អន្តរជាតិ
ជប៉ុន​បង្កើន​ជំនួយ​ឲ្យ​មី​យ៉ាន់​ម៉ា​តាម​សំណើ​លោកស្រី ស៊ូ​ជី​
07, Mar 2016 , 4:07 pm        
រូបភាព
​រដ្ឋាភិបាល​ជប៉ុន​កំពុងតែ​ពិចារណា​ផ្ដល់ជំនួយ​ទ្រង់ទ្រាយ​ធំ​ទៅ​ឲ្យ​មី​យ៉ាន់​ម៉ា ដែល​ផ្ដោតលើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​ការរៀបចំ​ទីក្រុង​។ នេះ​បើ​យោងតាម​ប្រភព​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​បញ្ជាក់ទៀតថា ការផ្ដល់​ជំនួយ​នេះ​គឺ​ធ្វើតាម​សំណើ​របស់​មេបក្ស​ឈ្នះឆ្នោត​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​លោកស្រី អ៊ុង​សាន ស៊ូ​ជី​។



​ប្រភព​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​បាន​ឲ្យ​ដឹងថា ជប៉ុន​នឹង​ផ្ដល់ជំនួយ​ដ៏​ធំ​ជា​កម្ចី​និង​ជំនួយ​ជាមួយ​ទឹកប្រាក់​ច្រើនជាង​១០០​លាន​យ៉េន ក្រោមរូបភាព​នៃ​ជំនួយ​អភិវឌ្ឍ​ផ្លូវការ (ODA) ទៅ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ខណៈដែល​រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ចូលកាន់​ដំណែង​នៅ​ខែមេសា​ខាងមុខ​។ ជំនួយ​នេះ​នឹង​ផ្ដោតលើ​ការអភិវឌ្ឍ​ផ្លូវថ្នល់ និង​ការរៀបចំ​ផែនការ​ទីក្រុង​។​

​យោងតាម​មន្ត្រី​ដដែល រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ​ចង់​ព​ន្លឿ​ន​ការងារ​នេះ បន្ទាប់​រដ្ឋាភិបាល​ថ្មី​ចូលកាន់​អំណាច ហើយ​ធ្វើ​របាយការណ៍​ពិស្ដារ​ស្ដី​បញ្ហា​នេះ​ឲ្យ​ចប់​ក្នុង​ខែមិថុនា​។ នេះ​មានន័យថា ជប៉ុន​ចង់​បញ្ចប់​ផែនការ​ផ្ដល់ជំនួយ​នេះ​ឲ្យ​បាន​លឿន​ជាង​ប្រទេស​ដទៃទៀត​ដែល​ចង់​ផ្ដល់ជំនួយ​ដល់​មី​យ៉ាន់​ម៉ា​ដែរនោះ ដ្បិត​ក៏មាន​ប្រទេស​មួយចំនួនទៀត​ទាក់ទង​ផ្ដល់ជំនួយ​ដល់​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​បក្ស​លោកស្រី ស៊ូ​ជី ផងដែរ​។ អាមេរិក សហភាព​អឺរ៉ុប ដែល​តែង​គាំទ្រ​លោកស្រី ស៊ូ​ជី រហូតមក សុទ្ធ​មាន​ចំណង​ផ្ដល់ជំនួយ​ទាំងអស់ ស្របពេល​ចិន​ដែល​តែង​គាំទ្រ​របប​យោធា ក៏​ទាក់ទង​បក្ស​លោកស្រី​ដូចគ្នា​។   

​បើតាម The Japan Times លោកស្រី អ៊ុង​សាន ស៊ូ​ជី បានដាក់​សំណើសុំ​ជំនួយ​ពី​ជប៉ុន​ទៅកាន់​លោក Hiroto Izumi ទីប្រឹក្សា​ពិសេស​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ ដែល​ធ្វើដំណើរ​មក​មី​យ៉ាន់​ម៉ា​កាលពី​ខែកុម្ភៈ​មុននេះ​។ ជំនួយ ODA របស់​ជប៉ុន ទំនងជា​រួមបញ្ចូល​ទាំង​ការផលិត​អគ្គីសនី និង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​នៅ​ទីក្រុង​យ៉ាំង​ហ្គោ​ន ព្រោះ​តំបន់​មួយចំនួន​នៅ​ខ្វះ​អគ្គស​នី​ប្រើប្រាស់ ហើយ​ការកកស្ទះ​ក៏​កើនឡើង​ដោយសារ​កំណើន​យានយន្ត​ក្នុង​ទីក្រុង​។

​លើសពីនេះទៅទៀត បើទោះជា​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​ហាម​លោកស្រី ស៊ូ​ជី ធ្វើ​ប្រធានាធិបតី​ក៏ដោយ ប្រភព​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​ខាងលើ​និយាយទៀតថា លោក Izumi ប្រាប់​លោកស្រី ស៊ូ​ជី ថា រដ្ឋាភិបាល​លោក​អា​បេ ចាត់ទុក​លោកស្រី ស៊ូ​ជី ជា​មេដឹកនាំ​ពិតប្រាកដ​របស់​មី​យ៉ាន់​ម៉ា​។ ជ័យលាភី​ណូបែល​សន្តិភាព​ឆ្នាំ​១៩៩១ រូបនេះ​មិនអាច​ធ្វើជា​ប្រធានាធិបតី​បានទេ ព្រោះ​មាត្រា​៥៩​នៃ​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា ចែង​ហាម​អ្នកណា​មាន​ប្ដី​ប្រពន្ធ​ឬ​កូន មាន​សញ្ជាតិ​បរទេស​ធ្វើជា​ប្រធានាធិបតី ហើយ​លោកស្រី ស៊ូ​ជី មាន​អតីត​ប្ដី​និង​កូនប្រុស​ពីរ​នាក់​មាន​សញ្ជាតិ​អង់គ្លេស​។​

​សូមបញ្ជាក់ថា ជប៉ុន​បាន​បង្កើន​ការផ្ដល់​ជំនួយ​របស់ខ្លួន​ទៅ​មី​យ៉ាន់​ម៉ា នៅពេលដែល​មី​យ៉ាន់​ម៉ា​ផ្លាស់​ពី​ការគ្រប់គ្រង​ដោយ​យោធា ទៅរក​ប្រជាធិបតេយ្យ​ក្នុង​ឆ្នាំ​២០១១​។ ការវិល​ទៅរក​ប្រជាធិបតេយ្យ​របស់​មី​យ៉ាន់​ម៉ា បាន​ទាក់ទាញ​ប្រទេស​ជាច្រើន​ឲ្យ​សម្លឹង​ឃើញ​ឱកាស​វិនិយោគ​ក្នុងប្រទេស​នេះ ដែល​នៅសល់​ធនធាន​រ៉ែ​យ៉ាងច្រើន​៕     


Tag:
 ជប៉ុន​
 ​ មី​យ៉ាន់​ម៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com