ថ្ងៃទី២៧ កុម្ភៈ ម្សិលមិញនេះ រដ្ឋសមាជិកអាស៊ាន បានលើកឡើងពីកង្វល់របស់ខ្លួនជុំវិញការកើនឡើងនៃភាពតានតឹងនៅសមុទ្រចិនខាងត្បូង។ តំណាងប្រទេសសមាជិកលើកឡើងពីក្តីបារម្ភខ្លួនក្នុងវេទិកាប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសនៅក្នុងប្រទេសឡាវ ខណៈប្រទេសនេះធ្វើជាប្រធានអាស៊ានឆ្នាំនេះ។ ឡាវព្យាយាមសម្រាលស្ថានការណ៍ក្នុងកិច្ចប្រជុំព្រោះស្ថានការណ៍មិនស្រួល ស្របពេលដែលវៀតណាមរំអុកទារឲ្យចិនបញ្ចប់សកម្មភាពយោធានៅសមុទ្រចិនខាងត្បូង។
បញ្ហាសមុទ្រចិនខាងត្បូងកំពុងធ្វើឲ្យបណ្តារដ្ឋសមាជិកអាស៊ានទាំងជាភាគី និងមិនមែនជាភាគីជម្លោះព្រួយបារម្ភខ្លាំង។ ភាពតានតឹងកើនឡើងកាន់តែខ្លាំងនៅពេលដែលចិនបង្កើនសកម្មភាពកសាងកម្លាំងយោធានៅតំបន់ជម្លោះប៉ារ៉ាសែល ដោយពង្រាយមីស៊ីល និងយន្តហោះចម្បាំងផង។ ឡាវដែលជាប្រធានអាស៊ានផងនោះ កំពុងឈឺក្បាលព្រោះនិន្នាការរបស់សមាជិក ហើយឡាវខ្លួនឯងក៏មានទំនោររកចិនស្រាប់ដែរ។
តាមពិតទៅ កង្វល់របស់រដ្ឋអាស៊ានត្រូវបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍រួមគ្នាក្រោយកិច្ចប្រជុំចង្អៀតកម្រិតរដ្ឋមន្ត្រីការបរទេស ដែលរៀបចំឡើងនៅក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ យោងតាមសេចក្តីថ្លែងការណ៍រួម រដ្ឋមន្ត្រីអាស៊ានទាំង ១០ នៅតែព្រួយបារម្ភខ្លាំងចំពោះការវិវត្តនៃស្ថានភាពជម្លោះសមុទ្រចិនខាងត្បូងកាលពីថ្មីៗនេះ។
ក្នុងសេចក្តីថ្លែងការណ៍ដដែលសង្កត់ធ្ងន់ថា៖«សកម្មភាពវាតទីនៅសមុទ្រចិនខាងត្បូងបន្តកើនឡើងធ្វើឲ្យភាពតានតឹងកើតមានកាន់តែខ្លាំងនិងធ្វើឲ្យប៉ះពាល់ដល់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ថែមទៀត»។ ក្រៅពីព្រួយបារម្ភពីភាពតានតឹងបង្កឡើងដោយសកម្មភាពឯកតោភាគីរបស់ចិនក៏ បញ្ហាប្រឈមមួយទៀតគឺ បណ្តាប្រទេសសមាជិកកំពុងត្រដាបត្រដួសធ្វើយ៉ាងណាជំរុញការដោះស្រាយបញ្ហានេះជាមួយចិននិងទប់ស្កាត់កុំឲ្យប៉ះពាល់ប្រយោជន៍សេដ្ឋកិច្ច។
ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន Reuters ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង បានបញ្ជាក់ថា អាស៊ានបានឯកភាពគ្នាថានឹងស្វះស្វែងរកកិច្ចពិភាក្សាពីបញ្ហាសមុទ្រចិនខាងត្បូងនិងបញ្ហាផ្សេងទៀតរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាននិងចិននៅពេលខាងមុខ។
ចំណែក ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh ឯណោះវិញ បានបញ្ជាក់ច្បាស់ថាវៀតណាមបារម្ភខ្លាំងណាស់ចំពោះបញ្ហាសមុទ្រចិន។ ហើយប្រមុខការទូតវៀតណាមរូបនេះបានស្នើឲ្យមានការបញ្ចប់ការវាតទីនិងសកម្មភាពកសាងកម្លាំងយោធានៅសមុទ្រចិនផងដែរ។ ជានិច្ចជាកាលវៀតណាមតែចោទប្រកាន់ចិនថាបានរំលោភអធិបតេយ្យខ្លូន ហើយវៀតណាមនេះកាន់តែខឹងសម្បារក្រោយចិនពង្រាយអាវុធទៅប្រជុំកោះប៉ារ៉ាសែល។
ត្រលប់មក ឡាវដែលជាប្រធានអាស៊ានឯណោះវិញ ដោយឃើញស្ថានភាពមិនស្រួលក៏ព្យាយាមសម្រាលស្ថានការណ៍ព្រោះអ្នកណាក៏ដឹងថា ឡាវជាមិត្តជិតស្និទ្ធទាំងវៀតណាមនិងចិនដែរ។ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសឡាវលោក Thongloun Sisoulith បានលើកឡើងថា៖«យើងជាមិត្តជិតស្និទ្ធរបស់វៀតណាម និងចិន។ យើងព្យាយាមដោះស្រាយបញ្ហានេះក្នុងភាពជាមិត្ត។ យើងនៅកណ្តាល ប៉ុន្តែវាមិនមែនជាបញ្ហាទេ»។
កាលពីថ្ងៃសុក្រទី ២៦ កុម្ភៈកន្លងមក អាមេរិកក៏បានទទូចសុំឲ្យប្រធានាធិបតីចិនលោក ស៊ី ជិនពីង ទប់ស្កាត់ការកសាងកម្លាំងយោធានៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូង។ អាមេរិកមិនមែនជាភាគីជម្លោះទេ តែមហាអំណាចមួយនេះលើកយកហេតុផលសេរីភាពនាវាចរណ៍ សេរីភាពហោះហើរ និងការអនុវត្តច្បាប់អន្តរជាតិជាលេសដើម្បីរិះគន់ចិន និងលូកដៃមកជួយជាខ្នងបង្អែករដ្ឋជម្លោះមានវៀតណាមនិងហ្វីលីពីនផង៕