អន្តរជាតិ
បង់​ក្លា​ដែ​ស​ទាមទារ​ឈប់​យក​សាសនា​ឥស្លាម​ជា​សាសនា​រដ្ឋ​
08, Mar 2016 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រោយ​ស្ងប់ស្ងាត់​អស់​ជិត ៣​ទសវត្សរ៍​មកហើយ​នោះ ក្រុម​ប្រជាជន​បង់​ក្លា​ដែ​ស​ចាប់ផ្តើម​ទាមទារ​ឲ្យ​បញ្ចប់​ការកំណត់​យក​សាសនា​ឥស្លាម​ជា​សាសនា​រដ្ឋ​បន្តទៀត​។ ចលនា​នេះ​កើតមានឡើង​នៅ​ដោយសារ​ហិង្សា​សាសនា​កើនឡើង​ខ្លាំង ហើយ​ប្រជាជន​ប្រកាន់​សាសនា​ឥស្លាម ហិណ្ឌូ និង​គ្រិស្ត​សុទ្ធតែ​ប្រឈម​បញ្ហា​ដូចគ្នា​។



​តុលាការ​កំពូល​បង់​ក្លា​ដែ​សបាន​ឯកភាព​ថា ខ្លួន​នឹង​ចាប់ផ្តើម​បើកសវនាការ​លើ​សំណុំរឿង​ស្នើសុំ​បញ្ចប់​ការប្រើប្រាស់​សាសនា​ឥស្លាម​ជា​សាសនា​រដ្ឋ​នៅ​ចុងខែ​មីនា​ខាងមុខនេះ​។ ចលនា​គាំទ្រ​ការបញ្ឈប់​យក​សាសនា​ឥស្លាម​ជា​សាសនា​ផ្លូវការ​កំពុង​កើនឡើង​ប្រជាប្រិយភាព​ខ្ពស់ នៅពេលដែល​ក្រុម​ជនជាតិភាគតិច​ប្រកាន់​សាសនា​ហិណ្ឌូ សាសនា​គ្រិស្ត​និង​ឥស្លាម​និកាយ​ស៊ូ​នី កំពុងតែ​ប្រឈម​ហិង្សា​សាសនា​។

​ប៉ុន្តែ​វា​ជា​រឿង​លំបាក​បំផុត​មួយ​ដើម្បី​ស្វែងរក​ការគាំទ្រ​ចលនា​នេះ ដោយសារតែ​បង់​ក្លា​ដែ​ស​ជា​ប្រទេស​ដែលមាន​ប្រជាជន​ជា​អ្នក​កាន់សាសនា​ឥស្លាម​រហូតដល់ ៩០​ភាគរយ ខណៈ​អ្នក​កាន់សាសនា​ហិណ្ឌូ​មាន​ត្រឹម​៨​ភាគរយ​ប៉ុណ្ណោះ​។​

​តាមពិត​ទៅក្រោយ​ប្រកាស​ឯករាជ្យ​ឆ្នាំ ១៩៧៤ រដ្ឋធម្មនុញ្ញ​បង់​ក្លា​ដែ​ស​កំណត់ថា​ប្រជាជន​ទាំងអស់​មាន​សេរីភាព​សាសនា​ពេញលេញ ហើយ​គ្មាន​ការជ្រើសរើស​យក​សាសនា​ណាមួយ​ជា​សាសនា​រដ្ឋ​ឡើយ​។ រហូតដល់​ឆ្នាំ ១៩៨៨ បង់​ក្លា​ដែ​ស​ចាប់ផ្តើម​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដោយ​កំណត់​ស្ថិតក្រោម​ការដឹកនាំ​រប​ស់មេ​ដឹកនាំ​យោធា​លោក Hussain Mohammad Ershad​។​

​ការធ្វើ​វិសោធនកម្ម​កំណត់​យក​សាសនា​ឥស្លាម​ជា​សាសនា​រដ្ឋ​នេះ បាន​ជំរុញ​ឲ្យ​មាន​ចលនា​ប្រឆាំង​និង​មាន​ការដាក់​បណ្តឹងសុំ​ឲ្យ​តុលាការ​កំពូល​ត្រួតពិនិត្យ​ដើម្បី​ទាត់ចោល​ការផ្លាស់ប្តូរ​នេះដែរ ព្រោះ​ពួកគេ​ចាត់ទុកថា​ការ​វិសោធន​កម្មនេះ​ជា​សកម្មភាព​ខុសច្បាប់​។​

​ត្រលប់​មកដល់​រដ្ឋាភិបាល​បច្ចុប្បន្ន​ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក​ស្រី Sheikh Hasina ក៏បាន​រៀបចំ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ម្តងទៀត ដើម្បី​ធានា​ពី​គោលការណ៍​មិន​ប្រកាន់​សាសនា​ឡើយ ប៉ុន្តែ​រដ្ឋាភិបាល​ក៏​នៅ​កំណត់ថា​ឥស្លាម​ជា​សាសនា​របស់​រដ្ឋ​ដដែល​។​

​ពាក់ព័ន្ធ​បណ្តឹង​នេះដែរ រដ្ឋអាជ្ញា​បង់​ក្លា​ដែ​ស Rana Dasgupta បាន​លើកឡើងថា ដំណើរការ​ផ្លូវច្បាប់​នឹង​ទាមទារ​ពេលវេលា​យូរណាស់​ដើម្បី​ឈានទៅ​សម្រេច​ចុងក្រោយ​។ នេះ​ក៏​ដោយសារតែ​តុលាការ​នឹង​ស្តាប់​ការបកស្រាយ​របស់​ភាគី​ទាំងសងខាង​អ្នក​ដែល​គាំទ្រ​សាសនា​ឥស្លាម​ជា​សាសនា​រដ្ឋ​និង​អ្នក​ដែល​មិន​ចង់​ឲ្យ​កំណត់​សាសនា​ណាមួយ​ពិត​ប្រាកដជា​សាសនា​ផ្លូវការ​។​

​ចំណែក បញ្ហា​ជម្លោះសាសនា ដែលជា​មូលហេតុ​នៃ​ការស្នើសុំ​ឲ្យ​បញ្ចប់​ការយក​សាសនា​ឥស្លាម​ជា​សាសនា​រដ្ឋ​នោះ ជា​រឿង​ស្មុគស្មាញ​សម្រាប់​រដ្ឋាភិបាល​ដែរ​។ អំពើហិង្សា​សាសនា​បាន​កើតឡើង​ញឹកញាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​មាន​ព័ត៌មាន​ថា​ក្រុម​ភេរវជន​ដែ​ស្ហ​មាន​បណ្តាញ​ខ្លួន​នៅ​បង់​ក្លា​ដែ​ស​ដែរ​។ ខែ​មុន បុព្វ​ជិត​ហិណ្ឌូ​ម្នាក់​ត្រូវបាន​គេ​សម្លាប់ ខណៈដែល​អ្នក​កាន់សាសនា​នេះ​ច្រើន​នាក់​ផ្សេងទៀត​រងគ្រោះថ្នាក់​ដល់​ជីវិត​ដូចគ្នា​។ តែ​រដ្ឋាភិបាល​វាយតម្លៃ​ថា ក្រុម​ជ្រុលនិយម​បង់​ក្លា​ដែ​ស Jumatul Mujahedeen  និង​ក្រុម Ansarullah Bangla អាចជា​ក្រុម​ដែល​នៅ​ពីក្រោយ​ឃាតកម្ម​និង​ហិង្សា​ឃោ​ឃៅ​នេះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com