អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
​ស្ត្រី ៥រូបដែលមាន​ឥទ្ធិពលបំផុត​ក្នុង​នយោបាយពិភពលោក​
08, Mar 2016 , 11:53 am        
រូបភាព
ដោយ:
​ស្ត្រី​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​វិស័យ​ជាច្រើន​ទាំង​សេដ្ឋកិច្ច​ក្ដី ទាំង​នយោបាយ​ក្ដី ហើយ​តួនាទី​របស់​ស្ត្រី​ពិតជា​មិនអាច​ខ្វះ​បាន​។ យោងតាមទស្សនាវដ្តី Forbes ឆ្នាំ ២០១៥ ខាងក្រោម​នេះ ជា​ស្ត្រី​ទាំង​ប្រាំ​ដែលមាន​តួនាទី​សំខាន់​លើ​វិស័យ​នយោបាយ ដែល​ភាគច្រើន​កាន់តំណែង​ជា​មេដឹកនាំ​កំពូល ដែលមាន​សិទ្ធិ​សម្រេច​លើ​វាសនា​ប្រទេស​នីមួយៗ​។ 

១. អែន​ជេ​ឡា មែរ​គែល​ (Angela Merkel)
 
​អធិការបតី​អាល្លឺម៉ង់​លោកស្រី អែន​ជេ​ឡា មែរ​គែល ស្ថិតនៅ​លំដាប់​ទីមួយ​នៃ​ស្ត្រី​មាន​ឥទ្ធិពល​ជា​ងគ​ក្នុង​វិស័យ​នយោបាយ​។ វា​មិនមែនជា​ដែល​ត្រូវ​ភ្ញាក់ផ្អើល​នោះទេ ដែល​លោកស្រី មែរ​គែល លេចធ្លោ​លើ​នយោបាយ​អន្តរជាតិ ព្រោះ​លោកស្រី​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា​ធំៗ​ទាំង​ក្នុង​តំបន់​អឺរ៉ុប​និង​អន្តរជាតិ ដែល​រាប់ទាំង​វិបត្តិ​បំណុល​ក្រិ​ក វិបត្តិ​ជនភៀសខ្លួន និង​ការប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ភេរ​វករ​ជ្រុលនិយម​ជាដើម​។ លោកស្រី​ក៏​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ដោះស្រាយ​វិបត្តិ​រុស្សី​និង​អ៊ុយ​ក្រែ​ន​ផងដែរ​។ 
 
២. ហ៊ីល​ឡា​រី គ្លី​ន​តុ​ន (Hillary Clinton)
 
​ស្ថិត​នៅក្រោយ​លោកស្រី មែរ​គែល គឺ​អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន​។ លោកស្រី ត្រូវគេ​មើលឃើញថា កំពុង​នាំមុខ​ក្នុងចំណោម​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​។ លោកស្រី គ្លី​ន​តុ​ន ជា​ស្ត្រី​អាមេរិក​ដំបូង​គេ​តែមួយគត់​ដែល​ជាប់ឆ្នោត​ជា​សមាជិក​ព្រឹទ្ធសភា មុននឹង​ក្លាយជា​រដ្ឋមន្ត្រីការបរទេស​ក្នុង​អាណត្តិ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​។   
 
 ៣. ឌី​ល​ម៉ា រ៉ូ​សេ​ហ្វ  (Dilma Rosseff)
 
​លំដាប់​ទី​បី​នៃ​បញ្ជី​គឺ​ប្រធានាធិបតី​ស្ត្រី​ទីមួយ​របស់​ប្រេ​ស៊ី​ល​លោកស្រី ឌី​ល​ម៉ា រ៉ូ​សេ​ហ្វ មកពី​តំបន់​អាមេរិក​ឡាទីន​។ លោកស្រី​ជា​មេដឹកនាំ​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​ក្នុង​តំបន់ ដែល​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ​២០១០​។ យ៉ាងណាក្ដី នៅ​ដើម​អាណត្តិ​ទី​ពីរ ប្រជាប្រិយភាព​របស់លោក​ស្រី​ហាក់​បាន​ធ្លាក់ចុះ ហើយ​លោកស្រី​កំពុងតែ​ប្រឈមមុខ​នឹង​ការស៊ើបអង្កេត​ករណី​ពុករលួយ​ផងដែរ​។   
 
៤. មី​ឈែល អូ​បា​ម៉ា (Michel Obama)
 
​ស្ត្រី​ទីមួយ​អាមេរិក​លោកស្រី មី​ឈែល អូ​បា​ម៉ា ក៏​ស្ថិតក្នុង​បញ្ជី​ស្ត្រី​ដែលមាន​ឥទ្ធិពល​ក្នុង​វិស័យ​នយោបាយ​ផងដែរ​។ ជា​ភរិយា​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ប្រធានាធិបតី​នៃ​មហាអំណាច​ពិភពលោក  លោកស្រី​បានរួម​ចំណែក​យ៉ាងច្រើន​ក្នុង​វិស័យ​សង្គមកិច្ច​របស់​អាមេរិក​។ លោកស្រី​បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​មួយចំនួន ជាពិសេស កាលពី​ឆ្នាំមុន លោកស្រី​ធ្វើដំណើរ​មក​អាស៊ីអាគ្នេយ៍ និង​បាន​ជំរុញ​គំនិត​ផ្ដួចផ្ដើម ដែល​សំដៅ​ដល់​ការជំរុញ​ឲ្យ​ក្មេងស្រី​ទទួលបាន​ការអប់រំ និង​ពង្រឹង​ការរស់នៅ​របស់​ស្ត្រី​វ័យក្មេង​ទាំងនោះ​។ 
 
៥. ប៉ាក ហ្គឺ​ន​ហេ (Park Geun Hye) 
 
​លំដាប់​ទី​ប្រាំ​បាន​ទៅលើ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី ប៉ាក ហ្គឺ​ន​ហេ​។ លោកស្រី​ជា​ប្រធានាធិបតី​ស្ត្រី​ដំបូង​គេ​របស់​ប្រទេស​នៅ​អាស៊ី​ខាងកើត ដែលជា​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​លំដាប់​ទី​១២​មួយ​នេះ​។ ក្នុង​អាណត្តិ​របស់លោក​ស្រី បញ្ហា​ជាច្រើន​លេច​ជា​រូបរាង ជាពិសេស​នោះ​សកម្មភាព​បង្កហេតុ​របស់​កូរ៉េខាងជើង និង​បញ្ហា​អំពើពុករលួយ​ក្នុង​ជួ​រដ្ឋាភិបាល​។ ការ​លិច​កប៉ាល់ Sewol នៅ​ឆ្នាំ​២០១៤ ធ្វើ​ឲ្យ​លោកស្រី ប៉ាក ឈឺក្បាល​យ៉ាងខ្លាំង ហើយ​នាយករដ្ឋមន្ត្រីពីររូបរបស់លោក​ស្រី ត្រូវ​លាលែង ក្រោយ​ហេតុការណ៍​នេះ​។ យ៉ាងណាក្ដី ក្នុង​អាណត្តិ​របស់លោក​ស្រី ប៉ាក កូរ៉េខាងត្បូង​មាន​ទំនាក់ទំនង​ល្អជា​មួយ​ចិន​និង​ជប៉ុន ដែល​កន្លងមក​តែងមាន​ទំនាក់ទំនង​មិនជា​ល្អ​ប៉ុន្មាន​នោះទេ​។      
 

Tag:
 សិទ្ធិនារី
© រក្សាសិទ្ធិដោយ thmeythmey.com