អន្តរជាតិ
ស្ត្រីមានឥទ្ធិពល​បំផុតក្នុង​វិស័យ​ជំនួញលើពិភពលោក
08, Mar 2016 , 10:30 am        
រូបភាព
ដោយ: ថ្មីៗ
 ​បច្ចុប្បន្ននេះ  ស្ត្រី​​ជាច្រើន​ដែលមាន​ឈ្មោះ​បោះ​សំឡេង​និង​មាន​សមត្ថភាព​ខ្ពស់ មិន​ចាញ់​បុរស​។ ស្ត្រី​មិនតិច​ទេ​ដែល​ជាប់​ឈ្មោះ​ក្នុងចំណោម​ស្ត្រី​ជា​អ្នកជំនួញ​ដែលមាន​ឥទ្ធិពល​ខ្លាំង​បំផុត​លើលោក​។ ថ្ងៃនេះ​សារព័ត៌មាន​ថ្មីៗ​សូម​លើកយក​ស្ត្រី ៥​នាក់​ដែលមាន​ឥទ្ធិពល​បំផុត​ក្នុង​វិស័យ​ជំនួញ​និង​ត្រូវបាន​កំណត់​ចំណាត់ថ្នាក់​ដោយ​ទស្សនា​វ​ដ្តី Forbes ៖



១.​លោកស្រី Isabel Do
​លោកស្រី Isabel Do ជា​ជនជាតិ​អង់ហ្គូឡា និង​ជា​កូនស្រី​ប្រធានាធិបតី​ផង​។ លោក​ជាប់​ចំណាត់ថ្នាក់​ជា​ស្ត្រី​ម្នាក់​ស្ថិត​ក្នុងចំណោម​ស្ត្រី​ដែលមាន​ឥទ្ធិពល​បំផុត​ក្នុង​វិស័យ​ជំនួញ​។ លោកស្រី​មានទ្រព្យ​តិច​បំផុត​ប្រហែល ៣.៤​ពាន់​លាន​ដុល្លារ​អាមេរិក​។​ចំណូល​របស់​លោកស្រី​បាន​ភាគច្រើន​មកពី​ការវិនិយោគ​លើ​វិស័យ​ទូរគមនាគមន៍​អង់ហ្គូឡា និង​នៅ​ព័រ​ទុយ​ហ្កា​ល់​។​
 
២.​លោកស្រី​Meg Whitman
​លោកស្រី Meg Whitman មាន​វ័យ ៥៩​ឆ្នាំ ហើយ​លោកស្រី​ស្ថិតក្នុង​លំដាប់​លេខ​រៀង​ទី​២​។ Meg Whitman  បច្ចុប្បន្ន​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា Hewlett Packard និង​ជា​ប្រធាន​ក្រុមហ៊ុន HP Inc​។  លោកស្រី​មានទ្រព្យ​សម្បត្តិ​ប្រហែល​ជាង ២.១​ពាន់​លាន​ដុល្លារ​អាមេរិក​។​
 
៣.​លោកស្រី Ginni Rometty
​លោកស្រី Ginni Rometty ដែលជា​អ្នកជំនួញ​ស្ត្រី​អាមេរិក​វ័យ ៥៨​ឆ្នាំ​ត្រូវបាន​ទស្សនា​វ​ដ្តី Forbes ដាក់​ចំណាត់ថ្នាក់​លេក​រៀង​ទី​បី ។​បច្ចុប្បន្ន​លោកស្រី​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា IBM ប៉ុន្តែ​យ៉ាងណាមិញ​គេ​មិន​បានដឹង​ពី​បរមាណ​ទ្រព្យសម្បត្តិ​ដែល​លោកស្រី​មាននៅ​ក្នុង​ដៃ​ឡើយ​។​
 
៤. លោកស្រី Oprah Winfrey
​ចំណែក​ស្ត្រី​ដែល​ល្បីល្បាញ​ម្នាក់ទៀត​គឺ​លោកស្រី Oprah Winfrey ដែលមាន​វ័យ ៦១​ឆ្នាំ បច្ចុប្បន្ន​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​នៅ​អាមេរិក​ផងដែរ​។ លោកស្រី​ត្រូវបាន​គេ​ស្គាល់​ដោយសារ​លោកស្រី​ជា​សេដ្ឋី​ស្បែក​ខ្មៅ​តែ​ម្នាក់​ដែល​ឆ្លងកាត់​ការលំបាក​វេទនា រស់ក្នុង​ភាពក្រីក្រ  និង អត់ធន់​ជាមួយ​ការ​បំពារបំពាន​រូបរាង​ក្លាយ​និង​ផ្លូវភេទ​អស់​ច្រើន​ឆ្នាំ​។ គេ​ក៏​មិនបាន​ដឹង​ពី​ចំនួន​ទ្រព្យសម្បត្តិ​ដែល​លោកស្រី​មាន​ផ្ទាល់ខ្លួន​ដែរ​។​
 
៥.​លោកស្រី Abigail Johnson
​លោកស្រី Abigail Johnson មាន​វ័យ ៥៣​ឆ្នាំ កំពុងតែ​បម្រើ​ការងារ​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Fidelity  ដែលជា​ក្រុមហ៊ុន​ធំ​បំផុត​មួយ​នៅ​សហរដ្ឋអាមេរិក​។ យ៉ាងណាក៏ដោយ​លោកស្រី Johnson មិនសូវ​ចេញមុខ​ចេញ​មាត់​នៅ​ខាងក្រៅ​ឡើយ ប៉ុន្តែ​លោកស្រី​មានទ្រព្យ​សម្បត្តិ​ផ្ទាល់ខ្លួន​រហូតដល់ ១៨​ពាន់​លាន​ដុល្លារ​។ ដោយសារតែ​លុយ​ច្រើនបែប​នេះហើយ​លោកស្រី ក៏​ស្ថិត​ក្នុងចំណោម​ស្ត្រី​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើន​បំផុត​លើ​លោក​ផងដែរ​៕
 
 

Tag:
 សិទ្ធិនារី
© រក្សាសិទ្ធិដោយ thmeythmey.com