អន្តរជាតិ
អ្វីដែលគួរដឹងថ្ងៃសិទ្ធិនារីអន្តរជាតិ?
08, Mar 2016 , 2:22 pm        
រូបភាព
ដោយ: ថ្មីៗ
ទិវាសិទ្ធិនារីអន្តរជាតិត្រូវគេរៀបចំឡើងរៀងរាល់ថ្ងៃ ៨ខែមីនា ដើម្បីរំលឹកពីកិច្ចខិតខំប្រឹងប្រែងរបស់ស្ត្រីទូទាំងពិភពលោកដែលបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍនៃសង្គម សេដ្ឋកិច្ច រប្បធម៌និងនយោបាយផងដែរ។ ហើយការរៀបចំកម្មវិធីនេះរៀងរាល់ឆ្នាំក៏ដើម្បីជំរុញឲ្យមានសមភាពភេទ ជំរុញឲ្យមានស្ត្រីកាន់តែច្រើនក្នុងជួរដឹកនាំ បញ្ចប់ការរើសអើងស្ត្រី និងលើកកម្ពស់ការគោរពនិងផ្តល់តម្លៃដល់ស្ត្រីជាទូទៅផង។ ខាងក្រោមនេះជាអ្វីដែលគួរដឹងពាក់ព័ន្ធសិទ្ធិនារី៖



១.ប្រវត្តិសង្ខេបនៃទិវាសិទ្ធិនារីអន្តរជាតិ
ដំបូងបំផុត ក្នុងឆ្នាំ ១៩០៩ ថ្ងៃស្ត្រីអន្តជាតិនេះត្រូវបានរៀបចំឡើងដោយគណបក្សសង្គមនិយមអាមេរិក តែភាគច្រើនធ្វើឡើងនៅចុងខែកុម្ភៈមិនមែនខែមីនាឡើយ។ ដល់ឆ្នាំ ១៩១១ ទិវាស្ត្រីត្រូវបានគេរៀបចំឡើងនៅថ្ងៃ ១៩ ខែមីនា។ 
 
ទើបដល់ឆ្នាំ ១៩៧៥ ដែលជាឆ្នាំនៃស្ត្រីអន្តរជាតិផង អង្គការសហប្រជាជាតិក៏បានចាប់ផ្តើមរៀបចំប្រារព្ធថ្ងៃស្រ្តីអន្តរជាតិឬទិវាសិទ្ធិនារីអន្តរជាតិនៅថ្ងៃ ៨ មីនា តែម្តង។ ពីរឆ្នាំក្រោយមក ក្នុងខែធ្នូឆ្នាំ ១៩៧៧ មហាសន្និបាតអង្គការសហប្រជាជាតិបានសម្រេចអនុម័តយកដំណោះស្រាយប្រកាសថ្ងៃអង្គការសហប្រជាជាតិសម្រាប់សិទ្ធិនារី និងសន្តិភាពពិភពលោក។
 
២.របាយការណ៍អង្គការសហប្រជាជាតិស្តីពីសមភាពភេទ

-មានស្ត្រីត្រឹមតែ ២២ភាគរយប៉ុណ្ណោះដែលកំពុងបម្រើការងារជាសមាជិកសភានៅទូទាំងពិភពលោក។ តែចំនួននេះកើនឡើង ២ដងចន្លោះពីឆ្នាំ ១៩៩៥ ដល់ឆ្នាំ ២០១៥ ។
 
- មានស្ត្រីតែ៥០ភាគរយប៉ុណ្ណោះដែលមានអាយុធ្វើការ អាចធ្វើការងារបាននៅទូទាំងពិភពលោក។ តែបុរសមានរហូតដល់៧៥ភាគរយឯណោះ។
 
-ស្ត្រីរកចំណូលបានតិចជាងបុរសរហូតដល់២៤ភាគរយ។
 
-បើយោងតាមទិន្នន័យដែលស្រង់ដោយទស្សនាវដ្តី Fortune ក្នុងចំណោមក្រុមហ៊ុន៥០០ទូទាំងពិភពលោក ក្នុងឆ្នាំ ១៩៩៨ មានស្ត្រីបម្រើការងារជានាយកប្រតិបត្តិតែម្នាក់គត់។ តែនៅឆ្នាំ ២០១៤ ចំនួនស្ត្រីដែលបម្រើការងារជានាយកប្រតិបត្តិកើនឡើងដល់ ២៥នាក់។

 
-នៅគ្រប់បណ្តាប្រទេសកំពុងអភិវឌ្ឍ បានសម្រេចជោគជ័យក្នុងការជំរុញឲ្យមានសមភាពភេទនៅបឋមសិក្សា។

 
-កម្រិតអ្នកចេះអក្សរកើនឡើងពី ៧៦ ភាគរយដល់ ៨៥ភាគរយក្នុងឆ្នាំ ២០១៣ នៅទូទាំងពិភពលោក។ ប៉ុន្តែមានស្ត្រី រហូតដល់ ៦០ភាគរយនៅក្នុងចំណោមជនមិនចេះអក្សរទាំងអស់លើពិភពលោក។
 
-ស្ត្រីក្នុងវិស័យព័ត៌មានមានត្រឹមតែ ១៧ភាគរយក្នុងឆ្នាំ ១៩៩៥ ហើយកើនដល់២៤ ភាគរយក្នុងឆ្នាំ ២០១០ ។
 
-ចន្លោះពីឆ្នាំ ១៩៩២ ដល់ឆ្នាំ ២០១១ មានស្ត្រីតែ ៩ភាគរយប៉ុណ្ណោះដែលបានចូលរួមចំណែកកជាអ្នកចរចាក្នុងកិច្ចចរចាសន្តិភាព។
 
-ស្ត្រីម្នាក់ក្នុងចំណោមស្ត្រីបីនាក់បានក្លាយជាជនរងគ្រោះនៃហិង្សារូបរាងកាយនិងផ្លូវភេទ៕
 
 
 

Tag:
 សិទ្ធិនារី
© រក្សាសិទ្ធិដោយ thmeythmey.com