ជាតិ
ជប៉ុន​ផ្តល់​ថវិកា​ជាង​៣​សែន​ដុល្លារ​ដល់ NGO ដើម្បី​ពង្រឹង​ទីផ្សារ​ផលិតផល​សរីរាង្គ​នៅ​កម្ពុជា​
04, Mar 2016 , 9:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន តាមរយៈ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា បានផ្ដល់​ថវិកា​ចំនួន ៣៣៨,៩៦៣ដុល្លារ​អាមេរិក ដល់​ក្រុម​អ្នកស្ម័គ្រចិត្ត​អន្តរជាតិ​របស់​អង្គការ​យ៉ាម៉ា​ហ្គា​តា (International Volunteers of Yamagata) សម្រាប់​អនុវត្ត​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ តាមរយៈ​ការពង្រឹង​ទីផ្សារ​នៃ​ផលិតផល​សរីរាង្គ​រប​ស់​សហគមន៍​កសិកម្ម ដំណាក់កាល​ទី​១ ក្នុង​ខេត្ត​ចំនួន​០២ រួមមាន ខេត្តព្រះវិហារ និង​ស្វាយរៀង​។​



​ថវិកា​នេះ ជា​ជំនួស​ឧបត្ថម្ភ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន សម្រាប់​គម្រោង​របស់​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន​។ លោក គូ​ម៉ា​ម៉ា​រ៉ូ យូ​ជិ (KUMAMARU Yuri) ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​ថ្លែង​ក្នុង​ពិធី ចុះហត្ថលេខា​ផ្តល់​ជំនួយឥតសំណង​នេះ​ថា រដ្ឋាភិបាល​កម្ពុជា​បានចេញ​វិធានការ​ផ្លូវច្បាប់ សម្រាប់​ពង្រឹង​ទីផ្សារ​កសិកម្មសរីរាង្គ​កម្ពុជា នៅ​ឆ្នាំ ២០១១ និង​២០១៣ ប៉ុន្តែ​លោក​លឺថា ទីផ្សារ​កសិកម្មសរីរាង្គ​នូវ​មិនទាន់​ល្អប្រសើរ​នៅឡើយ​។​

​ពិធី MOU នេះ​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​៤ មីនា​នេះ នៅ​ស្ថានទូត​ជប៉ុន​។ លោក​ឯកអគ្គរដ្ឋទូត​បន្តថា ជំនួស​ឥត​សំណង​ដែល​ត្រូវបាន​ផ្តល់​ដល់​អង្គការ IVY ពេលនេះ ជា​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ តាមរយៈ​ការពង្រឹង​ទីផ្សារ​នៃ​ផលិតផល​សរីរាង្គ​រប​ស់​សហគមន៍​កសិកម្ម ដំណាក់កាល​ទី​១ ក្នុង​ខេត្ត​ចំនួន ២ រួមមាន ខេត្តព្រះវិហារ និង​ស្វាយរៀង​។ ហើយ​ថា អង្គការ IVY នឹង​សកម្មភាព​របស់ខ្លួន នៅក្នុង​ខេត្តព្រះវិហារ ជាមួយនឹង​ចំណេះដឹង និង​បទពិសោធន៍​កន្លងមក ដែល​បាន​អនុវត្ត​ក្នុង​ខេត្តស្វាយរៀង​។​


​លោក​ថ្លែង​តាមរយៈ​អ្នកបកប្រែ​ថា​៖«​នៅក្នុង​ខេត្តព្រះវិហារ​ជា​ទម្លាប់ កសិករ​ដាំ​ដុះ​ស្រូវ​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ​សរីរាង្គ ហើយ​បច្ចុប្បន្ន កសិករ​បាន​រួបរួមគ្នា​បង្កើតជា​សហគម​ន៍​ផ្គត់ផ្គង់​ស្រូវ​សរីរាង្គ​ចំនួន ៨ ហើយ គម្រោង​នេះ​នឹង​បង្កើត​សហគមន៍​កសិកម្មសរីរាង្គ​ចំនួន ៤​បន្ថែមទៀត ហើយ​អង្គការ​នឹង​ជួយ បង្រៀន​ពី​បច្ចេកទេស​គ្រប់គ្រង​ទៅដល់​សហគមន៍​កសិក​រទាំង ១២​សហគមន៍ ហើយនឹង ជំរុញ​ឲ្យ​មាន​ទីផ្សារ​រួមគ្នា​មួយ សម្រាប់​ដាក់លក់​ត្រូវ​សរីរាង្គ ដើម្បី​ជួយ​លើកស្ទួយ​ជីវភាព​កសិករ ឲ្យ​កាន់តែ​ប្រសើរឡើង នៅ​ខេត្តព្រះវិហារ​»​។​


​លោក​ឯកអគ្គរដ្ឋទូត​ជប៉ុន​សង្ឃឹមថា ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន តាមរយៈ​គម្រោង​នឹងចូលរួម​លើកស្ទួយ សង្គមកិច្ច និង​សេដ្ឋកិច្ច​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​ជីវភាព របស់​ប្រជាជន​កម្ពុជា នៅតាម​មូលដ្ឋាន​ថែមទៀត​។​

​ជាមួយគ្នា​ដែរ លោកស្រី អា​យូ​មិ ម៉ាត់​ស៊ូ​អ៊ូ​រ៉ា នាយិកា​អង្គការ IVY បាន​ថ្លែង​ពី​គម្រោង​នេះ​ថា អង្គការ IVY នឹង​ជំរុញ​កសិករ​ជាច្រើន​នាក់ ឲ្យ​ចេះ​ពង្រឹង និង​ពង្រីក​ទីផ្សារ​ស្រូវ​សរីរាង្គ នៅក្នុង​ខេត្ត ព្រះវិហារ ដើម្បី​កសិករ​ទាំងនោះ ចេះ​ធ្វើ​កសិកម្ម​ជួយ​ខ្លួនឯង ដោយ​ពុំ​ពឹងផ្អែក លើ​ការធ្វើ​ចំណាកស្រុក​។​

​លើសពីនេះ លោកស្រី​ថា អង្គការ​នឹង​សាងសង់​មជ្ឈមណ្ឌល​វេច​ខ្ចប់ សម្រាប់​ដឹកជញ្ជូន ដល់​សហគមន៍​ផ្គត់ផ្គង់​កសិផល​ស្វាយរៀង ហៅ​កាត់​ថា សាក់ ដែល​អង្គការ​អាយ វី វ៉ា​យ បាន​សម្របសម្រួល​បង្កើត​ក្នុងការ​បង្កើតឡើង​នៅ​ឆ្នាំ​២០១១ ក្នុង​ខេត្តស្វាយរៀង​។ ហើយ​ថា សហគមន៍​ផ្គត់ផ្គង់​កសិផល​ស្វាយរៀង នឹងមាន​ភាពម្ចាស់ការ និង​ឯករាជ្យ​ពេញលេញ នៅពេល​មជ្ឈមណ្ឌល​វេច​ខ្ជ​ប់​សម្រាប់​ដឹកជញ្ជូន ត្រូវបាន​ប្តូរ​ទៅកាន់ មជ្ឈមណ្ឌល​វេច​ខ្ជ​ប់​សម្រាប់​ដឹកជញ្ជូន​ថ្មី​។​


​លោកស្រី​បន្តថា អង្គការ IVY បាន​អនុវត្ត​ដំណើរការ​សកម្មភាព​ខ្លួន នៅតាម​តំបន់​ជនបទ ក្នុងប្រទេស​កម្ពុជា អស់​រយៈពេល ១៧​ឆ្នាំ​មកហើយ សេដ្ឋកិច្ចកម្ពុជា បាន និង​កំពុង​រីកចំរើន ដែល​អត្រា​នៃ​ភាពក្រីក្រ​ត្រូវបាន​កាត់បន្ថយ​។ តែ​យ៉ាងណា លោកស្រី​និយាយ​ដូច្នេះ​ថា​៖« ប្រជាជន​ដែល​ស្ទើរតែ​ចាត់ទុកជា​អ្នកក្រីក្រ ដែល​រស់នៅ​នៅក្រោម​ប្រាក់ចំណូល ២,៣ ដុល្លារ អាមេរិក ក្នុង​មួយថ្ងៃ និង​រស់នៅ​ក្បែរ​បន្ទាត់ នៃ​ភាពក្រីក្រ​បាន​កើនឡើង​ស្ទើ​តែ​ទ្វេ​រដង​។ ក្នុងចំណោម​ប្រជាជន​សរុប ១៥​លាន​នាក់​ក្នុងប្រទេស​កម្ពុជា មាន​ប្រជាជន​ប្រមាណ ១១​លាន នាក់ រស់នៅក្នុង ឬ​ក្បែរ​នឹង​ភាពក្រីក្រ​ភាគច្រើន ប្រជាជន​ដែល​រស់​នៅតាម​តំបន់​ជនបទ​»​។​

​លោកស្រី​បន្តថា IVY បាន និង​កំពុង​ព្យាយាម​ផ្តល់​អំណាច​ដល់​កសិករ​ដោយ​ឲ្យ​ពួកគេ​ទទួលបាន​ព័ត៌មាន ផ្តល់ឱកាស​សិក្សា​រៀនសូត្រ និង​រៀបចំ​ក្រុម​កសិករ នៅតាម​តំបន់​ជនបទ​។​

​បើតាម​លោកស្រី អា​យូ​មិ ម៉ាត់​ស៊ូ​អ៊ូ​រ៉ា កាលពី​ឆ្នាំមុន សហគមន៍​ផ្គត់ផ្គង់​កសិផល​ស្វាយរៀង បាន​ផ្គត់ផ្គង់​បន្លែ​ជា​មធ្យម​ចំនួន ៩​តោន​ក្នុង​មួយខែ និង​លក់​មួយឆ្នាំ​បាន​ចំណូល ៦៣០០០ ដុល្លារ​អាមេរិក​។​

​លោកស្រី ម៉ៅ ស៊ីថា ប្រធាន​សហគមន៍​ផ្គត់ផ្គង់​កសិផល​ស្វាយរៀង ស្ថិតក្នុង​ភូមិ​ពៅ្ន ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង បាន​និយាយថា កសិករ​ជាច្រើន​នាក់ ក្នុង​សហគមន៍​របស់លោក​ស្រី បាន​ប្តូរ​ទម្លាប់​ពី​ការធ្វើ​កសិកម្មសរីរាង្គ​បែប​យថាផល​មក​ធ្វើ​តាមបែប​បច្ចេកទេស​ដាំំ​ដុះ និង​កសិកម្មសរីរាង្គ​ទំនើប​វិញ ក្រោយពី IVY បាន​បណ្តុះ បណ្តាល​ពី​បច្ចេកទេស​នេះ​។​

​ប៉ុន្តែ​យ៉ាងណា លោកស្រី​ថា សហគមន៍​លោកស្រី​ពុំ​អាច​ដាំ​ដុះ​ដំណាំ​គ្រប់​ប្រភេទ​តប​តាម​តម្រូវការ​ទីផ្សារ​នៅឡើយ ដោយ​លោកស្រី លើកឡើងថា សហគមន៍​លោកស្រី​អាច​ផ្គត់ផ្គង់​ផលិតផល​កសិកម្មសរីរាង្គ ឲ្យ​កាស៊ីណូ​មួយកន្លែង នៅ​ក្រុង​បាវិត ចំនួន​ជាង ១​តោន ក្នុង​មួយ​សប្តាហ៍ និង​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​។ ហើយ​ថា បន្លែ​សរីរាង្គ​ទាំងនោះ រួមមាន ត្រសក់ សណ្តែកកួរ ត្រឡាច និង​ត្រកួន​ជាដើម​។
ជាងនេះទៀត លោកស្រី​ថា សហគមន៍​លោកស្រី​មានបំណង​ដាំំ​ដុះ​ដំណាំ​ផ្សេងទៀត ដូចជា ការ៉ុត និង​ឆៃថាវ ជាដើម ប៉ុន្តែ​លោកស្រី សោកស្តាយ ដោយហេតុថា សហគមន៍​លោកស្រី​ពុំទាន់​ចេះ​ពី​បច្ចេកទេស​ដាំ​ដំណាំ​នេះ នៅឡើយ​។​

​បើតាម​លោកស្រី ម៉ៅ ស៊ីថា សមាជិក​សហគមន៍​ផ្គត់ផ្គង់​កសិផល​ស្វាយរៀង​មាន​ចំនួន ៣០០​គ្រួសារ ស្ថិតក្នុង​ភូមិ​ចំនួន ៦០ ឃុំ​ចំនួន ១៧ ស្រុក​ចំនួន ៥ ក្នុង​ខេត្តស្វាយរៀង​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ទូត​ជប៉ុន កម្មវិធី​ជំនួយឥតសំណង សម្រាប់​គម្រោង​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន  ត្រូវបាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ ២០០២​មក ម្លេះ ដើម្បី​គាំទ្រ NGO ជប៉ុន​ជួយ​អភិវឌ្ឍ និង​ស្ថាបនា​នៅ​ថ្នាក់មូលដ្ឋាន ក្នុងប្រទេស​កម្ពុជា​។ តាម​លិខិត​ចុះ​ថ្ងៃទី​៤ មីនា​នេះ តាំងពី​ឆ្នាំ ២០០២​មក រដ្ឋាភិបាល​ជប៉ុន​បានផ្ដល់​ថវិកា​ជាង ២៥​លាន​ដុល្លារ​អាមេរិក ដល់​គម្រោង​ចំនួន​៩២ ដែល​ផ្ដោត​សំខាន់ ទៅលើ​វិស័យ​អប់រំ នៅ​កម្រិត​មូលដ្ឋាន វិស័យ​សុខាភិបាល និង​សកម្មភាព​បោសសម្អាត​មីន ជាដើម​៕


Tag:
 ជំនួយឥតសំណង
  កម្ពុជា
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com