អន្តរជាតិ
ការមិន​រត់គេច​ពី​សម្ពាធ​នយោបាយ នាំ​ឲ្យ​ស៊ូ​ជី ក្លាយជា​វីរនារី​នៃ​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​
07, Mar 2016 , 10:39 pm        
រូបភាព
ដោយ:
​នៅ​ថ្ងៃទី​១០ ខែមីនា​ខាងមុខនេះ សភា​សហភាព​មី​យ៉ាន់​ម៉ា នឹង​ប្រកាស​បេក្ខជន​ប្រធាន​ធិបតី​ហើយ​។ ជាមួយគ្នានេះ រដ្ឋាភិបាល​អាណត្តិ​ថ្មី​ដែល​នឹងត្រូវ​ដឹកនាំ​ដោយ​បក្ស​ឈ្នះឆ្នោត​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ក៏​នឹងត្រូវ​ចាប់ផ្តើម​នៅ​ចុងខែ​មីនា​នេះ​ផងដែរ​។ បើទោះបីជា​ម្ចាស់​ពាន រង្វាន់​ណូបែល​សន្តិភាព និង​ជា​មេបក្ស​ឈ្នះឆ្នោត​លោកស្រី​ស៊ូ​ជី មិនអាច​ឈរឈ្មោះ​ជា​បេក្ខភាព​ប្រ​ធានា ធិបតី​ក៏ដោយ អាណត្តិ​ថ្មី​នៃ​រដ្ឋាភិបាល​ស៊ីវិល​នេះ អាច​កើតឡើង​ទៅបាន​ក៏ដោយ​សារ ភាព​អំណត់ និង ការតស៊ូ​របស់​អ្នកនយោបាយ​ស្រី​មី​យ៉ាន់​ម៉ា គឺ​លោកស្រី អ៊ុង​សាន ស៊ូ​ជី​។​



​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​នៃ​នយោបាយ​មី​យ៉ាន់​ម៉ា នឹងត្រូវ​ចាប់ផ្តើម​នៅ​ចុង​មីនា​នេះហើយ​។ វា​ក៏​ជា​ពេល ដែល​មេដឹកនាំ​យោធា នឹងត្រូវ​មក​ជំនួស​ដោយ​មេដឹកនាំ​ស៊ីវិល ដែល​កើតចេញពី​ការបោះឆ្នោត​លទ្ធិប្រជាធិបតេយ្យ​កាលពី​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ ផងដែរ​។ ទាំង​ក្របខណ្ឌ​ជាតិ ក្នុង​តំបន់ និង សហគមន៍​អន្តរជាតិ មិនអាច​ប្រកែក​បាន​នោះទេ គឺ​លោកស្រី អ៊ុង​សាន ស៊ូ​ជី ជា​អ្នក​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ដែល​ហ៊ាន​ប្រឈម និង​មិន​រត់គេច​ពី​ការដាក់​សម្ពាធ​របស់​ក្រុម​យោធា​។​

១. ទោះ​ហាមឃាត់​ដោយ​រដ្ឋធម្មនុញ្ញ លោកស្រី ស៊ូ​ជី នៅតែ​ជា​អ្នកដឹកនាំ​សំខាន់​ក្នុង​អាណត្តិ​រដ្ឋាភិបាល ថ្មី​?
​គិត​ចាប់ពី​ដឹងថា​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ បាន​នាំមុខ និង​អាចមាន​លទ្ធភាព​ដើម្បី​បង្កើត​រដ្ឋាភិបាល​ដោយ​ខ្លួនឯងបាន លោកស្រី ស៊ូ​ជី ដែលជា​ប្រមុខ​បក្ស​ឈ្នះឆ្នោត បាន​បន្ត​កិច្ចប្រឹងប្រែង​ក្នុង ការចរចា​ជាមួយនឹង​មេដឹកនាំ​យោធា​ដែល​បាន​កាប់​កាន់អំណាច​នៅក្នុង​អាណត្តិ​រដ្ឋាភិបាល​ចាស់​។ ហើយ​គោលបំណង​នៃ​ការចរចា​តាមរយៈ​វប្បធម៌​សន្ទនា​នោះ​គឺ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការផ្ទេរអំណាច ដោយ​សន្តិវិធី ពោលគឺ​ជាការ​បញ្ចៀស​ប្រវត្តិសាស្ត្រ​ជាន់​ដាន​ជាថ្មី​ដូច​ឆ្នាំ​១៩៩០​។ ជាពិសេស រឿង​ដែល​មិនអាច​ប្រកែក​បាន​នោះ គឺ​ការព្យាយាម​ចរចា​របស់​លោកស្រី ដើម្បី​សុំ​ការគាំទ្រ​ពី​មេ​យោធា​កែប្រែ ឬ​ព្យួរ​រដ្ឋធម្មនុញ្ញ ដើម្បី​បើកផ្លូវ​ឲ្យ​លោកស្រី អាចឈាន​ទៅដល់​ក្តី​សុបិន​ក្នុងការ​ក្លាយជា​ប្រធានាធិបតី បាន​។ លោកស្រី ស៊ូ​ជី មិនអាច​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​បាន​នោះទេ ដ្បិត​មានការ​ហាម ឃាត់​ដោយ​មាត្រា​៥៩ នៃ​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​។​

​តែ​ការចរចា​ចន្លោះ​បី​ទៅ​បួន​ខែ​មកនេះ ហាក់ដូចជា​មិនមាន​ពន្លឺ ឬ​ផ្កែ​ផ្កា​អ្វី​គួរកត់សម្គាល់​នោះទេ ពោលគឺ មិនមាន​លទ្ធភាព​ណាមួយ​ដែល​បង្ហាញថា​លោកស្រី អាចឈាន​ទៅកាន់​កាប់​តំណែង​ប្រធានាធិបតី​ដែលជា​ក្តី​សុបិន​របស់​លោកស្រី ខណៈ ការប្រកាស​បេក្ខជន​ប្រធានាធិបតី នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​១០ ខែមីនា​ខាងមុខ​។ យ៉ាងណាក៏ដោយ លោកស្រី ស៊ូ​ជី បាន​អះអាង​ជាច្រើនលើក​ច្រើនសារ​ហើយ​ថា លោក ស្រី នឹងមាន​តំណែង​ខ្ពស់​ជា​ប្រធានាធិបតី​ទៅទៀត ទោះបី​តំណែង​នោះ មិនមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ មី​យ៉ាន់​ម៉ា​ក៏ដោយ​។ នេះ ក៏​មានន័យថា ការដឹកនាំ​មី​យ៉ាន់​ម៉ា​នៅក្នុង​អាណត្តិ​រដ្ឋាភិបាល​ថ្មី​នេះ នឹងត្រូវ​ស្ថិតក្រោម​គោលនយោបាយ និង​ការបង្គាប់បញ្ជា​ពី​លោកស្រី​ដដែល​។

២. ការមិន​រត់គេច តស៊ូ និង​ហ៊ាន​ប្រឈម​បញ្ហា ធ្វើ​ឲ្យ​លោកស្រី ស៊ូ​ជី ក្លាយជា​វីរនារី​ប្រជាធិបតេយ្យ​?
​ដូច​បានបញ្ជាក់ លោកស្រី ស៊ូ​ជី មិនអាច​ក្លាយជា​ប្រធានាធិបតី បាន​នោះទេ បើ​មិនមាន​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នោះ​។ តែ​លទ្ធិប្រជាធិបតេយ្យ ក៏​មិនអាច​កើតមានឡើង​នៅក្នុង​ប្រទេស​លទ្ធិ​ប្រជាធិបតី​ក្មេងខ្ចី​ដែល​ធ្លាប់តែ​គ្រប់គ្រង​ដោយ​យោធា​ជាច្រើន​ទសវត្សរ៍​ហើយ​នោះ​។

​លោកស្រី អ៊ុង​សាន ស៊ូ​ជី ធា្ល​ប់​ជា​មេដឹកនាំ​ប្រឆាំង​ដ៏​ល្បី​ម្នាក់ ដែល​តំណាងឱ្យ​ការតស៊ូ អហិង្សា ប្រឆាំង​ក្រុម​យោធា​ផ្ដាច់ការ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​។ លោកស្រី ស៊ូ​ជី បាន​ប្រឹងប្រែង​ឱ្យមាន ដំណើរការ​ប្រជាធិបតេយ្យ​ពិតប្រាកដ​សម្រាប់​ប្រជាជន បន្ទាប់ពី​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ដោយ​យោធា អស់​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក​។ លោកស្រី ស៊ូ​ជី ជា​ជ័យលាភី​ពានរង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​១៩៩១ ខណៈ​កំពុង​ស្ថិតក្រោម​ការឃុំខ្លួន​ក្នុងផ្ទះ​។​

​នៅ​ឆ្នាំ​១៩៦០ លោកស្រី ស៊ូ​ជី បាន​ទៅ​ប្រទេស​ឥណ្ឌា​ជាមួយ​ម្ដាយ​លោកស្រី​ដែល​ពេលនោះ​ជា​អគ្គរដ្ឋទូត​មី​យ៉ាន់​ម៉ា​ប្រចាំ​ទីក្រុង​ដែ​ល្លី​។ ៤​ឆ្នាំ​ក្រោយមក លោកស្រី ស៊ូ​ជី បាន​បន្តដំណើរ​ទៅកាន់​ចក្រភព​អង់គ្លេស និង​បន្ត​ការសិក្សា​នៅ​សកលវិទ្យា​ល័យ Oxford​។ ទីនេះ​ហើយ​ដែល​លោកស្រី ស៊ូ​ជី បាន​ជួប​ជាមួយ​លោក Michael Aris ដែល​ក្រោយមក​បានក្លាយ​ជា​ស្វាមី​លោកស្រី​។ អ្នក​ទាំងពី​មានកូន​ពីរ​នាក់​គឺ  Alexander​និង Kim​។

​ជីវិត​រស់នៅ​ក្នុងប្រទេស​អង់គ្លេស​មិនបាន​ធ្វើឱ្យ​លោកស្រី ស៊ូ​ជី បំភ្លេច​ប្រទេស​កំណើត​នោះឡើយ​។ នៅ​ឆ្នាំ​១៩៨៨ លោកស្រី​បាន​ត្រលប់មក​មី​យ៉ាន់​ម៉ា​វិញ ដើម្បី​ថែទាំ​ម្ដាយ​លោកស្រី​ដែល​កំពុងមាន​ជំងឺ​។ ម្យ៉ាងទៀត ការមកដល់​របស់លោក​ស្រី គឺ​ចំពេល​នៃ​ការកើនឡើង​ចលាចល​នយោបាយ​ក្នុងប្រទេស​។  មនុស្ស​រាប់ពាន់នាក់​ភាគច្រើន​ជា​សិស្ស ព្រះសង្ឃ និង​មាន​កម្មករ​ផង​នោះ បានធ្វើ​បាតុកម្ម​ទាមទា​រ​ឱ្យមាន​កំណែទម្រង់​ប្រទេស​ក្រោម​ការគ្រប់គ្រង​របស់​ក្រុម​យោធា​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍ នេ វីន​។​

​នៅ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​១៩៨៨ លោកស្រី ស៊ូ​ជី បានប្រកាស​ដឹកនាំ​នូវ​ចលនា​មួយ​ប្រឆាំងនឹង​ការដឹកនាំ​របស់​ក្រុម​យោធា​របស់លោក នេ វីន​។ លោកស្រី បាន​ដឹកនាំ​ការប្រមូលផ្ដុំ​មហាជន និង​ធ្វើដំណើរ​ទៅកាន់​តំបន់​ជាច្រើន ដើម្បី​ទាមទារ​ឱ្យមាន​កំណែទម្រង់​ប្រជា​ធិ​ប តេ​យ្យ និង​ការបោះឆ្នោត​ដោយ​សេរី​នៅក្នុង​មី​យ៉ាន់​ម៉ា​។

​ប៉ុន្តែ​ការប្រមូលផ្ដុំ​ទាំងនោះ ត្រូវបាន​វាយ​បង្ក្រាប​យ៉ាង​សាហាវ​ពី​សំណាក់​កងទ័ព ដែល​ក្រោយមក​បានធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​នៅ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​១៩៨៨ ហើយ​ឆ្នាំ​បន្ទាប់មក លោកស្រី ស៊ូ​ជី ក៏ត្រូវ​ជាប់ឃុំ​ខ្លួន​ក្នុងផ្ទះ​។ នៅ​ខែឧសភា ឆ្នាំ​១៩៩០ រដ្ឋាភិបាលយោធា​បានប្រកាស​ពី​ការបោះឆ្នោតជាតិ​។

​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី បានទទួល​ជ័យជម្នះ ប៉ុន្តែ​ក្រុម​យោធា​មិនបាន​ផ្ទេរអំណាច​ឡើយ​។ ក្រោយ​ស្ថិតក្រោម​ការឃុំខ្លួន​អស់​រយៈពេល​៦​ឆ្នាំ លោកស្រី ស៊ូ​ជី ត្រូវបាន​ដោះលែង​នៅ​ឆ្នាំ​១៩៩៥ ។​

​នៅ​ឆ្នាំ​២០០០ លោកស្រី ស៊ូ​ជី ត្រូវ​ស្ថិតក្រោម​ការឃុំខ្លួន​ក្នុងផ្ទះ​ម្ដងទៀត​។ លោកស្រី​បាន​បំពាន​បម្រាម​នៃ​ការ​កំហិត​ការធ្វើដំណើរ​របស់​ក្រុម​យោធា​ដោយបាន​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ម៉ាន់​ដា​លេ​។ នៅ​ឆ្នាំ​២០០២ លោកស្រី​ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាព​ម្ដងទៀត​។

​ប៉ុន្តែ​មួយឆ្នាំ​ក្រោយមក​លោកស្រី​ក៏ត្រូវ​ចាប់​ដាក់គុក​ដោយសារតែ​មាន​ជម្លោះ​រវាង​អ្នកគាំទ្រ​លោកស្រី​និង​ក្រុម​អ្នកគាំទ្រ​រដ្ឋាភិបាលយោធា ហើយ​ក្រោយ​ត្រូវបាន​យកទៅ​ឃុំខ្លួន​នៅក្នុង​ផ្ទះ​លោកស្រី​វិញ​។ ក្នុងការ​ឃុំខ្លួន​លើក​នេះ លោកស្រី​មាន​សិទ្ធិ​ជួប​មន្ត្រី​បក្ស​លោកស្រី និង​មន្ត្រីការទូត​មួយចំនួន​។​

​គួរបញ្ជាក់​ផងដែរ​ថា ក្នុង​រយៈពេល​នៃ​ការឃុំខ្លួន​ក្នុងផ្ទះ លោកស្រី ស៊ូ​ជី មិនដែល​បាន​ជួប​ជាមួយ ប្ដី​និង​កូន​ទាំងពីរ​សោះឡើយ សូម្បី​នៅពេល​ប្ដី​លោកស្រី​ស្លាប់​ដោយ​ជំងឺមហារីក​នៅ​ឆ្នាំ​១៩៩៩ ក៏​លោកស្រី​មិន​ទៅ​ចូលរួម​ផង​។ តាមពិតទៅ ក្រុម​យោធា​ក៏​ធ្លាប់​អនុញ្ញាតឱ្យ​លោកស្រី​ទៅ​មើល​ស្វាមី​ដែរ តែ​លោកស្រី​បាន​បដិសេធ​ព្រោះ​លោកស្រី​គិតថា នៅពេល​ចាក​ចេញពី​ប្រទេស​ហើយ លោកស្រី​នឹងមិន​ត្រូវបាន​អនុញ្ញាត​ឱ្យចូល​មកវិញ​បានឡើយ​។​

​ការតស៊ូ​ប្រឈមមុខ​នឹង​ក្រុម​យោធា និង​លះបង់​សុភមង្គល​គ្រួសារ ដើម្បី​នាំ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​មកកាន់​មី​យ៉ាន់​ម៉ា បាន​និង​ធ្វើ​ឲ្យ​លោកស្រី ស៊ូ​ជី ក្លាយជា​អ្នកនយោបាយ​ស្រី​លទ្ធិប្រជាធិបតេយ្យ​ដ៏​តស៊ូ​បំផុត​របស់​ពិភពលោក​៕


Tag:
 អ៊ុង​សាន ស៊ូ​ជី​
  មី​យ៉ាន់​ម៉ា​
  ប្រជាធិបតេយ្យ​
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com