អន្តរជាតិ
ភរិយា​អតីត​ប្រធានាធិបតី Ronald Reagan ទទួលមរណភាព​ក្នុង​វ័យ ៩៤​ឆ្នាំ​
07, Mar 2016 , 12:16 am        
រូបភាព
ដោយ: ថ្មីៗ
​អតីត​ស្ត្រី​ទីមួយ និង​ជា​ភរិយា​អតីត​ប្រធានាធិបតី រ៉ូ​ណា​ល់ រី​ហ្កែ​ន (Ronald Reagan) លោកស្រី Nancy Reagan បាន​ស្លាប់​នៅ​ថ្ងៃអាទិត្យ​ទី ៦ មីនា ក្នុង​វ័យ ៩៤​ឆ្នាំ​។​ នេះបើតាម​សារព័ត៌មាន ABC។


 
​បើតាម​ការដឹង​ពី​តំណាង​ក្រុមគ្រួសារ​លោក រី​ហ្កែ​ន  លោកស្រី Nancy Reagan បានទទួល​មរណភាព​នៅផ្ទះ​លោកស្រី​ដែល​ស្ថិតនៅក្នុង​ទីក្រុង Los Angeles​។  ការស្លាប់​របស់លោក​ស្រី Nacy Reagan បណ្តាលមកពី​បញ្ហា​បេះដូង ហើយ​សព​លោកស្រី​នឹងត្រូវ​បញ្ចុះ​នៅ​បណ្ណា​ល័យ​លោក​ រ៉ូណា​ល់ រី​ហ្កែ​ន ដែល​ស្ថិតនៅ​តំបន់ Simi Valley នៃ​រដ្ឋកា​លី​ហ្វ​រ​នីញ៉ា​។ ទីតាំង​បញ្ចុះសព​លោកស្រី​គឺ​នៅក្បែរ​ផ្នូរ​របស់​ស្វាមី​លោកស្រី លោក រ៉ូ​ណា​ល់ រី​ហ្កែ​ន ដែល​បាន​ស្លាប់​តាំងពី ខែមិថុនា ឆ្នាំ ២០០៤ មក​នោះ​។ 
 
​យោងតាម​អ្នកតំណាង​ដដែល មុន​ពិធី​បុណ្យសព​បញ្ចប់​និង​មានការ​បញ្ចុះសព សាធារណជន​អាច​អញ្ជើញ​ទៅ​ចូលរួម និង​គោរព​វិញ្ញាណ​ក្ខ​ន្ធ័​លោកស្រី​បាន ដែល​កម្មវិធី​គោរព​វិញ្ញាណ​ក្ខ័​ន្ធ នេះ​រៀបចំឡើង​នៅ​បណ្ណា​ល័យ​ខាងលើ​។ 
 
​សូមបញ្ជាក់ថា លោកស្រី Nancy Reagan បាន​ធ្វើជា​ស្ត្រី​ទីមួយ​ចាប់ពី​ឆ្នាំ ១៩៨១ ដល់​ឆ្នាំ ១៩៨៩ ហើយ​ក្នុងពេលនោះ​លោកស្រី​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​ប្រឆាំង​ការប្រើប្រាស់​គ្រឿងញៀន​ក្នុងចំណោម​កុមារ​និង​ក្រុម​វ័យ​ជំទង់​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com