បទយកការណ៍ / បទសម្ភាសន៍
​និស្សិត​ដែល​មក​រៀន​នៅ​ភ្នំពេញ​តែងតែ​ឈឺក្បាល​លើ​បញ្ហា​សុវត្ថិភាព ចរាចរណ៍ និង​ថវិកា​
15, Mar 2016 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ សិស្ស​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ភាគច្រើន ចង់​បន្ត​ការសិក្សា​ថ្នាក់​ឧ​ត្ត​ម សិក្សា​នៅ​រាជធានី​ភ្នំពេញ ព្រោះ​ពួកគេ​គិតថា សាកលវិទ្យាល័យ បណ្ណាល័យ និង​កន្លែង​ស្រាវជ្រាវ​មាន​ច្រើន​នៅ​រាជធានី​ភ្នំពេញ ផ្តល់ឱកាស​ឲ្យ​ពួក​បាន​សិក្សា​ស្រាវជ្រាវ​ច្រើនជាង​នៅ​ជនបទ​។ ប៉ុន្តែ ពួកគេ​បារម្ភ​នឹង​បញ្ហា​មួយចំនួន ដូចជា សុវត្ថិភាព​ផ្ទាល់ខ្លួន ថវិកា​ចំណាយ​សម្រាប់​ការ​ស្នាក់នៅ និង​សិក្សា ព្រមទាំង​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​។​



​កញ្ញា លន់ ស្រី​លី​ស បានសម្រេច​ចិត្ត​ចាក​ចេញពី​ស្រុកកំណើត​ក្នុង​ខេត្តមណ្ឌលគិរី មក​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ក្រោយពី​នាង​បាន​ប្រឡង​ជាប់​បាក់​ឆ្នាំ ២០១៥ កន្លងមក​។ និស្សិត​ឆ្នាំ​ទី​១ ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ព័ត៌មានវិទ្យា ក្នុង​សាកលវិទ្យាល័យ​កម្ពុជា​រូបនេះ និយាយថា មូលហេតុ​នាំ​ឲ្យ​កញ្ញា​សម្រេចចិត្ត​ចាក​ចេញពី​ខេត្ត​តំបន់​ដាច់​ស្រយាល​មក​ភ្នំពេញ ពីព្រោះ​ភ្នំពេញ​មាន​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ច្រើនជាង​ខេត្តមណ្ឌលគិរី ដែល​ផ្តល់ឱកាស​ឲ្យ​កញ្ញា​ប្រកួតប្រជែង សិក្សា​ស្រាវជ្រាវ និង​ស្វែងយល់​ពី​សង្គម​ច្រើន​ផងដែរ បើ​ប្រៀបធៀប​នឹង​ស្រុកកំណើត​។ ម្យ៉ាងទៀត ស្រី​លី​ស ចង់​ជំនះ​ពាក្យ​ថា ស្ត្រី​ប​ង្វ​ល់​ចង្ក្រាន​មិន​ជុំ​។​

​យុវនារី​វ័យ ២០​ឆ្នាំ​រូបនេះ កំពុងស្នាក់នៅ​បន្ទប់​ជួល​មួយកន្លែង​ជាមួយ​មិត្តភក្តិ​រួម​ស្រុកកំណើត នៅ​រាជធានី​ភ្នំពេញ​។ កញ្ញា​និយាយថា នាង​ត្រូវ​រៀន​រស់នៅ​ប្រឈម​ជាមួយនឹង​បញ្ហា​ដោយ​ខ្លួនឯង នៅពេល​នាង​រស់នៅ​ឃ្លាត​ឆ្ងាញ​ពី​ក្រុមគ្រួសារ ព្រោះ​នាង​គិតថា ជីវិត​គឺជា​ការតស៊ូ​។ យុវនារី​សម្បុរ​សណ្ដែកបាយ លើកឡើង​ពី​ការលំបាក​ថា នាង​ចំណាយ​ថវិកា​ថ្លៃ​បន្ទប់​ជួល ថ្លៃ​សិក្សា ពិសេស​គឺ នាង​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ដូចជា ចោរលួច ប្លន់ និង​គ្រោះថ្នាក់​ចរាចរណ៍​។​

​យ៉ាងណា ស្រី​លី​ស ប្តេជ្ញា​ថា នាង​នឹង​ព្យាយាម​សិក្សា​រៀនសូត្រ​ឲ្យ​ពូកែ យកចំណេះ​វិជ្ជា​ប្រកបការងារ​ប្រកួតប្រជែង​ជាមួយ​យុវជន​ដទៃ​ទាំង​ក្នុងប្រទេស និង​តំបន់​អាស៊ាន ដើម្បី​តបស្នង​គុណ​ឪពុកម្តាយ និង​អភិវឌ្ឍ​ន៍សង្គមជាតិ​វិញ​។​

​មិនខុស​​គ្នា​ប៉ុន្មាន​ដែរ យុវជន ម៉ៅ យុ​ទ្ធា និស្សិត​ឆ្នាំ​ទី​១ ថ្នាក់​បរិញ្ញាបត្ររង ផ្នែក​គិលានុបដ្ឋាក នៃ​សាលា​បច្ចេកទេស​ថែទាំ​វេជ្ជសាស្ត្រ យល់ថា គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​នៅ​ភ្នំពេញ​ជាទី​កន្លែង​បណ្តុះបណ្តាល ប្រកបដោយ​គុណភាព ព្រោះ​លោក​អាច​ស្វែងយល់ និង​សិក្សា​ស្រាវជ្រាវ​ជាមួយនឹង​សាស្ត្រាចារ្យ និង​ឯកសារ​ច្រើន បើ​ធៀប​នឹង​គ្រឹះស្ថាន​តាម​បណ្តា​ខេត្ត​។​

​អំឡុងពេល​សិក្សា យុវជន​មាន​ស្រុកកំណើត​ក្នុង​ខេត្តកណ្តាល ដែល​ស្ថិត​មិន​ឆ្ងាយ​ពី​ភ្នំពេញ​រូបនេះ ក៏​ជួបប្រទះ​បញ្ហា​មួយចំនួន​ផងដែរ ដូចជា ថវិកា​សម្រាប់​ចំណាយ​ថ្លៃ​សិក្សា ថ្លៃ​ជួល​បន្ទប់ និង​ម្ហូបអាហារ ជាដើម​។ លើសពីនេះ​ទៀត យុវជន​វ័យ​ជាង ២០​ឆ្នាំ​រូបនេះ ពិបាកធ្វើ​ចរាចរ​ពី​កន្លែង​ស្នាក់នៅ​ទៅ​សាលា ក្នុង​រាជធានី​ភ្នំពេញ ពីព្រោះ​ភ្នំពេញ​មាន​ចរាចរ​មមាញឹក​កកស្ទះ​។ យុ​ទ្ធា អះអាងថា លោក​ត្រូវ​ចំណាយពេល​ធ្វើដំណើរ​ដោយ​ម៉ូតូ​ពី​ផ្ទះ​ក្នុង​ខណ្ឌ​សែន​សុខមក​សាលា​ក្បែរ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ជា​រៀងរាល់ថ្ងៃ​។ យ៉ាងណា យុវជន​រូបនេះ ប្តេជ្ញា​ព្យាយាម​សិក្សា​រៀនសូត្រ យកចំណេះ​ជំនាញ ពីសា​លា ទៅប្រើ​ប្រាស់​ក្នុង​ជីវភាព​ផ្ទាល់ខ្លួន​លោក គ្រួសារ និង​សង្គម​។​

​ក្រឡេក​មក​មើល យុវជន ហ៊ី​ន ស៊ី​ណាក់ វិញ យុវជន ស៊ី​ណាក់ បាន​ចាក​ចេញពី​ស្រុកកំណើត​ក្នុង​ខេត្តកំពត​មក​ភ្នំពេញ កាលពី​ឆ្នាំមុន ដើម្បី​បន្ត​ការសិក្សា​។ និស្សិត​អាហារូបករណ៍​ឆ្នាំ​ទី​១ ផ្នែក​ព័ត៌មានវិទ្យា នៅ​សាកលវិទ្យាល័យ​កម្ពុជា រូបនេះ មាន​មោទនភាព​លើ​ខ្លួនឯង នៅពេល​លោក​មានឱកាស​មក​សិក្សា នៅ​រាជធានី​ភ្នំពេញ ព្រោះ​លោក​អាច​ស្វែងយល់​ពី​បញ្ហា​សង្គម​ច្រើន តាមរយៈ ការសិក្សា និង​រស់នៅក្នុង​ទីក្រុង​។ យ៉ាងណា យុវជន​រូបនេះ មាន​ភាពស្មុគស្មាញ ព្រោះ​លោក​ពុំមាន​មធ្យោបាយ​ធ្វើដំណើរ និង​ជីវភាព​គ្រួសារ​ល្អប្រសើរ​ដូច​និស្សិត​ដទៃ​។​

​លោក​អះអាង​ពី​ការលំបាក​ថា លោក​មានតែ​កង់​មួយ​សម្រាប់​ធ្វើដំណើរ បញ្ហា​ហូបចុក ថ្លៃ​បន្ទប់ និង​ការចំណាយ​ថ្លៃ​សម្ភារ​សិក្សា​ផ្សេងៗ​។ ប៉ុន្តែ យ៉ាងណា យុវជន​រូបនេះ មិន​ចុះចាញ់​នឹង​បញ្ហា​ទាំង​នេះឡើយ ពីព្រោះ​លោក​គិតថា ជីវិត​ត្រូវ​ចេះ​តស៊ូ ហើយ​ទោះបីជា​លំបាក​យ៉ាងណាក៏ដោយ លោក​ត្រូវ​ចេះ​អត់ធ្មត់ សិក្សា​រៀន ដើម្បី​តបស្នង​គុណ​ទឹកចិត្ត​ឪពុកម្ដាយ​ដែល​ស៊ូទ្រាំ​រក​ថវិកា​ផ្គត់ផ្គង់​ការសិក្សា​លោក​។ ស៊ី​ណាក់ បន្តថា ប្រសិនបើ​លោក​ពុំ​ទទួលបាន​អាហារូបករណ៍​នោះទេ លោក​ពិតជា​ពុំមាន​ឧកាស​សិក្សា​នៅ​សាកលវិទ្យាល័យ ក្នុង​រាជធានី​ភ្នំពេញ​ឡើយ​។​

​ដោយឡែក កញ្ញា ណែវ ដា​ណេ និស្សិត​ឆ្នាំ​ទី​១ ជំនាញ​ច្បាប់ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច យល់ថា គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​នៅ​រាជធានី​ភ្នំពេញ អាច​ផ្តល់​ចំណេះ​ជំនាញ​ប្រកបដោយ​គុណភាព ទើប​នាង​សម្រេចចិត្ត​ចាកចេញ​ពី​ស្រុកកំណើត ក្នុង​ខេត្តបន្ទាយមានជ័យ​មក​ភ្នំពេញ ដើម្បី​សិក្សា​រៀនសូត្រ​។ មិន​ពី​យុវជន​ខាងលើ ដា​ណេ ក៏​ជួបប្រទះ​បញ្ហា​ខ្វះខាត​ថវិកា សម្រាប់​ចំណាយ​ថ្លៃ​ស្នាក់នៅ ម្ហូបអាហារ និង​សម្ភារ​សិក្សា​ជាដើម តែ​យ៉ាងណា យុវជន​នារី​រូបនេះ ប្តេជ្ញា​ព្យាយាម​សិក្សា​រៀនសូត្រ យកចំណេះ​វិជ្ជា ដើម្បី​អភិវឌ្ឍ​ខ្លួន គ្រួសារ និង​សង្គមជាតិ នៅ​ថ្ងៃ​អនាគត​៕


© រក្សាសិទ្ធិដោយ thmeythmey.com