អន្តរជាតិ
វៀតណាម ​ប្តឹង​ ចិន​ ទៅកាន់​អង្គការសហប្រជាជាតិ​ថា​បាន​រំលោភ​អធិបតេយ្យ​ខ្លួន​
20, Feb 2016 , 3:27 pm        
រូបភាព
ដោយ:
ការបំពាក់​ប្រព័ន្ធ​មី​ស៊ី​ល​ដែលមាន​សមត្ថភាព​អាច​កម្ទេច​ទាំង​យន្តហោះ និង​នាវា ក្នុង​តំបន់​ជម្លោះ​សមុទ្រ ចិន​ខាងត្បូង បាន​ក្លាយជា​ប្រធានបទ​ថ្មី​មួយ​សម្រាប់​ភាគី​ពាក់ព័ន្ធ​នៃ​ជម្លោះ​។ ស្រប​ជាមួយនឹង​ការ​ថ្កោល ទោស​របស់​សម្ព័ន្ធមិត្ត​មួយចំនួន​រាប់បញ្ចូល​ទាំង​អាមេរិក វៀតណាម បានចេញ​កំណត់ហេតុ​ការទូត​ផ្លូវការ មួយ​ទៅកាន់​អង្គការ​សហ​ប្រជា​តិ​ដើម្បី​ប្រឆាំងនឹង​សកម្មភាព​របស់​ចិន​ក្នុង​តំបន់​ជម្លោះ​។​


 
​កាលពី​ថ្ងៃ​ម្សិលមិញ ក្រសួងការបរទេស​ទេស​វៀតណាម បាន​សម្តែង​ការព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​ការ បានដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​ក្នុង​តំបន់​ជម្លោះ​ដែលជា​តំបន់​ត្រួតស៊ីគ្នា​រវាង​ចិន តៃវ៉ាន់ និង​វៀតណាម ។ ជាមួយគ្នា​វៀតណាម ក៏បាន​ដាក់​កំណត់ហេតុ​ការទូត​ជា​ផ្លូវការ​មួយ​ទៅកាន់​អគ្គលេខាធិការ​អង្គការ សហប្រជាជាតិ​ផងដែរ​។​
 
​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម​លោក Le Hai Binh បានបញ្ជាក់​តាមរយៈ​សេចក្តីថ្លែងការណ៍ នោះ​ថា សកម្មភាព​របស់​ចិន ពិត​បាន​បំពាន​ទៅនឹង​អធិបតេយ្យ​របស់​វៀតណាម​យ៉ាងធ្ងន់ធ្ងរ​ក្នុង​តំបន់​កោះ​ប៉ា​រ៉ា​សែ​ល​ដែល​នេះ គឹជា​ការគំរាមកំហែង​ដល់​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់ ក៏ដូចជា​ក​សន្តិសុខ​សុវត្ថិភាព និង សិទ្ធិសេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ និង​ការហោះហើរ​ផងដែរ​។ 
 
​បើតាម​សេចក្តី​ថែ្ល​ង​ការណ៍​ដែល​បាន​ផ្ញើ​ទៅកាន់​ភា្ន​ក់​ងារ​ព័ត៌មាន​Reuters ក៏បាន​បញ្ជាក់ដែរថា កំណត់ ហេតុ​ការទូត​នោះ ក៏​ត្រូវបាន​បញ្ជូនទៅ​ស្ថានទូត​ចិន​ប្រចាំ​ក្រុង​ហាណូយ និង ប្រមុខ​អង្គការសហប្រជាជាតិ លោក​បាន គី​មូ​ន​ដើម្បី​ថ្កោលទោស​សកម្មភាព​របស់​ចិន​។ 
 
​ជុំវិញ​បញ្ហា​នេះដែរ ក្នុងឱកាស​ជំនួប​ក្រៅ​នៃ​កិច្ចប្រជុំ​មេ​ដឹក​នា​កំពូល​អាមេរិក​-​អាស៊ាន​នៅ​ថ្ងៃទី​១៥ និង​១៦ ខែកុម្ភៈ ក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា នៃ​សហរដ្ឋអាមេរិក​កន្លង​ទៅ នាយករដ្ឋមន្ត្រី​វៀតណាម​បាន​សុំ​អាមេរិក​ដើម្បី​អន្តរាគមន៍​រឿងនេះ​ផងដែរ​។ លោក ង្វៀង តាន់​ស៊ុ​ង បាន​ស្នើសុំ​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ត្រង់ៗ​ឲ្យ​លោក​បញ្ចេញ​ឥទ្ធិពល​អាមេរិក ក្នុងនាម​មហាអំណាច​ពិភពលោក និង​ចេញ​ផែនការ​សកម្មភាព​ជាក់ស្តែង និង​មាន​ប្រសិទ្ធភាព ដើម្បី​បញ្ឈប់​សកម្មភាព​នានា ដូចជា​យោធា​នីយកម្ម និង​ការ​វាតទី​លើ​តំបន់​ជម្លោះ​ជា​ឯកតោភាគី​ជាដើម​។​
 
​សូម​រម្លឹក​ផងដែរ​ថា កាលពី​ថ្ងៃ​ពុធ កន្លងទៅ មន្ត្រីជាន់ខ្ពស់​ការពារ​ជាតិ​អាមេរិក និង​តៃវ៉ាន់ បាន​អះអាងថា​ចិន បាន​បំពាក់​ប្រព័ន្ធ​មី​ស៊ី​ល​ដែល​អាច បាញ់​ទៅកាន់​លំហ​អាកាស​នៅលើ​កោះ Woody ដែល​ស្ថិតនៅក្នុង​បណ្តុំ​កោះ​ប៉ា​រ៉ា​សែ​ល​នៃ​តំបន់​ជម្លោះ សមុទ្រ​ចិន​ខាងត្បូង​ដែលជា​តំបន់​ទាមទារ​ត្រួតស៊ីគ្នា​របស់​ចិន តៃវ៉ាន់ និង​វៀតណាម​។​ការពង្រាយ ឬ ការបំពាក់​មី​ស៊ី​ល​ក្នុង​ដែន​ជម្លោះ គឺជា​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​របស់​ចិន​ប្រភេទ HQ-9 ដែល​អាច​បាញ់​បាន ចម្ងាយ​ប្រមាណ​២០០​គីឡូ​ម៉ែត ដែលមាន​សមត្ថភាព​អាច​ទាំង​ស្ទាក់​យន្តហោះ និង​មី​ស៊ី​ល​បាន​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com