អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
Super Saturday៖ ដូ​ណា​ល់ ត្រាំ នៅ​បន្ត​ឈ្នះ​ទោះ​មានការ​ប្រឆាំង​ពី​ក្នុង​បក្ស​
06, Mar 2016 , 11:27 am        
រូបភាព
ដោយ: ថ្មីៗ
​ទោះជា​សមាជិក​បក្ស​សាធារណរដ្ឋ​បន្ត​នាំគ្នា​វាយប្រហារ​សេដ្ឋី អចលនទ្រព្យ​និង​ជា​បេក្ខជន​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ក៏ដោយ លទ្ធផល​នៃ​ការបោះឆ្នោត​ថ្ងៃ​សៅរ៍​បង្ហាញថា​លោក​នៅតែ​អាច​ទាញ​បានការ​គាំទ្រ​ច្រើន​។ លទ្ធផល​បឋម​បង្ហាញថា លោក​បាន​យកឈ្នះ​នៅ​រដ្ឋ ខេនទុ​គី (Kentucky) និង​ល្វី​ស្យា​ណា (Louisiana) ។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AP​។​


 
​ក្នុង​ថ្ងៃ​សៅរ៍​ទី ៥ មីនា ដែល​គេ​ហៅថា​ជា​ថ្ងៃ​បោះឆ្នោត Super Saturday នៅ​សហរដ្ឋអាមេរិក សេដ្ឋី​អចលនទ្រព្យ​និង​ជា​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ បាន​បន្ត​យកជ័យ​ជម្នះ​នៅ​រដ្ឋ​ចំនួន​ពីរ​រដ្ឋ ខេន​ធុ​គី (Kentucky) និង​ល្វី​ស្យា​ណា (Louisiana) ។ នេះ​ជា​ជោគជ័យ​បន្ទាប់ពី​ទ​ទូល​ជ័យជម្នះ​នៅ​រដ្ឋ​ចំនួន ៧ ក្នុងចំណោម​រដ្ឋ​១១ ក្នុងការ​បោះឆ្នោត​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ​ផង​។​
 
​អាច​ថា​វា​ជា​រឿង​មិនធម្មតា​ដែរ នៅពេល​លោក ដូ​ណា​ល់ ត្រាំ​បន្ត​ទាញ​ការគាំទ្រ​បាន​ច្រើន​ខណៈពេលដែល​ចលនា​ប្រឆាំង​លោក​ក្នុង​បក្ស​កើនឡើង​ខ្លាំង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​។ សូម្បីតែ​តែម​ដឹកនាំ​បក្ស​មាន​ទាំង​លោក Paul Ryan ប្រធានសភា និង​អតីត​បេក្ខជន​ប្រធានាធិបតី លោក Mitt Romney ក៏​ចេញមុខ​ទិតៀន​លោក ដែរ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​លោក​ឈ្នះ​ការជ្រើសតាំង​ពី​បក្ស​ពេលខាងមុខ​។​
 
​ត្រលប់​មកវិញ ដៃគូ​ប្រជែង​លោក លោក ថេត គ្រុស បាន​ដណ្តើម​ជ័យជម្នះ​នៅ​រដ្ឋ កាន់​សាស (Kansas) និង រដ្ឋ Maine ក្នុងការ​ប្រកួតប្រជែង​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះដែរ​។ ជ័យជម្នះ​នេះ បង្ហាញថា លោក នឹង​ក្លាយជា​គូ​ដ៏​ខ្លាំង​តែ​ម្នាក់​គត់​ក្នុង​បក្ស​ដែល​នឹង​បន្ត​ប្រកួតប្រជែង​ស្វិតស្វាញ​ជាមួយ​លោក​ដូ​ណា​ល់ ត្រាំ រហូតដល់​ខែ កក្កដា​។ 
 
​បើ​នៅក្នុង​បក្ស​ប្រជាធិបតេយ្យ​ឯណោះ​វិញ លទ្ធផល​បឋម បង្ហាញថា លោក ប៊េ​នី សេន​ឌឺ (Bernie Sanders) បានទទួល​ជ័យជម្នះ​នៅ​រដ្ឋ កាន់​សាស និង Nebraska  ស្រប​ពេលដែល​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បានទទួល​ជ័យជម្នះ​នៅ​រដ្ឋ ល្វីស្យាណា។ អាច​ថា​លោក សេន​ឌឺ បានទទួល​ការគាំទ្រ​ច្រើន​ជាមុន​ដើម្បី​ប្រជែង​ជាមួយ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ព្រោះ​លោកស្រីឈ្នះបានតែរដ្ឋមួយទេថ្ងៃសៅរ៍ម្សិលមិញ។ ប៉ុន្តែ​ជ័យជម្នះ​របស់លោក​ស្រី គ្លី​ន​តុ​ន នៅ​រដ្ឋ ខេន​ទុ​គី នេះ​ផ្តល់​សង្ឃឹម​រឹតតែ​ច្រើន​ដល់​លោកស្រី​ថែមទៀត ក្រោយ​ឈ្នះ​នៅ​រដ្ឋ​ចំនួន ៧ ក្នុង​ថ្ងៃ​បោះឆ្នោត Super Tuesday ដើម​សប្តាហ៍​នេះ​៕

Tag:
 ដូ​ណា​ល់ ត្រាំ
  ហ៊ីឡារីគ្លីនតុន
  ប៊េនី សេនឌឺ
  ថេតគ្រុស
© រក្សាសិទ្ធិដោយ thmeythmey.com