង​ល្អជា​មួយ​ក្រពើ​ឈ្មោះ​Johnie​ដែលមាន​អាយុ​២០​ឆ្នាំ​រីឯ​Fovian​អាយុ​៨​ឆ្នាំ​ចូលចិត្ត​កូនប្រុស​គាត់​ឈ្មោះ​Andrew ជាង​គាត់​។​បន្ទាប់មកទៀត​គាត់​និយាយ​ពី​ក្រពើ​ឈ្មោះ​Jilfia​អាយុ​៩​ឆ្នាំ​ដែល​ចូលចិត្ត​ស្រូបយក​កម្តៅថ្ងៃ​។​
 


​បើតាម​កាសែត​Ouest France ការផ្សារភ្ជាប់​ជីវិត​ជាមួយ​សត្វ​ក្រពើ​របស់​អ្នកស្រី​Vicki គឺ​ដោយសារតែ​អ្នកស្រី​បាន​ធំធាត់​នៅក្នុង​កសិដ្ឋាន​ចិញ្ចឹមសត្វ​មួយកន្លែង​នៅ​រដ្ឋ​New South Wales​។​អ្នកស្រី​បាន​អះអាងថា​៖ «​ម្តាយ​របស់ខ្ញុំ​អប់រំ​ខ្ញុំ​ឲ្យ​ចេះ​គោរព​សត្វ​។​គាត់​តែងតែ​សង្គ្រោះ​កូន​កង់​ហ្គូ​រូ​។​
 
​អ្នកស្រី​Vicki ដែលមាន​រហស្សនាម​ថា «Croc Lady» បាន​រំលឹកថា​៖ «​កាលពី​អាយុ​៤​ឆ្នាំ​ខ្ញុំ​ចិញ្ចឹម​បង្កួយ​ដល់​អាយុ​១០​ឆ្នាំ​ខ្ញុំ​ចិញ្ចឹម​ពស់​ប៉ុន្តែ​តាមពិត​ខ្ញុំ​ចង់​ចិញ្ចឹម​ក្រពើ​តាំងពី​អាយុ​៦​ឆ្នាំ​មកម្ល៉េះ​។​ខ្ញុំ​បាន​មើល​រឿង​សត្វ​ក្រពា​[Alligator-​អំបូរ​ក្រពើ​] មួយ​ដែលមាន​ឈ្មោះថា​Daisy​ខ្ញុំ​ក៏​ចាប់​ចូលចិត្ត​ក្រពើ​តែម្តង​»​។​
 
​ឈានដល់​អាយុ​ជាង​២០​ឆ្នាំ​ទើប​អ្នកស្រី​Vicki សម្រេច​ក្តី​សុ​បិ​ន្ត​របស់ខ្លួន​ដោយបាន​ទិញ​ក្រពើ​ឈ្មោះ​Rocky ទៅ​ចិញ្ចឹម​ប៉ុន្តែ​វា​បាន​ងាប់​កាលពី​ឆ្នាំ​១៩៩៥​ដោយសារ​ទឹក​ក្នុង​អាង​ត្រជាក់​ខ្លាំងពេក​។​អ្នកស្រី​ពន្យល់ថា​៖ «​គ្រោះថ្នាក់​ដ៏​ធំ​បំផុត​សម្រាប់​ក្រពើ​គឺ​អាកាសធាតុ​ត្រជាក់​។​នៅផ្ទះ​របស់ខ្ញុំ​ខ្ញុំ​ត្រូវ​រក្សា​សីត​ណ្ហ​ភាព​ក្នុង​រង្វង់​៣០​អង្សា​ជានិច្ច​»​។​
 


​ដោយ​ខ្លួន​កាន់តែ​មាន​វ័យ​ចំណាស់​ទៅហើយនោះ​អ្នកស្រី​Vicki រំពឹងថា​កូនប្រុស​Andrew នឹង​បន្តវេន​ពី​គាត់​ក្នុងការ​ចិញ្ចឹម​ក្រពើ​ឲ្យ​ដូចជា​សត្វ​ធម្មតា​។​ប៉ុន្តែ​បទពិសោធន៍​ប្រមាណ​៣០​ឆ្នាំ​ជាមួយ​សត្វ​ក្រពើ​កន្លងមកនេះ​អ្នកស្រី​Vicki ចំណាយ​ក្នុង​ខ្ទង់​ជាង​១២០០​ដុល្លារ​អាមេរិក​លើ​ភ្លើង​ទឹក​ការចិញ្ចឹម​និង​ការការពារ​សត្វ​ពី​ការយាយី​ផ្សេងៗ​។​
 
​ក្រៅពី​ក្រពើ​បី​ក្បាល អ្នកស្រី​Vicki នៅមាន​ឆ្មា​២​ក្បាល​អណ្តើក​៤​ក្បាល​ពស់​៥​ក្បាល​សេក​២​ក្បាល​និង​បង្កួយ​ជាច្រើន​ក្បាល​។​អ្នកស្រី​បាន​អះអាងថា​អ្នកស្រី​និង​កូន​មិនដែល​រង​នូវ​ការវាយប្រហារ​ធ្ងន់ធ្ងរ​ម្តងណា​ឡើយ​ពី​សត្វ​ទាំងនោះ​។​ជា​ទម្លាក់​អ្នកស្រី​ចូលចិត្ត​យក​Johnie​ដើរ​តាម​ខ្លួន​រួមទាំង​ដេក​នៅលើ​គ្រែ​ជាមួយ​ផងដែរ​។​
 
​អ្នកស្រី​បាន​បន្ថែមថា​៖ «​អ្នកជិតខាង​ថា​ខ្ញុំ​ជាម​នុស្ស​ឆ្កួត​ប៉ុន្តែ​នេះ​ជាការ​ស្រឡាញ់​ដ៏​ងុបងុល​របស់ខ្ញុំ​ចំពោះ​សត្វ​ទាំងអស់​»​។​អ្នកស្រី​ធ្លាប់​លែងលះ​ស្វាមី​២​នាក់​ហើយ​ប៉ុន្តែ​អ្នកស្រី​មិន​មានការ​អផ្សុក​អ្វី​នោះឡើយ​ដោយមាន​ក្រពើ​នៅ​ជិត​ខ្លួន​។​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​អ្នកស្រី​Vicki ក៏​ទទួលបាន​នូវ​ការឧបត្ថម្ភ​មួយចំនួន​ផងដែរ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com