អន្តរជាតិ
កូរ៉េខាងត្បូង​បង្កើត​មជ្ឈមណ្ឌល​ផ្ដាច់ការ​ញៀន​ទូរ​សព្ទ​
07, Mar 2016 , 9:59 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​កូរ៉េខាងត្បូង គ្រោង​នឹង​បង្កើត​មជ្ឈមណ្ឌល​កែប្រែ​សម្រាប់​យុវជន​កូរ៉េខាងត្បូង​ដែល​ញៀន​នឹង​ការប្រើប្រាស់​ទូរ​សព្ទ​រប​ស់​ពួកគេ​។ នៅក្នុង​មជ្ឈមណ្ឌល​នេះ យុវជន​ទាំងនោះ នឹងត្រូវ​បង្ខំ​ឲ្យ​រស់នៅ​ដោយ​គ្មាន​ទូរ​សព្ទ​និង​កុំព្យូទ័រ ហើយ​ពួកគេ​នឹង​រស់នៅ​តាមរបៀប​ជីវិត​ក្នុង​ពិភពលោក​ពិតប្រាកដ​មួយ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ Al Jazeera​។



​កូរ៉េខាងត្បូង​កំពុងតែ​រៀបចំ​បង្កើត​មជ្ឈមណ្ឌល​សម្រាប់​កែប្រែ​យុវជន​ដែល​ងប់​ង​ល់​នឹង​ការ​ចំណាយពេល​យ៉ាងច្រើន​លើ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច ជាពិសេស​ទូរ​សព្ទ​និង​កុំព្យូទ័រ​។ គោលបំណង​នៃ​ការបង្កើត​មជ្ឈមណ្ឌល​នេះ ត្រូវបាន​មើលឃើញថា ជាការ​ទប់ស្កាត់​ការ​ញៀន​ការប្រើប្រាស់​ទូរ​សព្ទ ក្នុងចំណោម​យុវជន​កូរ៉េខាងត្បូង ដែល​ចំណាយ​ពេលវេលា​យ៉ាងច្រើន​លើ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ទាំងនោះ​។​

​បើតាម Al Jazeera សាលារៀន​មួយកន្លែង​នៅ​កូរ៉េខាងត្បូង​កំពុងតែ​ដំណើរ​ចុះឈ្មោះ​យុ​ជន​ក្មេងៗ ដែល​នៅ​ទីនោះ ក្រុមយុវជន​ក្មេងៗ​ទាំងនោះ ត្រូវ​រស់នៅ​ដោយ​គ្មាន​ទូរ​សព្ទ​ឬ​កុំព្យូទ័រ​ឡើយ​។ ជំនួស​មកវិញ ពួកគេ​ត្រូវបាន​លើក​ចិត្ត​ឲ្យ​អាន​សៀវភៅ លេង​ហ្គេម និង​ធ្វើ​ទំនាក់ទំនង​ជាមួយ​ពិភព​ខាងក្រៅ​។​

​នាយក​មជ្ឈមណ្ឌល​នេះ​លោក Shim Yong-Chool បាន​ប្រាប់ Al Jazeera ថា​៖«​អំឡុង​ពេលដែល​ពួកគេ​នៅទីនេះ ពួកគេ​នឹង​ទទួលបាន​បទពិសោធន៍​ថា ពួកគេ​ពិតជា​អាច​រស់នៅ​ដោយ​គ្មាន​ទូរ​សព្ទ​ទំនើប​។ យើង​ជឿថា វា​អាចជួយ​ឲ្យ​ពួកគេ​ចេះ​គ្រប់គ្រង​ខ្លួនឯង​»​។ ជាមួយគ្នានេះដែរ យុវជន​ប្រុស​ស្រី ត្រូវដាក់​នៅ​ដាច់ដោយឡែក​ពីគ្នា និង​ដំណើរ​ការកែប្រែ​នេះ​មាន​រយៈពេល​៤​សប្ដាហ៍​។ ក្នុង​រយៈពេល​នេះ ពួកគេ​នឹង​ត្រូវបាន​ជំរុញ​ឲ្យ​គិតពី​អនាគត និង​អាជីព​ការងារ​របស់​ពួកគេ​ផ្ទាល់​។​

​យុវជន Yoon Jang-Won ដែល​ស្នាក់នៅ​មណ្ឌល​នេះ​និយាយថា រូបគេ​ធ្លាប់​ចំណាយពេល​យ៉ាងតិច​១២​ម៉ោង នៅលើ​អេក្រង់​ទូរ​សព្ទ មុនពេល​ចូល​មជ្ឈមណ្ឌល​នេះ​។ យុវជន​វ័យ​១៦​ឆ្នាំ​រូបនេះ​បន្តថា «​នៅពេលដែល​ខ្ញុំ​ជិត​ដេក ខ្ញុំ​តែងមាន​អារម្មណ៍​ចង់​ចុច​ទូរ​សព្ទ​»​។​

«​ឲ្យ​តែ​ដល់ពេល​ប្រើ​ទូរ​សព្ទ ខ្ញុំ​តែងតែ​ចង់​ចុច​វា​។ ខ្ញុំ​តែងតែ​គិតបែបនេះ​។ ប៉ុន្តែ​ចាប់តាំងពី​យើង​រស់នៅ​ជាមួយគ្នា​មក ខ្ញុំ​អាច​ជម្នះ​វា​បាន​។ ខ្ញុំ​មិន​អី​នោះទេ​»​។ នេះ​ជា​លើកឡើង​របស់​យុវជន Yoon Jang-Won ។   

Tag:
 កូរ៉េខាងត្បូង​
 ​ ទូរ​សព្ទ​
© រក្សាសិទ្ធិដោយ thmeythmey.com