ជាតិ
អ្នកជំនាញ ព្រមាន​ពី​ល្បឿន​ខ្យល់ និង​កម្ពស់​រលក​នៅ​ខេត្ត​ជាប់​សមុទ្រ​
26, Feb 2016 , 3:14 pm        
រូបភាព
​ក្រសួង​ធនធានទឹក និង​ឧតុនិយម តាមរយៈ​នាយកដ្ឋាន​ឧតុនិយម បាន​ជូនដំណឹង​ឲ្យ​ប្រជាពលរដ្ឋ​នៅ​បណ្តា​ខេត្ត​ជាប់​សមុទ្រ ជាពិសេស​ប្រជា​នេសាទ ឲ្យ​មានការ​ប្រុងប្រយ័ត្ន ចំពោះ ខ្យល់​បោកបក់​ដែលមាន​ល្បឿន​លឿន និង​កម្ពស់​រលក​សមុទ្រ​។



​លោក អ៊ុំ រី​ណា ប្រធាន​នាយកដ្ឋាន​ឧតុនិយម បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​២៦​ខែកុម្ភៈ​នេះ​ថា  ចាប់ពី​ថ្ងៃទី​២៦​ដល់​ថ្ងៃទី ២៩​ខែកុម្ភៈ ឆ្នាំ​២០១៦ បណ្តា​ខេត្ត​ទាំង​៤ នៅជាប់​សមុទ្រ​នឹងមាន​ខ្យល់​បោកបក់​ខ្លាំង ដែល​បង្ក​ឲ្យ​រលក​សមុទ្រ​មាន​កម្ពស់​ខ្ពស់ជាង​ធម្មតា​ដូចគ្នា​។  ខ្យល់​បក់​ខ្លាំង និង​កម្ពស់​រលក​សមុទ្រ​ខ្ពស់ ដែល​បណ្តាលមកពី​ការផ្លាស់ប្តូរ​បាតុភូត​នៅលើ​ផ្ទៃសមុទ្រ​ឥណ្ឌា​។

«​ទាំង​តំបន់​កៀក​នឹង​ឆ្នេរសមុទ្រ និង​តំបន់​នៅ​កណ្តាល​សមុទ្រ​រលក​មាន​កម្ពស់​ពី​២​ទៅ​៣​ម៉ែត្រ​ដូចគ្នា ប៉ុន្តែ​ល្បឿន​ខ្យល់​នៅ​កៀក​នឹង​ឆ្នេរសមុទ្រ គឺមាន​ពី​៧​ម៉ែត្រ ទៅ​១០​ម៉ែត្រ​ក្នុង​មួយ​វិនាទី  ចំណែក​ល្បឿន​ខ្យល់​លឿន​ជាង​តំបន់​ក្បែរៗ​ឆ្នេរ គឺ​១០​ម៉ែត្រ ទៅ​១៥​ម៉ែត្រ​ក្នុង​មួយ​វិនាទី​»​។ នេះ​ជាការ​បញ្ជាក់​របស់ ប្រធាន​នាយកដ្ឋាន​ឧតុនិយម​ដដែល​។

​អ្នកជំនាញ​រូបនេះ ក៏បាន​អំពាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន និង​ត្រូវ​គិតគូរ​ឲ្យ​ច្បាស់ មុននឹង​សម្រេចចិត្តថា ត្រូវ​ចេញទៅ​នេសាទ ឬ​ដឹក​ភ្ញៀវទេសចរ​ទៅកាន់​តំបន់​កោះ​ដូច​ធម្មតា​ឬ​អត់ ចៀសវាង​កើតមាន​គ្រោះថ្នាក់​ជាយ​ថា​ណាមួយ​។ ជាមួយនឹង​ការ​អំពាវ​នេះ លោក​ក៏បាន​សម្គាល់​ដែរ​ថា ស្ថានភាព​អាកាសធាតុ​នៅ​កម្ពុជា​ក្នុងឆ្នាំនេះ មានការ​ប្រែប្រួល​យ៉ាង​ឆាប់ៗ​រហ័ស ខុសប្លែក​ពី​ឆ្នាំមុនៗ​។ លោក​ថា​៖«​វា​ប្រែប្រួល​ភ្លាមៗ​តែម្តង ពេល​ត្រជាក់ គឺ​ត្រជាក់​ភ្លាមៗ ពេល​ត្រូវ​ក្តៅ វា​ក្តៅ​ភ្លាមៗ​តែម្តង ពេលខ្លះ​រកតែ​យើង​ជូនដំណឹង​មិនទាន់​ផង ដូច្នេះ​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​»​។

​តែ​យ៉ាងណាក៏ដោយ ស្ថានភាព​ខ្យល់​បក់​នេះ មាន​ឥទ្ធិពល​ខ្លាំង​តែ​នៅ​តំបន់​មាត់សមុទ្រ​ប៉ុណ្ណោះ ប៉ុន្តែ​ស្ថានភាព​សីតុណ្ហភាព​មិនមាន​ការ​ប្រែប្រួល​ឡើយ​។ ផ្អែក​តាម​ការព្យាករណ៍​សីតុណ្ហភាព​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​អប្បរ​មា​ពី​២១-២៣ អង្សា​សេ និង​អតិបរមា​ពី​៣១-៣៣​អង្សា​សេ​។ ចំណែក​តំបន់​ខ្ពង់រាប សីតុណ្ហភាព​អ​ប្បរមា​ពី​១៩-២១​អង្សា​សេ និង​អតិបរមា​ពី​៣១-៣៣​អង្សា​សេ ខណៈ​តំបន់​មាត់សមុទ្រ សីតុណ្ហភាព​អ​ប្បរមា​ពី​២២-២៤ អង្សា​សេ និង​អតិបរមា​ពី​៣២-៣៤​អង្សា​សេ​៕


Tag:
 ​អ៊ុំ រី​ណា​
  ​អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com