អន្តរជាតិ
មេ​ឧទ្ទាម​ឥស្លាម​ហ្វីលីពីន ព្រមាន​ការបើក​សាខា​របស់​ក្រុម​ជ្រុលនិយម​IS​នៅ​ភាគខាងត្បូង​ប្រទេស​
08, Mar 2016 , 10:19 am        
រូបភាព
លោក Murad Ebrahim ប្រធានរណសិរ្សរំដោះឥស្លាមម៉ូរ៉ូ
លោក Murad Ebrahim ប្រធានរណសិរ្សរំដោះឥស្លាមម៉ូរ៉ូ
ដោយ:
​ប្រធាន​អង្គការ​នៃ​ឧទ្ទាម​ឥស្លាម​ហ្វីលីពីន​ធំជាងគេ បាន​ព្រមាន​នៅ​ថ្ងៃ​ចន្ទ​ទី​០៧ ខែមីនា​ម្សិលមិញ​ថា ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម កំពុងតែ​ព្យាយាម​បង្កើត​សាខា ឬ​មូលដ្ឋាន​របស់​ពួកគេ​នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ហ្វីលីពីន​ដែល​កំពុងតែ​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​ស្រាប់​នោះ​។



​លោក Murad Ebrahim ប្រធាន​រណសិរ្ស​រំដោះ​ឥស្លាម​ម៉ូ​រ៉ូ (MILF) បាន​ថ្លែង​ឲ្យ​ដឹងថា​ក្រុម​ជ្រុលនិយម IS កំពុងតែ​ព្យាយាម​បញ្ចូល​ខ្លួន​របស់​ពួកគេ​ទៅ​តំបន់​មិន​ដា​ណាវ (Mindanao) ដែល​ស្ថិតនៅ​ភាគ​ខាង ត្បូង​នៃ​ប្រទេស​ហ្វីលីពីន​ហើយ​។ ការលើកឡើង​នេះ ធ្វើឡើង​ក្រោយពី​ដំណើរការ​នៃ​ការចរចា​សន្តិភាព ត្រូវបាន​ជាប់គាំង ពោលគឺ​នៅពេល​សភា​ហ្វីលីពីន បាន​បរាជ័យ​ក្នុងការ​អនុម័ត​ច្បាប់​រវាង​រដ្ឋាភិបាល និង ក្រុម MILF ក្នុង​ការផ្តល់​ស្វ័យភាព​ទៅ​ឲ្យ​ក្រុម​នោះ​។

​លោក Murad Ebrahim ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា ក្រោយពី​ការបរាជ័យ​នៃ​ច្បាប់​នោះ​(​ការផ្តល់​ស្វ័យភាព​)  ក្រុម​រណសិរ្ស​ពិត ជាមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​វត្តមាន​របស់​ក្រុម​ជ្រុលនិយម ។ ជាពិសេស នោះ ការរាំងស្ទះ​នៃ​ការធ្វើ​ច្បាប់​ដើម្បី​គ្រប់គ្រង​តំបន់​នោះ នឹង​អាច​បើកផ្លូវ​ឲ្យ​ក្រុម​ជ្រុលនិយម ឆ្លៀត​យក​ប្រយោជន៍​អំពី​អវត្តមាន​នេះ​។​

​សូមបញ្ជាក់​ផងដែរ​ថា កោះ​មិន​ដា​ណាវ គឺជា​តំបន់​ភូមិសាស្ត្រ​មួយ​ដ៏​ស្មុគស្មាញ​របស់​ហ្វីលីពីន​។ ទីនោះ​ហើយ​គឺជា​ជម្រក​របស់​ក្រុម​ឧទ្ទាម ដែល​តែងតែ​ប៉ះទង្គិច​គ្នា​ជាមួយនឹង​កងកម្លាំងរ​ដ្ឋា​ភិ​បាល​ជា​ញឹកញាប់​។ ការប៉ះទង្គិច​គ្នា​ដោយ​ការបាញ់ប្រហារ​បាន​ស្ងប់ស្ងាត់​ទៅវិញ​ក្រោយ រដ្ឋាភិបាល​ហ្វីលីពីន និង​មេដឹកនាំ​ក្រុម​ឧទ្ទាម​រណសិរ្ស​រំដោះ​ឥស្លាម​ម៉ូ​រ៉ូ បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​បទ​ឈប់​បាញ់​កាលពី​ខែ​មិនា ឆ្នាំ ២០១៤ ហើយ​បាន​សន្យាថា​នឹង​អនុញ្ញាត​ឲ្យ​រណសិរ្ស​រំដោះ​ឥស្លាម​ម៉ូ​រ៉ូ​( Moro Islamic Liberation Front) អាចមាន​ស្វ័យភាព​នៅក្នុង​ការគ្រប់គ្រង​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ​នៅក្នុង​តំបន់​ជម្លោះ​នោះ​។​

​យ៉ាងណាក៏ដោយ ដូច​មេ​ឧទ្ទាម​រណសិរ្ស បាន​ព្រមាន​បើ​សភា​នៅតែ​មិន​អនុម័ត​ច្បាប់​មួយ​ដើម្បី​ផ្តល់ លទ្ធភាព​ផ្លូវច្បាប់​ឲ្យ​ក្រុម​ម៉ូ​រ៉ូ គ្រប់គ្រង​តំបន់​នោះទេ ពិតប្រាកដ​ណាស់ ក្រុម​ជ្រុលនិយម នឹង​បើក​សាខា របស់​ពួកគេ​នៅ​ហ្វីលីពីន​ជាក់​ជាពុំខាន ដ្បិត លោក Murad ក៏បាន​អះអាង​ដែរ​ថា រណសិរ្ស​ម៉ូ​រ៉ូ ក៏​ធា្ល​ប់​សុំ ចរចា​ជាមួយ​ក្រុម​ឧទ្ទាម​ដើម្បី​វាយប្រហារ​រដ្ឋាភិបាល​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com