អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​ពង្រាយ នាវាចម្បាំង​មួយក្រុម​ចូលទៅ​សមុទ្រ​ចិន​ខាងត្បូង​
06, Mar 2016 , 2:18 pm        
រូបភាព
មន្ត្រី​យោធា​ជើង​ទឹក​ជាន់ខ្ពស់​អាមេរិក​បាន​បញ្ជាក់ថា នាវា​ដឹក​យន្តហោះ​ចម្បាំង​និង​នាវា​ពិឃាត​មួយចំនួន​ផង​នោះបាន​ចូលដល់​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ហើយ​ក្នុងពេល​ប៉ុន្មាន​ថ្ងៃនេះ​។ ការ​ចល័ត​នាវាចម្បាំង​ច្រើន​ធុន​ដូច​ត្រៀម​ធ្វើសង្គ្រាម​នេះ​កើតឡើង​ស្របពេល​ដែល​ចិន​ពង្រាយ​មី​ស៊ី​ល​និង​យន្តហោះ​ចម្បាំង​ទៅកាន់​កោះ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដែរ​។  នេះ​បើ​យោងតាម​សារព័ត៌មាន The New York Times ។


ការប្រឈមមុខ​ដាក់គ្នា និង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ហាក់បីដូចជា​បន្ត​កើន​កម្តៅ​នៅពេលដែល​ភាគី​ពាក់ព័ន្ធ និង​មិន​ពាក់ព័ន្ធ​បន្ត​ពង្រឹងកម្លាំង​យោធា​រៀងៗ​ខ្លួន​។ ចិន​បន្ត​ពង្រាយ​អាវុធ និង​កសាង​កម្លាំង​ទ័ព ខណៈ​អាមេរិក​ដែល​មិនមែនជា​ភាគី​ជម្លោះ​នោះ បាន​បន្ត​អាងច្បាប់​អន្តរជាតិ និង​ការពារ​សេរីភាព​នាវាចរណ៍​សមុទ្រ សេរីភាព​ហោះហើរ ដោយ​ពង្រាយ​នាវា​ដឹក​យន្តហោះ និង​នាវាចម្បាំង​មួយចំនួន​មកកាន់​សមុទ្រ​ចិន​ខាងត្បូង​ទៀត​។​

មន្ត្រី​យោធា​ជើង​ទឹក​និង​ជា​អ្នកនាំពាក្យ​មូលដ្ឋាន​ទ័ពជើងទឹក​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក Clay Doss  បាន​បញ្ជាក់ថា នាវា​ដឹក​យន្តហោះ​ចម្បាំង USS John C. Stennis បានមក​ដល់​តំបន់​សមុទ្រ​ចិន​ខាងត្បូង​តាំង​ពីថ្ងៃ​អង្គារ​។ ហើយ​នាវា​ដែល​មកដល់​នោះ​មាន​អមដំណើរ​ដោយ​នាវាចម្បាំង​បី​គ្រឿង​ផង​ក្នុងនោះ​មានដូចជា USS Mobile Bay នាវា​ពិឃាត USS Stockdale និង​នាវា USS Chung-Hoon​។

បើតាម​អ្នកនាំពាក្យ​ខាងលើ នាវា​ដឹក​យន្តហោះ​នេះ​តែ​តែង​ចេញ​ប្រតិបត្តិការ​ល្បាត​ជា​ទម្លាប់​នៅ​សមុទ្រ​ចិន​ខាងត្បូង ហើយ​លោក​ក៏​សង្កត់ធ្ងន់​ផងដែរ​ថា នាវាចម្បាំង​អាមេរិក​នឹង​បន្ត​មាន​វត្តមាន​នៅក្នុង​ដែនទឹក​អន្តរជាតិ​នៃ​សមុទ្រ​ចិន​ខាងត្បូង​ជាប្រចាំ​ត​ទៅមុខទៀត​។​

ក្រៅពី​ក្រុម​នាវាចម្បាំង​នេះ គេ​ឃើញ​នាវាចម្បាំង​អាមេរិក USS Antietam ដែលមាន​មូលដ្ឋាន​នៅ​ជប៉ុន​ក៏​ចេញ​ល្បាត​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដូចគ្នា ហើយ​កាលពី​សប្តាហ៍​មុន​នាវា​ពិឃាត McCambell  និង​USS Ashland ក៏បាន​ចេញ​បំពេញភារកិច្ច​ល្បាត​នៅ​តំបន់​ជម្លោះ​ដូចគ្នា​ដែរ​។​

អាច​ថា ការបង្កើន​វត្តមាន​ស​ព្វា​វុ​ធ​និង​ការ​ល្បាត​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​របស់​ក្រុង​វ៉ាស៊ីនតោន ជាការ​កំញើញ​មហា​យក្ស​ចិន​ដែល​បន្ត​កសាង​កម្លាំងយោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​រយៈពេល​ថ្មីៗ​នេះ​។ ចិន​បាន​ពង្រាយ​មី​ស៊ី​ល​ការពារ​អាកាស យន្តហោះ​ចម្បាំង និង​ប្រព័ន្ធ​រ៉ា​ដា​ជាដើម​នោះ​ទៅកាន់​ប្រជុំ​កោះ ប៉ា​រា​សែ​ល ថែមទៀត​ដែល​វា​បាន​បង្កក្តី​បារម្ភ​ខ្លាំង​ដល់​ភាគី​ជម្លោះ​ដូចជា​វៀតណាម និង​ហ្វីលីពីន​ជាដើម​នោះ​។​

យ៉ាងណា​ក៏ដោយចុះ សកម្មភាព​បង្កើន​វត្តមាន​យោធា​រៀងខ្លួន​របស់​មហាអំណាច​ទាំងពីរ​កំពុង​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​តានតឹង​និង​ស្មុគស្មាញ​ខ្លាំង​។  ភាព​តានតឹង​និង​ការប្រឈមមុខគ្នា ប្រសិនបើ​កាន់តែ​កើនឡើង និង​អូសបន្លាយ​បន្ត​ទៅមុខទៀត វា​អាច​នឹង​គំរាមកំហែង​ដល់​សន្តិសុខ សន្តិភាព និង​ស្ថិរភាព​តំបន់​ទាំងមូល​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com