សង្គមអន្តរជាតិ​
អន្តរជាតិ
អូស្ត្រាលី​ កំពុង​ចរចា​ជាមួយ​ប្រទេស​អាស៊ីអាគ្នេយ៍​បី ​ដើម្បី​សុំ​ការតាំង​លំនៅ​ថ្មី​ដល់​ជនភៀសខ្លួន​
21, Feb 2016 , 12:00 pm        
រូបភាព
ដោយ:
​ក្រៅពី​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប អូស្ត្រាលី ក៏​ជា​ទិសដៅ​សំខាន់​មួយ​ផងដែរ​សម្រាប់​ជនភៀសខ្លួន​សម្រុកចូល​ទៅ​រស់នៅ​ដែល​លំហូរ​នេះហើយ​បានធ្វើ​ឲ្យ​អូស្ត្រាលី​មានការ​ព្រួយបារម្ភ​ខ្លាំង​ពី​ការគំរាមកំហែង​សន្តិសុខ​។ ចុងក្រោយ​នេះ រដ្ឋាភិបាល​ក​អូស្ត្រាលី កំពុងតែ​ចរចា​ជាមួយនឹង​បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ដើម្បី ផ្តល់​សិទ្ធិ​សម្រាប់​ការរស់នៅ​សម្រាប់​ជនភៀសខ្លួន​ទាំងនោះ​។​


 
​រដ្ឋាភិបាល​អូស្ត្រាលី កំពុងតែ​ចរចា​ជាមួយនឹង​ប្រទេស​ចំនួន​ប្រាំមួយ​ដែល​រួមមាន​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង ហ្វីលីពីន​ផងដែរ​នោះ ដើម្បី​ផ្តល់​ទីជម្រក​សម្រាប់​អ្នក​សុំ​សិទ្ធិ​ជ្រកកោន​ដែល​កំពុងតែ​ឃុំខ្លួន​នៅ​ប្រទេស​កោះ​ប៉ា​ពូ អាស៊ី​នូ​វែ​ល​ហ្គី​ណេ និង​ណូ​រូ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត​អូស្ត្រាលី the Sydney Morning Herald កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ម្សិលមិញ​។ 
 
​បើតាម​កាសែត​ដដែល ការចរចា​ដែល​កំពុងតែ​ធ្វើ​ជាមួយនឹង​ប្រទេស​ទាំងបី​នៅ​អាស៊ីអាគ្នេយ៍ ផ្តោត​សំខាន់​លើ​ការផ្តល់​ទីជម្រក​ដល់​ជនភៀសខ្លួន​ដែលមាន​សក្តានុពល​ប្រមាណ​១៤៥៩​នាក់​។ ដោយឡែក​សម្រាប់​ប្រទេស​បី​ទៀត​ដែល​កំពុង​ស្ថិតក្នុង​ដំណាក់​ចរចា​ផងដែរ​នោះ រដ្ឋាភិបាល​មិនទាន់​បញ្ចេញ ឈ្មោះ​នៅឡើយ​នោះទេ​។​
 
​ជុំវិញ​ដំណាក់​ការ​នៃ​ការចរចា​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​អូស្ត្រាលី មិនបាន​ច្រានចោល ឬ​ទទួលស្គាល់ នៅឡើយ​នោះទេ​។ ក៏ប៉ុន្តែ សម្រាប់​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​លោកស្រី Julie Bishop ចាត់ទុក​ការចុះផ្សាយ​ពី​ព័ត៌មាន​នេះ​ដោយ​កាសែត​ក្នុងស្រុក ថា វា​ហាក់ដូចជា​លឿន​ពេក​។ លោកស្រី ថា​ការចុះផ្សាយ​នេះ អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការចរចា​ជាពិសេស​នោះ ប្រទេស​ដែលជា​ដៃគូ​ចរចា​ដែល​រួមមាន​ហ្វីលីពីន ដែល​កំពុង​ត្រៀម​រៀបចំ​ការបោះឆ្នោត​នៅ​ខែឧសភា​ខាងមុខនេះ​។ 
 
​កន្លងមក​អូស្ត្រាលី ក៏​ធា្ល​ប់​បាន​បញ្ជូន​ជនភៀសខ្លួន​មកកាន់​កម្ពុជា​ដែលជា​ប្រទេស​នៅក្នុង​តំបន់​អាស៊ី អាគ្នេយ៍​ក្រោម​កិច្ចព្រមព្រៀង​នៃ​រដ្ឋាភិបាល​ទាំងពីរ​ផងដែរ​។ ក៏ប៉ុន្តែ​ដំណើរការ​នៃ​ផ្តល់​សិទ្ធិ​ក្នុង​ការផ្តល់​ទីជម្រក​នៅ​កម្ពុជា ហាក់ដូចជា​មិនសូវ​ដំណើរ​ការល្អ​ប៉ុន្មាន​នោះទេ ក្រោយពី​ការបញ្ជូន​ជនភៀសខ្លួន​បួន​នាក់​មកហើយ​នោះ​។ 
 
​សូមបញ្ជាក់​ផងដែរ​ថា បញ្ហា​ជនភៀសខ្លួន បានក្លាយ​វិបត្តិ​ធ្ងន់ធ្ងរ​ខ្លាំង​មួយ​របស់​ពិភពលោក​ចាប់ពី​ឆ្នាំ​២០១៤​។ ហើយ​ក្នុងនោះ អូស្ត្រាលី ក៏បាន​ក្លាយជា​ប្រទេសមួយ​ដែលមាន​ចំនួន​ការ​សម្រុក​ចូលទៅ​រស់ នៅ​នៃ​ជនភៀសខ្លួន​តាមរយៈ​ទូក​ច្រើន​ផងដែរ​។ តែ​ក្រោម​គោលនយោបាយ​តឹងរឹង​ចុងក្រោយ រាល់​ជនភៀសខ្លួន​ទាំងឡាយណា​ដែល​ធ្វើដំណើរ​ទៅកាន់​អូស្ត្រាលី នឹងត្រូវ​ចាប់​បញ្ជូនទៅ​ប្រទេស​កោះ​ណូ​រូ ឬ កោះ​ប៉ា​ពូ អាស៊ី​នូ​វែ​ល​ហ្គី​ណេ ដែល​ប្រៀបប្រដូច​ទៅនឹង​មន្ទីរឃុំឃាំង​៕ 
 

Tag:
 អូស្ត្រាលី
  ជនភៀសខ្លួន​
© រក្សាសិទ្ធិដោយ thmeythmey.com