ជាតិ
អ្នកស្រី កែ សុវណ្ណរតន៍ ថា កង្វះស្ត្រីក្នុងនយោបាយ មកពីកត្តាមេដឹកនាំ និងស្ត្រីខ្លួនឯង
× នាពេលបច្ចុប្បន្ននេះ អ្នកនយោបាយស្ត្រីនៅក្នុងរដ្ឋសភា មានចំនួនប្រមាណជា២០ភាគរយប៉ុណ្ណោះ។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ អ្នកស្រី កែ សុវណ្ណរតន៍ អះអាងថា ចំនួនស្ត្រីក្នុងនយោបាយតិចនេះ អាចបណ្ដាមកពីកង្វះការចូលរួមស្ត្រីខ្លួនឯងផ្ទាល់ និងអាចមកពីការមើលរំលងពីមេដឹកនាំនយោបាយ។ អ្នកស្រីក៏អំពាវនាវឲ្យស្ត្រីក្លាហានហ៊ានប្រឡូកចូលក្នុងឆាកនយោបាយឲ្យបានច្រើនផងដែរ។
និស្សិត បញ្ញវន្ត និងអ្នកជំនួញមួយចំនួន បានចូលរួមយ៉ាងសកម្មក្នុងនយោបាយនាពេលបច្ចុប្បន្ន តាមរយៈការបញ្ចេញយោបល់ ការតស៊ូមតិឲ្យមានការផ្លាស់ប្ដូរផ្នត់គំនិតអ្នកនយោបាយ និងការដោះស្រាយបញ្ហាសង្គមជាដើម។ និស្សិត បញ្ញវន្តមួយចំនួនក៏បានចូលរួមក្នុងគណបក្សនយោបាយតាមនិន្នាការមេដឹកនាំដែលពួកគេពេញចិត្ត ដើម្បីបានប្រឡូកចូលអាជីពនយោបាយនេះ។ ប៉ុន្ដែបើទោះជាក្នុងអាជីពនយោបាយ មានអ្នកចូលរួមច្រើន ហើយមានទាំងគណបក្សនយោបាយច្រើនក៏ដោយ តែអ្នកនយោបាយស្ត្រីហាក់មានចំនួនតិចតួចនៅឡើយនាពេលបច្ចុប្បន្ននេះ។
អ្នកស្រី កែ សុវណ្ណរតន៍ បានប្រឡូកចូលក្នុងឆាកនយោបាយ២០ឆ្នាំហើយ។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិរូបនេះ ទទួលស្គាល់ថា ចំនួនស្ត្រីក្នុងឆាកនយោបាយនេះនៅមានចំនួនតិចតួចនៅឡើយ ជាក់ស្ដែងនៅក្នុងរដ្ឋសភាពេលនេះ មានចំនួនស្រីនយោបាយមកពីខាងគណបក្សនយោបាយពីរចូលរួមធ្វើការជាមួយគ្នានោះ មានប្រមាណជា២០ភាគរយប៉ុណ្ណោះ។ អ្នកស្រី កែ សុវណ្ណរតន៍ ដែលធ្លាប់ឆ្លងកាត់ការលំបាក ការគំរាមកំហែងអាយុជីវិត២០ឆ្នាំនេះ អះអាងថា អ្នកនយោបាយស្ត្រីតិចនេះ អាចបណ្ដាមកពីផ្នត់គំនិតទន់ខ្សោយរបស់ស្ត្រី ដែលជាកង្វះការចូលរួមរបស់ស្ត្រីខ្លួនឯងផ្ទាល់ក្នុងឆាកនយោបាយ ហើយនិងការមើលរំលងពីមេដឹកនាំនយោបាយជាដើម។
ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថ្មីៗ ស្ត្រីនយោបាយរូបនេះ បានបញ្ជាក់ដូច្នេះថា៖« ដូចនេះកត្តាទាំងពីរនេះ ជួនកាលបើមានការចូលរួមពីស្ត្រីហើយតែមេដឹកនាំអត់មានការយកចិត្តទុកដាក់ ក៏អត់ទទួលបានជោគជ័យ។ ជួនកាលបើមេដឹកនាំអត់មានការយកចិត្តទុកដាក់ជំរុញក៏អត់មានការចូលរួមដែរ។ដូចនេះកត្តាទាំងពីរនេះយើងអត់អាចអត់ទេ ។ មេដឹកនាំគណបក្សក៏ត្រូវចូលរួម ក៏ត្រូវផ្ដល់ឱកាសដែរ។ ដូចក្នុងការប្រកួតប្រជែង ត្រូវមានការផ្ដល់ឱកាសឲ្យស្ត្រីផង បើសិនជាស្ត្រីពូកែហើយ ហើយមេដឹកនាំការពារបុរស ដូចនេះស្ត្រីនៅតែអត់ដដែល។ ដូចនេះត្រូវមានលក្ខខណ្ឌឱកាស សម្រាប់អ្នកប្រកួតប្រជែងស្មើគ្នាហើយ ត្រូវផ្ដល់អាទិភាពទៅស្ត្រីទៅ ហើយផ្ដល់អំណាចឲ្យគ្នាសម្រេចផង»។
ទាំងនេះជាការមើលឃើញរបស់អ្នកស្រី កែ សុវណ្ណរតន៍ ដែលបានបន្ថែមថា ស្ត្រីត្រូវតែផ្លាស់ប្តូរផ្នត់គំនិតភ័យខ្លាច និងជម្នះរាល់ឧបសគ្គនានា ដោយអ្នកស្រីអំពាវនាវឲ្យពួកគេហ៊ានលូកចូលក្នុងឆាកនយោបាយ ដើម្បីលើកមុខមាត់ស្ត្រីក្នុងអាជីពនយោបាយនេះ។ ស្ត្រីនយោបាយរូបនេះ គឺជឿជាក់ថារយៈពេល៥ឆ្នាំ ទៅ១០ឆ្នាំខាងមុខទៀត ស្ត្រីនៅអាជីពនយោបាយនឹងមានចំនួនច្រើនជាងបច្ចុប្បន្ននេះ។
ថ្លែងនៅក្នុងពិធីទិវាសិទ្ធិនារីអន្តរជាតិ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានជំរុញឲ្យគណបក្សនយោបាយ ដាក់បញ្ចូលស្ត្រីនៅក្នុងលំដាប់លេខរៀងដែលអាចជាប់ក្នុងការបោះឆ្នោត ដូចជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ និងបោះឆ្នោតជ្រើសតំណាងរាស្ត្រនៅពេលខាងមុខដែរ។
បើតាមនាយករដ្ឋមន្ត្រី ហ៊ុន ហ៊ុន រហូតមកដល់ពេលចំនួនស្ត្រីក៏មានកើនឡើងនៅតាមបណ្ដាក្រសួង និងស្ថាប័នមួយចំនួនដែរ។ប្រមុខរដ្ឋាភិបាល បញ្ជាក់យ៉ាងដូច្នេះថា៖«ចំនួនស្ត្រីជាសមាជិកសភាបានកើនឡើងពី៦ភាគរយ មក២០ភាគរយ (១៩៩៣មក២០០០) ពីឆ្នាំ ២០០៨ដល់២០១៣ ស្ត្រីជារដ្ឋមន្ត្រីបានកើនពី៧ភាគដល់១១ភាគរយ ស្ត្រីជារដ្ឋលេខាធិការបានកើនពី៨ភាគរយដល់២១ភាគរយ ស្ត្រីជាអនុរដ្ឋលេខាធិការបានកើនពី១៥ភាគរយដល់១៨ភាគរយ។មិនរែប៉ុណ្ណោះភាគរយស្ត្រីដែលជាប់ឆ្នោតជាក្រុមប្រឹក្សាឃុំសង្កាត់ ក៏មានកើនឡើងផងដែរ គឺពី១៥ភាគរយ នៅឆ្នាំ២០០៧ ដល់១៨ភាគរយនៅឆ្នាំ២០១២»៕
Tag:
កែ សុវណ្ណរតន៍
ហ៊ុន សែន
នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com