អន្តរជាតិ
ចិន​ថា​នាវា​ដឹក​យន្តហោះ​ទី​ពីរ​របស់ខ្លួន​កាន់តែ​ទំនើប​និង​ខ្លាំង​ជាង​មុន​
07, Mar 2016 , 9:19 pm        
រូបភាព
​នាវា​ដឹក​យន្តហោះ​ទី​ពីរ​របស់​ចិន​ត្រូវគេ​សង់​ឡើយ​ដោយមាន​បច្ចេកវិទ្យា​ទំនើប​ជាង​មុន​ដើម្បី​ប្រឆាំង​សត្រូវ និង​ធំ​ជាង​មុន​អាច​ដឹក​យន្តហោះ​ចម្បាំង​បាន​ច្រើនជាង​មុន​ផង​។ បច្ចុប្បន្ននេះ​មហា​យក្ស​ចិន​កំពុង​ប្រឹងប្រែង​សាងសង់​នាវា​ដឹក​យន្តហោះ​បន្ថែម​ដើម្បី​ពង្រឹងកម្លាំង​ទ័ពជើងទឹក​របស់ខ្លួន ព្រោះ​មហាអំណាច​នេះ​មាន​នាវា​ដឹក​យន្តហោះ​តែមួយ​គ្រឿង​ប៉ុណ្ណោះ​។​



សូមស្ដាប់ព័ត៌មានលម្អិត៖



​អ្នកនាំពាក្យ​កងទ័ពជើងទឹក​ចិន​បាន​បញ្ជាក់ថា នាវា​ដឹក​យន្តហោះ ទី​ពីរ​របស់​ចិន​នឹង​ក្លាយជា​នាវា​ដែលមាន​សមត្ថភាព​ខ្ពស់ មាន​បំពាក់​បច្ចេកវិទ្យា​ទំនើប និង​អាច​ដឹក​យន្តហោះ​បាន​ច្រើន​ជាមុន​ដោយមាន​ទាំង​ឧទ្ធម្ភាគចក្រ និង​យន្តហោះ​ប្រដេញ​ផង​។

​យោងតាម​សម្តី​លោក Yin Zhuo ដែល​ស្រង់​ដោយសារ​ព័ត៌មាន​រុស្ស៊ី Sputnik​ថា បច្ចុប្បន្ន​កងទ័ពជើងទឹក​ចិន​មាន​នាវា​ដឹក​យន្តហោះ​មួយគ្រឿង តែ​នេះ​ចិន​កំពុង​សង់​នាវា​មួយគ្រឿង​ទៀត ដែល​ធំ​ជាង​មុន និង​មាន​យន្តហោះ​ចម្បាំង​ប្រភេទ J-15 ផង ដែលមាន​សមត្ថភាព​អាច​កម្ទេច​នាវាមុជទឹក ។​

​ក្រៅពី​ថា ជា​នាវា​ដែលមាន​បំពាក់​សព្វាវុធ​ទំនើប​ច្រើន នាវា​ដឹក​យន្តហោះ​ថ្មី​របស់​ចិន​ត្រូវ​សាងសង់​និង​រចនា​ឡើង​ដើម្បី​បំពេញ​ប្រតិបត្តិការ​ក្នុងស្ថានភាព​មនុស្សធម៌ និង​ជម្លៀស​មនុស្ស​ក្នុងស្ថានភាព​ចាំបាច់​ផងដែរ​។

​ការសង់​នាវា​ដឹក​យន្តហោះ​បន្ថែម​នេះ នឹង​ជួយ​ឲ្យ​កងទ័ពជើងទឹក​ចិន​បំពេញភារកិច្ច​របស់ខ្លួន​បាន​ប្រសើរ​ជាង​មុន ហើយ​វា​ក៏​បញ្ជាក់ថា​យោធា​ជើង​ទឹក​ចិន​មានអំណាច​ខ្លាំង​ជាង​មុន​ដែរ​។ នាវា​នេះ​ជា​អាវុធ​យុទ្ធសាស្ត្រ​មួយ​ដែលមាន​ប្រសិទ្ធិភាព​បំផុត​ក្នុង​ចម្បាំង​នៅ​ឆ្ងាយ ព្រោះ​វា​អាច​ដឹកជញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​ឆ្ងាយ​បាន​យ៉ាង​ងាយ​។

​បើតាម​របាយការណ៍​ស​ហ​រដ្ឋ​អាមេរិក​ប្រចាំ ឆ្នាំ ២០១៥ មហា​យក្ស​ចិន​បន្ត​កម្មវិធី​សាងសង់​នាវា​ដឹក​យន្តហោះ​ក្នុងស្រុក ហើយ​គេ​រំពឹងថា​ក្នុង​រយៈពេល ១៥​ឆ្នាំ​ទៅមុខ ចិន​នឹង​សម្រេច​ជោគជ័យ​ក្នុងការ​ផលិត​នាវា​ប្រភេទ​នេះ​ច្រើន​គ្រឿង​។ ពេលនោះ​ហើយ កងទ័ពជើងទឹក​ចិន​នឹង​កាន់​តែមាន​ឥទ្ធិពល​និង​សមត្ថភាព​ខ្លាំង​។​

​ចំណែក​នាវា​ដឹក​យន្តហោះ​ទីមួយ​របស់​ចិន​ដែល​ទើប​ចូល​ជា​បម្រើកងទ័ព​ក្នុង​ខែកញ្ញា​ឆ្នាំ ២០១២ កន្លងទៅនេះ​ទេ​។​នាវា​នោះ​មាន​ឈ្មោះថា Liaoning ដែលមាន​ទម្ងន់ ៥៥០០០​តោន ហើយ​នាវា​នេះ​ត្រូវបាន​រដ្ឋាភិបាល​ចិន​ទិញ​មកពី​អតីត​រដ្ឋ​ហ​ភាព​សូ​វៀត អ៊ុយ​ក្រែ​ន ឆ្នាំ ១៩៩៨ ។​

​តាមពិតទៅ ការលើកឡើង​របស់​អ្នកនាំពាក្យ​កងទ័ពជើងទឹក​ចិន​នេះ កើតមានឡើង​ប្រហែលជា ២ ឬ​៣ ខែ​ប៉ុណ្ណោះ​ក្រោយ​ពេលដែល​ក្រសួងការពារជាតិ​ចិន​ប្រកាសថា នាវា​ដឹក​យន្តហោះ​ទី​ពីរ ត្រូវ​សាងសង់ឡើង​នៅ​កំពង់ផែ​ចិន Dalian​។  ហើយ​ក្រោយ​ការប្រកាស គេ​ក៏​មិនទាន់​ទទួល​ព័ត៌មាន​ច្បាស់លាស់​នៅឡើយ​ដែរ​ថា តើ​គម្រោង​សង់​នាវា​ដឹក​យន្តហោះ​ទី​ពីរ​នេះ​ជា​រឿង​ពិតប្រាកដ​ឬ​អត់​៕


Tag:
 ចិន​
 ​ នាវា​ដឹក​យន្តហោះ​
  Liaoning
© រក្សាសិទ្ធិដោយ thmeythmey.com