អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​-​រុស្ស៊ី គាំទ្រ​កិច្ចសន្ទនា​ភាគី​៦ តែ​ប្រឆាំង​គម្រោង​ការបំពាក់​ប្រព័ន្ធ​កម្ទេច​មី​ស៊ី​ល​នៅ​កូរ៉េខាងត្បូង​
12, Mar 2016 , 11:39 am        
រូបភាព
ដោយ:
​បើទោះបីជា​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​ប្រជាជាតិ​បានអនុម័ត​លើ​សេចក្តីសម្រេច​ថ្មី​ដ៏​ធ្ងន់ធ្ងរ​ប្រឆាំង​ការសាកល្បង​ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ក៏ដោយ វិធានការ​នេះ​មិនបាន​ធ្វើ​ឲ្យ​កូរ៉េខាងជើង​ថមថយ​សកម្មភាព​ដ៏​ឃ្លើ​ន​របស់ខ្លួន​នោះទេ​។ ស្រប​ជាមួយគ្នានេះ ចិន និង​រុស្ស៊ី បាន​ព្រមព្រៀងគ្នា​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ដើម្បី​ធានា​នូវ​ការ​គ្មាន​ការប្រកួតប្រជែង​អាវុធ​ក្នុង​ឧបទ្វីប​កូរ៉េ និង​គាំទ្រ​ការបន្ត​កិច្ចសន្ទនា​ភាគី​ប្រាំមួយ (Six Party Talks)​ផងដែរ​។​




​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​រដ្ឋាភិបាល​ក្រុង​មូ​ស្កូ បាន​ព្រមព្រៀងគ្នា​សែ្វ​ងរ​ក​ដំណោះស្រាយ​ក្នុងការ​ធានា​ឲ្យ​បាន​នូវ​ការ​គ្មាន​នុយក្លេអ៊ែរ​នៅក្នុង​ឧបទ្វីប​កូរ៉េ និង​គាំទ្រ​ការបន្ត​កិច្ចសន្ទនា​ភាគី​ប្រាំមួយ​(Six Party Talks) ដើម្បី​បញ្ចប់​នូវ​ការគំរាមកំហែង​ពី​អាវុធ​នុយក្លេអ៊ែរ​ក្នុង​តំបន់​។ ការលើកឡើង​នេះ​ធ្វើឡើង​ក្នុងជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov និង​សម​ភាគី​ចិន លោក Wang Yi នៅ​ថ្ងៃទី​១១ ខែមីនា​ម្សិលមិញ ក្នុង​ក្រុង​មូ​ស្កូ​នៃ​ប្រទេស​រុស្ស៊ី​។​
 
​ក្នុង​សន្និសីទកាសែត​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ទាំងពីរ លោក វ៉ាង យី បាន​បញ្ជាក់ដែរថា​សេចក្តីសម្រេច​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​លេខ​២២៧០​គួរតែ​ត្រូវអនុវត្ត​ឲ្យ​បាន​ពេញលេញ​ដើម្បី​បញ្ឈប់​នូវ​ការអភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ តែ​លោក ថា យន្តការ​ទាំងនោះ ត្រូវ ធានាថា​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​លើ​ប្រជាជន និង​តម្រូវការ​មនុស្សធម៌​នោះទេ​។​
 
​ក្នុង​សន្និសីទ​ដដែល លោក វ៉ាង ក៏បាន​ព្រមាន​ដែរ​ថា រដ្ឋ​ពាក់ព័ន្ធ ក៏​មិនគួរ​ធ្វើ​សកម្មភាព​ទាំងឡាយណា ដែល​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​នៅក្នុង​ឧបទ្វីប​កូរ៉េ ហើយ​អ្វីដែល​គួរតែ​ត្រូវធ្វើ​នោះ​គឺ ការបន្ត​កិច្ចសន្ទនា​ភាគី​ប្រាំមួយ​ដែលជា​បទបញ្ញត្តិ​មួយ​នៅក្នុង​សេចក្តីសម្រេច​ដែល​ទើបតែ​អនុម័ត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ក​ន្ល​ង​ទៅ​។ ភាគី​ប្រាំមួយ​មានដូចជា ចិន ជប៉ុន កូរ៉េខាងជើង កូរ៉េខាងត្បូង រុស្ស៊ី និង​អាមេរិក​។  
 
​សូម​រម្លឹក​ផងដែរ​ថា ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហ​ប្រជា​តិ​នៅ​ថ្ងៃទី​០២ ខែមីនា​បានអនុម័ត​ជា​ឯក​ច្ឆ័​ន​លើ​សេចក្តីសម្រេច​ថ្មី​មួយទៀត​ប្រឆាំង​សកម្មភាព​ដ៏​ឃ្លើ​ន​របស់​កូរ៉េខាងជើង​ក្នុង​ការបាញ់​សាកល្បង​គ្រាប់បែក​មី​ស៊ី​ល​តាំងពី​ឆ្នាំ​២០១៤ និង​២០១៥ និង​ជាពិសេស​នោះ​ការបាញ់​គ្រាប់បែកបរមាណូ​នៅ​ថ្ងៃទី​០៦ ខែមករា និង​នៅ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។ សេចក្តីសម្រេច​លេខ​២២៧០ ដែល​បាន​បញ្ញា​ត្តិ​៥២​ចំណុច​នោះ ត្រូវបាន​ចាត់ទុកថា​ជា​ទណ្ឌកម្ម​មួយ​ដ៏​ធ្ងន់ធ្ងរ​បន្ថែម​លើ​ទណ្ឌកម្ម​ដែល​បានអនុម័ត​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​កន្លងមក​។​
 
​ស្រប​ជាមួយនឹង​ទណ្ឌ​កម្មនេះ កូរ៉េខាងត្បូង និង​អាមេរិក ក៏បាន​ចាប់ផ្តើម​ការចរចា​ក្នុង​ការដំឡើង​ប្រព័ន្ធ ការពារ និង​ប្រឆាំង​មី​ស៊ី​ល​ប៉ា​លី​ស្ទីល (THAAD) នៅ​កូរ៉េខាងត្បូង​ផងដែរ ដែល​សកម្មភាព​នេះ ត្រូវបាន រុស្ស៊ី និង​ចិន យល់ឃើញថា​លើសពី​ប្រព័ន្ធ​ការពារ និង​ថែមទាំង​ជំរុញ​ឲ្យ​មានការ​ប្រកួតប្រជែង​ផ្នែក​សព្វាវុធ​នៅក្នុង​តំបន់​ទៀតផង​៕ 

Tag:
 ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com