អន្តរជាតិ
បែលហ្ស៊ិក​៖ រថភ្លើង​បោះពួយ​ទៅមុខ​រហូតដល់​១២​គីឡូម៉ែត្រ​ដោយ​គ្មាន​អ្នកបើក​
21, Feb 2016 , 10:20 pm        
រូបភាព
ដោយ: ធីតា
​ខណៈដែល​អ្នកបើកបរ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​បច្ចេកទេស រថភ្លើង​បានធ្វើ​ដំណើរ​ទៅមុខ ដោយ​គ្មាន​អ្នកបើក​រហូតដល់​ទៅ​ចម្ងាយ​១២​គីឡូម៉ែត្រ​។ ករណីនេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ កន្លងមក​នៅក្នុង​ប្រទេស​បែលហ្ស៊ិក​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន rtl.be របស់​បែលហ្ស៊ិក​។​

 
​រថភ្លើង​គ្មាន​មនុស្ស​បើក និង​គ្មាន​អ្នកដំណើរ បាន​បោះ​ដំណើរ​ទៅមុខ​ក្នុង​ចម្ងាយ​១២​គីឡូម៉ែត្រ​រវាង​ស្ថានីយ Landen​ទៅកាន់ Tirlemont​។ លោក Bart Crols​អ្នកនាំពាក្យ​អាជ្ញាធរ​ផ្លូវដែក​ជាតិ​បែលហ្ស៊ិក (SNCB) បានបញ្ជាក់​ឲ្យ​ដឹងថា​៖ «​រថភ្លើង​បានធ្វើ​ដំណើរ​ទៅមុខ​ដោយ​យឺតៗ ហើយ​មនុស្ស​នៅតាម​បណ្តោយ​ផ្លូវ​រថភ្លើង Tiremont​ត្រូវបាន​ជម្លៀស ដូច្នេះ​មិនមាន​អ្នកណាម្នាក់​រងគ្រោះថ្នាក់​នោះឡើយ​»​។​
 
​ដំបូង​ឡើយ​រថភ្លើង​បានចេញ​ដំណើរ​ពី​តំបន់ Louvain​ហើយ​អ្នកបើកបរ​មើលឃើញថា​រថភ្លើង​មាន​បញ្ហា​បន្ទាប់​គាត់​ចុះ​ពិនិត្យមើល​។ នៅពេលដែល​អ្នកបើកប​រ​កំពុងធ្វើការ​ពិនិត្យ​ស្រាប់តែ​រថភ្លើង​ចេញដំណើរ​ទៅមុខ​យឺតៗ​ចោល​ខ្លួន​។​
 
​នៅពេល​ហេតុការណ៍​នេះ​បាន​កើតឡើង អ្នកបើក​រថភ្លើង​បាន​រាយការណ៍​ទៅ​សហការី​របស់ខ្លួន​ឲ្យ​ធ្វើការ​ប្រុងប្រយ័ត្ន​និង​ជូនដំណឹង​ដល់​អ្នក​នៅតាម​បណ្តោយ​ផ្លូវ​។ គ្រប់​ភ្លើង​សញ្ញា​នៅលើ​រថយន្ត​ចេញ​ពណ៌​បៃតង​ទាំងអស់​។​
 
​អាជ្ញាធរ​ផ្លូវដែក SNCB បាន​គូសបញ្ជាក់ថា នេះ​ជា​ករណី​ដំបូង​បំផុត ខណៈ​ការស៊ើបអង្កេត​ស៊ីជម្រៅ​មួយ​កំពុងតែ​ដំណើរការ​។ រថភ្លើង ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​ដើម្បី​ស្វែងរក​មូលហេតុ​ពិតប្រាកដ​នៃ​ការចេញដំណើរ​ទៅមុខ​ដោយ​ស្វ័យប្រវត្តិ​របស់ «​រថភ្លើង​ខ្មោច​» មួយ​នេះ​។​
 
​មិនទាន់មាន​ការសន្និដ្ឋាន​ណាមួយ​ថា ជា​បញ្ហា​បច្ចេកទេស ឬក៏​បញ្ហា​ដែល​បង្កើត​ឡើយ​ដោយ​មនុស្ស​នោះឡើយ​។ អ្នកបើកបរ​គ្រាន់តែ​បញ្ជាក់ថា ខ្លួន​បានលឺ​សំឡេង​មិន​ស្រួល ទើប​សម្រេច​ចុះ​ត្រួតពិនិត្យ ប៉ុន្តែ​វា​បែរជា​បោះ​ដំណើរ​ទៅមុខ​ចោល​ខ្លួន​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com