អន្តរជាតិ
កូរ៉េខាងជើង​ បាញ់​គ្រាប់ផ្លោង​ជាថ្មី​ក្នុង​តំបន់​ជម្លោះ​ ខណៈ​កូរ៉េខាងត្បូង​ ត្រៀម​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​
20, Feb 2016 , 12:39 pm        
រូបភាព
ដោយ:
បើទោះបីជា​មានការ​ថ្កោលទោស​និង​ការបន្ថែម​ទណ្ឌកម្ម​ជា​បន្តបន្ទាប់​ក៏ដោយ​កូរ៉េខាងជើង​ហាក់ដូចជា​មិនសូវ​ខ្វាយខ្វល់​ប៉ុន្មាន​នោះទេ​។​ផ្ទុយទៅវិញ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​បន្តសកម្មភាព​ដ៏​គឃ្លើន​ក្នុង​ការបាញ់​សាកល្បង​មី​ស៊ី​ល​និង​សកម្មភាព​ផ្សេងៗ​ដែល​គំរាមកំហែង​ដល់​សន្តិសុខ​និង​បំពាន​នឹង​បម្រាម​របស់​សហគមន៍​អន្តរជាតិ​។​


 
​រដ្ឋា​ភិល​បាល​ក្រុង​ព្យុងយ៉ាង​បាន​បាញ់​គ្រាប់ផ្លោង​ជាច្រើន​គ្រាប់​នៅ​ព្រឹក​សៅរ៍​ទី​២០​ខែកុម្ភៈ​នេះ​នៅក្បែរ​តំបន់​ជម្លោះដែនសមុទ្រ​ជាមួយនឹង​ក្រុង​សេ​អ៊ូ​ល​។​ការបាញ់​គ្រាប់ផ្លោង​នេះ​ធ្វើឡើង​បន្ទាប់ពី​ការសាកល្បង​មី​ស៊ី​ល​បំពាក់​ផ្កាយរណប​កាលពី​ថ្មីៗ​នេះ​និង​ស្របពេល​កូរ៉េខាងត្បូង​រួមជាមួយ​នឹង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ត្រៀ​ម​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​ទ្រង់ទ្រាយ​ធំ​ផងដែរ​នោះ​។​
 
​មន្ត្រី​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បាន​អះអាងថា ទាហាន​បានលឺ​សំឡេង​នៃ​ការបាញ់​គ្រាប់ផ្លោង​ជាច្រើន​គ្រាប់​ចេញពី​កោះ​Baengnyeong​ដែល​ទំនងជា​ការធ្វើ​សមយុទ្ធ​យោធា​របស់​កូរ៉េខាងជើង​។​នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន​Reuters ដែល​បាន​ដកស្រង់​សម្តី​របស់​យោធា​ដែរ​ថា​ការបាញ់​គ្រាប់ផ្លោង​របស់​កូរ៉េខាងជើង​នោះ​មិនបាន​ចូលមកក្នុង​ទឹកដី​កូរ៉េខាងត្បូង​នោះទេ​។​
 
​យ៉ាងណាក៏ដោយ​ការបាញ់​គ្រាប់ផ្លោង​របស់​កូរ៉េខាងជើង​គឹជា​កា​បង្កើន​ភាព​តានតឹង​ជាថ្មី​ម្តងទៀត​សម្រាប់​សន្តិសុខ​ក្នុង​ឧបទ្វីប​កូរ៉េ និង​សន្តិសុខ​ពិភពលោក​ជារួម​។​ក្នុង​ដើមឆ្នាំ​២០១៦​នេះ​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​គ្រាប់បែកបរមាណូ​ដែលជា​បច្ចេកវិទ្យា​ថ្មី​របស់ខ្លួន​ជា​ពីរលើក​រួចទៅហើយ​។​ក្នុងនោះ​លើកទីមួយ​គឺជា​ការបាញ់​គ្រាប់បែក​អ៊ីដ្រូសែន​ដែលជា​អាវុធ​បរមាណូ​ដែលមាន​ឥទ្ធិពល​បំផុត​នៅ​ខែមករា​និង​លើក​ទី​២​ដើមខែ​កុម្ភៈ​នេះ​កូរ៉េខាងជើង​ក៏បាន​បាញ់​មី​ស៊ី​ល​ដោយ​បំពាក់​ជាមួយនឹង​ផ្កាយរណប​ទៅកាន់​លំហ​អាកាស​ផងដែរ​។​
 
​ទាំង​ជប៉ុន​និង​កូរ៉េខាងត្បូង​ជា​ប្រទេសជិតខាង​បាន​ប្រុង​ជើងការ​និង​បញ្ជា​ឲ្យ​កងទ័ព​របស់ខ្លួន​ត្រៀម​ខ្លួន​រួចជាស្រេច​ចំពោះ​រាល់​ការប៉ះទង្គិច​អាច​កើតឡើង​នាពេលខាងមុខ​។​អ្វី​គួរកត់សម្គាល់​នោះ​កូរ៉េខាងត្បូង​រួម​ជាមួយនឹង​សម្ព័ន្ធមិត្ត​ខ្លួន​កំពុងតែ​ត្រៀម​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ដែល​មិន​ធា្ល​ប់​មាន​កន្លងមក​នាពេលខាងមុខ​ដ៏​ខ្លី​ផងដែរ​។​ហើយ​សកម្មភាព​ឆ្លើយឆ្លង​គ្នា​នេះ​នឹង​ក្លាយជា​ការប្រឈមមុខ​ដ៏​ផុយស្រួយ​មួយ​នៃ​ការផ្ទុះ​សង្គ្រាម​ក្នុង​ឧបទ្វីប​កូរ៉េ​៕

© រក្សាសិទ្ធិដោយ thmeythmey.com