អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក​អូ​បា​ម៉ា​៖ ចិន​កំពុង​អនុវត្ត​គោលការណ៍​ចាស់ «អ្នកមានអំណាច ធ្វើ​អ្វី​ក៏ត្រូវ​» ក្នុង​សមុទ្រ​ចិន​ខាងត្បូង​
21, Feb 2016 , 5:00 pm        
រូបភាព
ដោយ:
​សមុទ្រ​ចិន​ខាងត្បូង បាន​និង​ក្លាយជា​ប្រធានបទ និង​បញ្ហា​មួយ​ដ៏​ក្តៅគគុក​។ តែ​ពេលនេះ វា​មិនមែនជា ការ​ប្រឈម​រវាង​រដ្ឋ​ពាក់ព័ន្ធ នឹង​រដ្ឋ​ពាក់ព័ន្ធ​នោះទេ តែ​វា​ជាការ​ប្រឈម​រវាង​រដ្ឋ​ពាក់ព័ន្ធ នឹង​រដ្ឋ​ខាងក្រៅ ពោលគឺ​រវាង​ចិន និង​អាមេរិក​។ អាមេរិក​ដែល​មិនមែនជា​រដ្ឋ​ជម្លោះ​សោះ បាន​សន្យា​នឹង​ជួយ​ជ្រោមជ្រែង រដ្ឋ​អាស៊ាន ដើម្បី​ធានាថា នឹងមិន​មែន​ទេ​ការធ្វើ​យោ​ធូប​នីយកម្ម​ក្នុង​តំបន់​ជម្លោះ​។​


 
​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​អះអាងថា​អាមេរិក នឹង​បន្តសកម្មភាព​ផ្សេងៗ​ដើម្បី​ជាការ​សាកល្បង​ថា​តើ​ចិន ពិតជា​បាន​ធ្វើតាម​ការសន្យា​រប​ស់​ខ្លួន​ក្នុង​ការមិន​ប្រែក្លាយជា​សមុទ្រ​ចិន​ខាងត្បូង​ទៅជា​តំបន់​យោ​ធូប​នីយកម្ម​។ នេះ​បើ​យោងតាម​កិច្ចសម្ភាសន៍​របស់​ទូរ​ទស្សន៍​សិង្ហ​បុរី Channel News Asia ដែល​ធ្វើឡើង​ក្រៅ​កិច្ចប្រជុំ​កំពូល​ពិសេស​មេដឹកនាំ​អាមេរិក​-​អាស៊ាន​ជាមួយ​លោក​អូ​បា​ម៉ា កាលពីពេល​ថ្មីៗ​នេះ​។​
 
​ឆ្លើយតប​នឹង​សំណួរ​ក្នុង​កិច្ចសម្ភាសន៍​ដដែល​ថា​តើ​អាមេរិក នឹងធ្វើ​សង្គ្រាម​ជាមួយនឹង​ចិន​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង លោក អូ​បា​ម៉ា មិន​បញ្ជាក់​ច្បាស់​នោះទេ​។ ក៏បាន​ប៉ុន្តែ លោក ថា​ក្នុង​រដ្ឋបាល​របស់លោក អាមេរិក បាន​ធានា​នូវ​ទំនាក់ទំនង​មួយ​ដ៏​ល្អ​ជាមួយនឹង​រដ្ឋាភិបាល​ចិន ហើយ​លោក​ជឿជាក់​ចំពោះ​ការ​ងើបឡើង​នៃ​អំណាច​សន្តិភាព​នៃ​ចិន​។​
 
​យ៉ាងណាក៏ដោយ លោក​អូ​បា​ម៉ា បាន​សង្កត់ធ្ងន់ថា ការច្រានចោល​នូវ​ការដោះស្រាយ​ជម្លោះ​តាមរយៈ​ច្បាប់​អន្តរជាតិ និង​បទដ្ឋាន​អន្តរជាតិ​របស់​ចិន គឺជា​ការអនុវត្ត​គោលការណ៍​ចាស់​ដែលថា​« អ្នកមានអំណាច ធ្វើ​អ្វី​ក៏ត្រូវ​»​។ 
 
​សូមបញ្ជាក់​ផងដែរ​ថា ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​ដែន​អធិបតេយ្យ​ដែល​រដ្ឋ​ទាមទារ​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង​ចិន  ។ ហេតុផល​ចម្បង​មួយ​នៃ​ហេតុផល​ជាច្រើន ដែល​ធ្វើ​ឲ្យ​ជម្លោះ​នេះ ពិបាក​នឹង​រក​ដំណោះស្រាយ​នោះ​គឺ​ការប្រើប្រាស់​អំ​ណេះ​អំ​ណា​ង​ដើម្បី​ទាមទារ ។ រដ្ឋ​អាស៊ាន​ទាមទារ​ឲ្យ​យក​ច្បាប់​អន្តរជាតិ​(​អនុសញ្ញា​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២) ខណៈ ចិន លើកយក​កត្តា​ប្រវត្តិសាស្ត្រ​តាំងពី​យូរយារ​ណាស់​មកហើយ មក​ដោះស្រាយ​។​
 
​រយៈពេល​ចុងក្រោយ​នេះ ចិន​បាន​សាងសង់​កោះ​សិប្បនិម្មិត និង​បន្តសកម្មភាព​វាតទី​ក្នុង​តំបន់​ជម្លោះ​ជា​ឯកតោភាគី​។ អាមេរិក​ដែលជា​រដ្ឋ​ខាងក្រៅ​សោះ បាន​ចេញមុខ​រិះគន់​ចិន​យ៉ាងខ្លាំងៗ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អាមេរិក បាន​ប្រតិបត្តិការ​ទាំង​យន្តហោះ​ទម្លាក់​គ្រាប់ និង​នាវាចម្បាំង​មកកាន់​តំបន់ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ក្រោម​ហេតុផល​នៃ​ការអនុវត្ត​សិទ្ធិសេរីភាព​នៃ​ការហោះហើរ និង​នាវាចរណ៍​ក្នុង​ដែនសមុទ្រ ខណៈ ចិន ចាត់ទុកថា​ជាការ​លូកដៃ​ផ្ទៃ​ក្នុងនៃ​ជម្លោះ​៕ 
 

Tag:
 អូ​បា​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com