អន្តរជាតិ
កូរ៉េខាងត្បូង​ប្រជុំ​បន្ទាន់ ក្រោយ​កូរ៉េខាងជើង​វាយប្រហារ​ប្រព័ន្ធ​Smartphones
08, Mar 2016 , 2:47 pm        
រូបភាព
ដោយ:
​កូរ៉េខាងជើង បាន​វាយប្រហារ​ប្រព័ន្ធ​ទូរ​សព្ទ Smartphone របស់​ប្រជាជន​កូរ៉េខាងត្បូង​ដែល​ភាគច្រើន ជា​មន្ត្រី​រដ្ឋាភិបាល ដោយ​ពួកគេ​បាន​លួច​ចូល​មើល​សារ និង​ស្តាប់​សំឡេង​សន្ទនា​របស់​ប្រជាជន​ទាំងនោះ​។ នេះ​បើ​យោងតាម​ភ្នា​ក់​ព័ត៌មាន Yonhap ដែល​ដកស្រង់​ចេញពី​ភ្នាក់ងារ​ចារកម្ម​របស់​កូរ៉េខាងត្បូង​។​



​ភ្នាក់ងារ​ចារកម្ម​ជាតិ​កូរ៉េខាងត្បូង បានប្រកាស​កិច្ចប្រជុំ​ជាបន្ទាន់​មួយ​ដើម្បី​ត្រួតពិនិត្យ​លើក​ប្រព័ន្ធគ្រប់គ្រង​របស់​ភ្នាក់ងារ​រដ្ឋាភិបាល​ដើម្បី​ប្រឆាំងនឹង​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ិន​ធឺរ​នែ​ត​ដែលមាន​ការចូលរួម​ពី​ក្រសួង​ចំនួន​១៤ ដែល​រាប់បញ្ចូល​ទាំង​មន្ត្រី​សម្របសម្រួល​គោលនយោបាយ អ្នកគ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ និង​ក្រសួងការពារជាតិ និង​វិទ្យាសាស្ត្រ​ផងដែរ​។

​បើ​យោងតាម​ភា្ន​ក់​ងារ​ចារកម្ម​ជាតិ​កូរ៉េខាងត្បូង កូរ៉េខាងជើង បាន​វាយប្រហារ​និង​លួច​ចូល​ប្រព័ន្ធ​ទូរ​សព្ទ Smartphone ដែល​រួមបញ្ចូល​ទាំង​ការផ្ញើរ​សារ និង​សន្ទនា​របស់​មន្ត្រី​រដ្ឋាភិបាល​សំខាន់​១០​រូប​ក្នុង ចន្លោះ​ខែកុម្ភៈ និង​ដើមខែ មីនា​ថ្មីៗ​នេះ​។​

​តាមពិតទៅ ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ិន​ធឺរ​នែ​ត​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ដោយ​កូរ៉េខាងជើង មិនមែនជា​លើកទីមួយ​នោះទេ ពោលគឺ​កូរ៉េខាងជើង ធ្លាប់ធ្វើ​បែបនេះ​ជាច្រើនលើក​មកហើយ​។ កាលពី ឆ្នាំ​២០១៣ កន្លងទៅ កូរ៉េខាងជើង បាន​វាយប្រហារ​ទៅលើ​ប្រព័ន្ធគ្រប់គ្រង​ធនាគារ និង​ទូរទស្សន៍​របស់​កូរ៉េខាងត្បូង​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធគ្រប់គ្រង​ទាំងនោះ ត្រូវ​ជាប់គាំង​មួយរយៈ​ពេល​ផងដែរ​៕


Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com