អន្តរជាតិ
បុរស​វ័យ​៦៨​ឆ្នាំ​ បើក​ត្រាក់ទ័រ​សម្រាប់​ដំណើរ​ទេសចរណ៍​ ជាង​៦០០​គីឡូម៉ែត្រ​
21, Feb 2016 , 8:40 pm        
រូបភាព
ដោយ: ធីតា
បារាំង​៖ នៅ​ថ្ងៃទី​៣០ ខែមេសា ខាងមុខ លោក Jean-Michel Lebel​ដែលមាន​ស្រុកកំណើត​នៅ​តំបន់ Cambrai​បាន​ប្រទេស​បារាំង នឹង​ចាប់ផ្តើម​ធ្វើដំណើរ​ទេសច​រណ៍​តែ​ម្នាក់​ជាមួយនឹង​ត្រាក់ទ័រ លើ​ចម្ងាយ​ផ្លូវ​ប្រមាណ​៦០០​គីឡូម៉ែត្រ​។​


​កាសែត​បារាំង La Voix du Nord បាន​ផ្សាយ​ឲ្យ​ដឹងថា លោក Jean-Michel Lebel​អាយុ​៦៨​ឆ្នាំ​ទើបតែ​ចូល​និវត្ត​ពី​ការងារ​ជា​គ្រូបង្រៀន​។ នា​រយៈពេល​១​ឆ្នាំ​ចុង​ក្រោយនេះ លោក​បាន​ខិតខំ​ត្រៀមខ្លួន​យ៉ាង​ម៉ត់ចត់​ដើម្បី​រៀបចំ​ដំណើរ​ទេសចរណ៍​ជាមួយ​ត្រាក់ទ័រ​របស់ខ្លួន​។​
 
​លោក Jean-Michel Lebel​ដែល​រៀបចំ​តុបតែង​ត្រាក់ទ័រ ជាមួយនឹង​ការ​រចនា​បន្ទប់​យ៉ាង​ត្រឹមត្រូវ​នោះ បាន​អះអាង ការរៀបចំ​ដំណើរ​កម្សាន្ត​ក្នុង​តំបន់​នេះ គឺ​ដើម្បី​តែ​ភាពសប្បាយ​រីករាយ​ប៉ុណ្ណោះ មិនមាន​អ្វី​ធំដុំ​នោះឡើយ​។​
 
​លោក​Jean-Michel គឺជា​មនុស្ស​ម្នាក់​ដែល​ងុបងុល​នឹង​គ្រឿង​ម៉ាស៊ីន ឬ​មេកា​និក​។ លោក​បាន​បញ្ជាក់ថា​៖ «​ឪពុក​របស់ខ្ញុំ​គឺជា​អ្នកស៊ីឈ្នួល​បើកបរ​រថ​យន្ត ដូច្នេះ​ជំនាញ​បើកបរ​ពិតជា​មាន​ឥទ្ធិពល​ក្នុង​ជីវិត​របស់ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្រឡាញ់​ការធ្វើដំណើរ​ផ្សងព្រេង​ផងដែរ​»​។​
 
​លោក​បានរៀបចំ​បន្ទប់​យ៉ាង​ស្អាតបាត​នៅ​ពី​ផ្នែក​ខាងក្រោយ​នៃ​ត្រាក់ទ័រ សម្រាប់​គេង​ពេលយប់ ឬ​ពេល​នឿយហត់​។ ចាប់ផ្តើម​ចេញពី​តំបន់ Cambrai​ឆ្ពោះទៅ Cuvillers​ដោយ​ក្នុង​ចម្ងាយ​ផ្លូវ​ប្រមាណ​៦០០​គីឡូម៉ែត្រ លោក Jean Michel ត្រូវ​ឆ្លងកាត់​តំបន់​ធំៗ​ចំនួន​៤​និង​ប្រមាណ​១៥០​ភូមិ ។​
 
​លោក​បានសម្រេច​កំណត់​ចម្ងាយ​ពី​៤០ ទៅ​៨០​គីឡូម៉ែត្រ​សម្រាប់​ដំណើរ​ក្នុង​មួយថ្ងៃ និង​ល្បឿន​១០ ទៅ​១២​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ លោក​បាន​អះអាង​បន្ថែមថា​៖ «​នេះ​គ្រាន់តែ​ជាការ​ធ្វើ​តេ​ស្តិ៍​សមត្ថភាព​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​»​។​
 
​ដំណើរ​ទេសចរណ៍​រប​ស់លោក ក៏​ជា​បេសកកម្ម​ផ្ទាល់ខ្លួន​ដើម្បី​ទៅសួរសុខទុក្ខ​មិត្តភក្តិ​ដែលមាន​គំនិត​ប្រហាក់ប្រហែលគ្នា  គ្រួសារ សាច់ញាតិ​ផងដែរ ហើយ​អ្វីដែល​ពិសេស​នោះ​លោក​នឹង​ទៅលេង​ឪពុកម្តាយ​នៅ​ស្រុកកំណើត Lisbourg ដែល​បច្ចុប្បន្ន​ពួកគាត់​មាន​អាយុ​៩០​ឆ្នាំ​ជាង​ទៅហើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com