អន្តរជាតិ
ហ្វីលីពីន រឹបអូស​នាវា​ដឹកទំនិញ​កូរ៉េខាងជើង
07, Mar 2016 , 9:30 am        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ហ្វីលីពីន បាន​អះអាង​នៅ​ថ្ងៃទី​០៥ ខែមីនា ថា​អាជា្ញធរ​ហ្វីលីពីន​បាន​រឹបអូស​នាវា​ដឹកទំនិញ​កូរ៉េខាងជើង​ដែល​កំពុង​ចត​នៅ​ប្រទេស​ខ្លួន​។ ចំណាត់ការ​នេះ ធ្វើឡើង​ស្របទៅនឹង​សេចក្តី សម្រេច​របស់​អង្គការសហប្រជាជាតិ​ដែលជា​ប្រភេទ​ទណ្ឌកម្ម​ថ្មី​ដ៏​ធ្ងន់ធ្ងរ​បំផុត​ប្រឆាំងនឹង​ការសាកល្បង​ការបាញ់​មី​ស៊ី​ល និង​ការអភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ 



​អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន Severino Cabral បាន​ថ្លែង​តាមរយៈ​កម្មវិធី​វិទ្យុជាតិ​ហ្វីលីពីន ថា « Jin Teng » ដែលជា​នាវា​ផ្ទុកទំនិញ​កូរ៉េខាងជើង​ចំណុះ ៦៨៣០ តោន នឹងមិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចាក​ចេញពី​កំពង់ផែ Subic ដែល​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​រដ្ឋធានី​ម៉ានីល​នោះទេ​។ នេះ​បើ​យោងតាម​ភា្ន​ក់​ងារ​ព័ត៌មាន AFP ដែល​បាន​ដកស្រង់​សម្តី​អ្នកនាំពាក្យ​ដដែល​ដែរ​ថា អ្នកបើកបរ​នាវា​នោះ ក៏​នឹងត្រូវ​បណ្តេញ​ចេញពី​ប្រទេស​ហ្វីលីពីន​ផងដែរ​។​
 
​ជុំវិញ​ការ​បង្ខាំង ឬ​រឹបអូស​នាវា​ដឹកទំនិញ​របស់​កូរ៉េខាងជើង​របស់​ហ្វីលីពីន​នេះដែរ គឺជា​ចំណាត់ការ​មួយ ដ៏​រហ័ស​ក្នុងនាម​ហ្វីលីពីន​ជា​សមាជិក​របស់​អង្គការសហប្រជាជាតិ​។ តែបើ​យើង​ក្រឡេកមើល​ឲ្យ​ស៊ីជម្រៅ​នោះ វា​មិនមែនជា​រឿង​ដែល​គួរ​ភ្ញាក់ផ្អើល​នោះទេ ដ្បិត​សេចក្តីសម្រេច​នោះ គឺ​ត្រូវបាន​ព្រាង​ដោយ​អាមេរិក​ដែលជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នោះ​។ 
 
​សូម​រម្លឹក​ផងដែរ​ថា ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ​នៅ​ថ្ងៃទី​០២ ខែមីនា​បានអនុម័ត​ជា​ឯក​ច្ឆ័​ន​លើ​សេចក្តីសម្រេច​ថ្មី​មួយទៀត​លេខ​២២៧០ ប្រឆាំង​សកម្មភាព​ដ៏​ឃ្លើ​ន​របស់​កូរ៉េខាងជើង​ក្នុង​ការបាញ់​សាកល្បង​គ្រាប់បែក​មី​ស៊ី​ល​តាំងពី​ឆ្នាំ​២០១៤ និង​២០១៥ និង​ជាពិសេស​នោះ​ការបាញ់​គ្រាប់បែកបរមាណូ​នៅ​ថ្ងៃទី​០៦ ខែមករា និង​នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។ 
 
​សេចក្ដីសម្រេច​លេខ​២២៧០ ឆ្នាំ​២០១៦ ជា​សេចក្តីសម្រេច​ទី​៥ ដែលមាន​៥២​ចំណុច​ត្រូវបាន​ចាត់ទុកថា ជា​ប្រភេទ​ទណ្ឌកម្ម​បន្ថែម​ដ៏​ធ្ងន់ធ្ងរ​បំផុត​លើ​ទណ្ឌកម្ម​ចាស់ ប្រឆាំងនឹង​កូរ៉េខាងជើង​។ ក្នុងនោះ​រាល់​សមាជិក​ទាំងអស់ តម្រូវ​ឲ្យ​មានការ​ត្រួតពិនិត្យ​លើ​ទំនិញ​ទាំងអស់​ដែល​នាំចេញ​និង​នាំចូល​ពី​កូរ៉េខាងជើង មិន​ថា​ធ្វើ​ឡើយ​តាមផ្លូវ​អាកាស​ឬ​សមុទ្រ កំណត់​ពី​ការហាមឃាត់​ការនាំចេញ​ធ្យូងថ្ម ដែក មាស និង​រ៉ែ​មានតម្លៃ​ដទៃទៀត ពី​កូរ៉េខាងជើង​ផងដែរ ដែល​នេះ​គឺ​សំដៅ​ដល់​ការ​កាត់ផ្ដាច់​ធនធាន​ហិរញ្ញវត្ថុ​របស់​ក្រុង​ព្យុងយ៉ាង​។ កូរ៉េខាងជើង​ទទួលបាន​ចំណូល​ជាច្រើន​លាន​ក្នុង​ការនាំចេញ​ភោគផល​រ៉ែ​ទាំងនេះ ដែល​ត្រូវ​ប្រើ​សម្រាប់​ការចំណាយ​របស់ខ្លួន​។ 
 
​ក្រៅពីនោះ ក្រុមប្រឹក្សាសន្តិសុខ​ក៏​ពង្រឹង​លើ​ការហាម​ធ្វើ​ពាណិជ្ជកម្ម​អាវុធ ជាពិសេស​អាវុធ​ធុន​ស្រាល និង​បានអនុញ្ញាត​ឲ្យ​ឃាត់​កប៉ាល់​ដែល​សង្ស័យថា មាន​ដឹកទំនិញ​ខុសច្បាប់​ទៅ​កូរ៉េខាងជើង​។ សូម្បី​នាឡិកា​ទំនើប ដូចជា​សម្ភារៈ​កីឡា​ក៏​ត្រូវបាន​ហាមឃាត់​ចូលទៅ​កូរ៉េខាងជើង​ផងដែរ ដែល​ការហាមឃាត់​នេះ​សំដៅ​ដល់​ក្រុម​មេដឹកនាំ​ជាន់ខ្ពស់​កូរ៉េខាងជើង​។ លើសពីនេះទៅទៀត ប្រទេស​ជា​សមាជិក​អង្គការសហប្រជាជាតិ​មាន​សិទ្ធិ​បណ្ដេញ​អ្នកការទូត កូរ៉េខាងជើង ដែល​ពាក់ព័ន្ធ​នឹង​ការរត់ពន្ធ​អាវុធ​ខុសច្បាប់​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com