អន្តរជាតិ
អាមេរិក​-​ចិន​ចោទ​ដាក់គ្នា​ថា​កំពុងតែ​ធ្វើ​យោធូបនីយកម្ម​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​
20, Feb 2016 , 7:00 pm        
រូបភាព
លោក Hong Lei ខាងឆ្វេង និងលោក John Kirby ខាងស្តាំ
លោក Hong Lei ខាងឆ្វេង និងលោក John Kirby ខាងស្តាំ
ដោយ:
ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ដែលមាន​ភាគី​ពាក់ព័ន្ធ​ដូចជា ចិន តៃវ៉ាន់ និង​រដ្ឋ​អាស៊ាន​រួមមាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម កំពុងតែ​ក្លាយជា​ប្រធានបទ​មួយ​ដ៏​ក្តៅគគុក​។ ហើយ​ចុង​ក្រោយនេះ អាមេរិក​ដែល​មិនមែនជា​ភាគី​ជម្លោះ​សោះ បាននិងកំពុង​រិះគន់ និង​ចេញ​ជា​វិធានការ​ផ្សេងៗ​ក្នុង​តំបន់ ជម្លោះ​ដែល​ចិន​បាន​ចាត់ទុកថា​ជាការ​លូកដៃ​រឿង​បញ្ហា​ផ្ទៃក្នុង​នៃ​ជម្លោះ​។



​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Hong Lei​បាន​ថ្លែង​ប្រតិកម្ម​កាលពី​ថ្ងៃ​សុក្រ​ទី​១៩​ខែកុម្ភៈ ថា ចិន មិនមាន​បំណង​ក្នុង​ការបន្ត​ការធ្វើ​យោធូបនីយកម្ម​នៃ​បណ្តុំ​កោះ Nansha នៃ​សមុទ្រ​ចិន​ខាងត្បូង នោះទេ​។ លោក Hong Lei ក៏បាន​រិះគន់​ប្រតិបត្តិការ​នាវាចម្បាំង និង​យន្តហោះ​ទម្លាក់​គ្រាប់​អាមេរិក​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ចុងក្រោយ​នេះ​ថា ជាការ​ពង្រឹង​អំណាច​ក្នុង​តំបន់​ផងដែរ​។​
 
​ប្រតិកម្ម​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ធ្វើឡើង​បន្ទាប់ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​លោក John Kirby បាន​អះអាង​តាមរយៈ​រូបភាព​ផ្កាយរណប​ថា ការបំពាក់​ប្រព័ន្ធ​មី​ស៊ី​ល​លើ​កោះ Yongxing ឬ​កោះ Woody ដែល​ផ្នែក​មួយ​នៃ​បណ្តុំ​កោះ​ប៉ា​រ៉ា​សែ​ល​នៃ​សមុទ្រ​ចិន​ខាងត្បូង​របស់​ចិន បាន​បំពាន​ការសន្យា​របស់​ចិន​ដែលថា​នឹងមិន​ធ្វើ​យោធូបនីយកម្ម​ក្នុង​តំបន់​ជម្លោះ​នោះទេ​។ 
 
​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨ ខែកុម្ភៈ​កន្លងទៅ​ក្នុងឱកាស​នៃ​ការធ្វើ​សង្ខេប​ព័ត៌មាន​ប្រចាំថ្ងៃ​លោក​Kirby​បានបញ្ជាក់​ថា​យើង​មិន​បានឃើញ​សញ្ញា​ណាមួយ​នៃ​ការ​ប្តេ​ជា​លើ​យោធូប​នីយកម្ម​ត្រូវបាន​បញ្ឈប់​នោះទេ​ពោលគឺ​វា​គ្មានអ្វី​សោះ​ដែល​ត្រូវបាន​ធ្វើឡើង​ដើម្បី​ធានា​ពី​ស្ថិរភាព​និង​សន្តិសុខ​នៃ​សា្ថ​ន​ភាព​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ការលើកឡើង​របស់​អ្នកនាំពាក្យ​រូបនេះ​ក៏​ស្រប​ជាមួយនឹង​ការអះអាង​នៃ​មន្ត្រីជាន់ខ្ពស់​ការពារជាតិ​អាមេរិក និង​តៃវ៉ាន់ ដែលថា​ចិន បាន​បំពាក់​ប្រព័ន្ធ​មី​ស៊ី​ល​ដែល​អាច​បាញ់​ទៅកាន់​លំហ​អាកាស​នៅលើ​កោះ Woody ដែល​ស្ថិតនៅក្នុង​បណ្តុំ​កោះ​ប៉ា​រ៉ា​សែ​ល​នៃ​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដែលជា​តំបន់​ទាមទារ​ត្រួតស៊ីគ្នា​របស់​ចិន តៃវ៉ាន់ និង​វៀតណាម​។​
 
​ផ្ទុយទៅនឹង​ការចោទប្រកាន់​របស់​ក្រុង​វ៉ា​ស៊ិន​តោន​លោក​Hong Lei​បាន​សង្កត់ធ្ងន់ថា​អាមេរិក កំពុងតែ​ពង្រឹង​សកម្មភាព​នៃ​ការពង្រាយ​យោធា​របស់ខ្លួន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ហើយ​ការបញ្ជូន​នាវា និង​យន្តហោះ​ចម្បាំង​មកកាន់​ដែនសមុទ្រ​ចិន​ខាងត្បូង​កន្លងមក​គឺជា​សកម្មភាព​ប្រឆាំង​ចិន​ទៅវិញ​នោះទេ​។ អ្នកនាំពាក្យ​ដដែល​បាន​បន្ថែមទៀតថា​សកម្ម​ភាព​របស់​អាមេរិក​បាន​និង​កំពុងតែ​បង្កើត​ភាព​តានតឹង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ហើយក៏​កំពុង​បង្កើត​នូវ​យោធូបនីយកម្ម​ក្នុង​តំបន់​នោះ​ផងដែរ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com