ជាតិ
​​​ន​យោ​បាយ​ជាតិ​
សង្គម​ស៊ីវិល​ថា បើ​គ្មាន​ដំណោះស្រាយ​នយោបាយ សកម្មជន CNRP មិនអាច​ចេញពី​គុក​ឡើយ​
17, Mar 2016 , 10:26 am        
រូបភាព
​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា អះអាងថា បើ​ចង់​ឲ្យ​តុលាការ​ដោះលែង លោក មា​ជ សុវណ្ណ​រ៉ា​និង​សកម្មជន​ផ្សេងទៀត លុះត្រា​តែមាន​ការចរចា​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​។ ពួកគេ​ហ៊ាន លើកឡើង​បែបនេះ ដោយ​សំអាង​លើ​ហេតុផល​ថា ការចាប់​សកម្មជន​ប​ក្ស​ប្រឆាំង​ទាំង​អម្បាលម៉ាន គឺជា​រឿង​នយោបាយ​សុទ្ធសាធ​។​



​ក្រុមអ្នកតាមដាន​សិទ្ធិមនុស្ស  នៅតែ​ប្រកាន់​ជំហរ​របស់ខ្លួន​ដដែល​ថា ករណី​លោក មា​ជ សុវណ្ណ​រ៉ា និង​សកម្មជន​បក្សប្រឆាំង​ផ្សេងទៀត គឺ​កើតចេញពី​ជម្លោះ​នយោបាយ​រវាង​បក្ស​កាន់អំណាច​និង​បក្សប្រឆាំង​។ ពួកគេ​លើកឡើងថា បើ​អ្នកនយោបាយ​ពាក់មុខយក្ស​ដាក់គ្នា សកម្មជន​នឹង​បន្ត​ជាប់ពន្ធនាគារ តែបើ​អ្នកនយោបាយ​ពាក់​មុខ​ទេវតា​ដាក់គ្នា នោះ​សកម្មជន​ប្រាកដជា​ត្រូវបាន​ដោះលែង​ជាមិនខាន​។​
 
​ក្រុមមន្ត្រី​សង្គម​ស៊ីវិល បន្ថែមទៀតថា បើតាម​បទពិសោធ​កន្លងមក រាល់​បញ្ហា​នឹងត្រូវ​បានបញ្ចប់ មិន​ថា​រឿង​នៅ​តុលាការ​ឬ​រឿង​ក្រៅ​តុលាការ ឲ្យ​តែ​អ្នកនយោបាយ​មាន​ឆន្ទៈ​ចង់​ដោះស្រាយ​។ តែបើ​អ្នកនយោបាយ​មិន​ចុះសម្រុង​គ្នា នោះ​អ្វីៗ​នឹងគាំង ទៅមុខ​មិន​រួច​។​
 
​ប្រធាន​ផ្នែក​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត​មើលឃើញថា ការដោះស្រាយ​តាមផ្លូវ​នយោបាយ ទើប​ជា​ក្តីសង្ឃឹម​សម្រាប់​សកម្មជន​បក្សប្រឆាំង​ទាំងនោះ​។ លោក គ្មាន​ទំនុកចិត្ត​លើ​តុលាការ​ថា អាច​ដោះស្រាយ​បញ្ហា​របស់​សកម្ម​បក្សប្រឆាំង​ដោយ​យុត្តិធម៌​ឡើយ ។ 
 
​លោក អំ សំអាត បានបញ្ជាក់​បែបនេះ​ថា​៖«​រឿង​ទាំងអស់នេះ យើង​ជា​ក្រុម​សង្គម​ស៊ីវិល​បានចាត់ទុក ថា​ជា​រឿង​នយោបាយ​ទៅហើយ​។ អ៊ីចឹង​បើ​គ្មាន​ដំណោះស្រាយ​តាមផ្លូវ​នយោបាយ​ណាមួយ​ទេ អ្នក​ទាំង​១១​នាក់​នេះ រួមទាំង​លោក​ហុង សុខ​ហួរ និង​អ្នក​ផ្សេងទៀត ក៏​មិនអាច​នឹងមាន​ផ្លូវ​រួចខ្លួន​ពី​ពន្ធនាគារ​បានដែរ ។ តែ​នៅ​ថ្ងៃក្រោយ បើ​អ្នកនយោបាយ​ត្រូវរ៉ូវ​គ្នា អ្នក​ទាំងអស់នោះ អាច​នៅក្រៅ​ឃុំ ឬ​លើកលែង​ការចោទប្រកាន់​»​។ 
 
​ចំណែកឯ ណៃ វង់​ដា អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក សង្កេតឃើញថា ពេល​ទិដ្ឋភាព​ន​យោ​យ​បាយ​កម្ពុជា​ល្អក់កករ នោះ​សេចក្តីសម្រេច​របស់​តុលាការ ប្រាកដជា​ផ្តល់​ផល​អវិជ្ជមាន​សម្រាប់​ប​ក្ស​ប្រឆាំង​។ លោក​បញ្ជាក់​ដូច្នេះ​ថា​៖«​បរិយាកាស​នយោបាយ​បច្ចុប្បន្ន​អាប់​អួល អ៊ីចឹង​សេចក្តី​ស​ម្រ​ច​របស់​តុលាការ មិន​ធ្វើ​ឲ្យ​ពួកយើង​ភ្ញាក់​ផ្កើ​ល​នោះទេ​»​។ 
 
​ការលើកឡើង​របស់​ក្រុម​សង្គម​ស៊ីវិល​ខាងលើ ធ្វើឡើង​នៅ​ចំពោះមុខ​ក្រុម​អ្នកសារព័ត៌មាន ក្រោយពី​បញ្ចប់​សវនាការ​លើ​សំណុំរឿង​លោក មា​ជ សុវណ្ណ​រ៉ា និង​សកម្មជន​បក្សប្រឆាំង​១០​នាក់​ផ្សេងទៀត នៅ​សាលាឧទ្ធរណ៍ នាពេល​ព្រឹក ថ្ងៃទី​១៧ មីនា​។ សាលា​ឧ​ទ្ទ​រណ៍​បាន​កោះហៅ​ជនជាប់ចោទ​ទាំង​១១ ឲ្យ​ចូល​ឆ្លើយបំភ្លឺ​នូវ​ករណី​ចំនួន​២ ។ ករណី​ទី​១ គឺ​ការសុំ​ជំទាស់​សេចក្តីសម្រេច​រប​ស់​សាលា​រាជធានី​ភ្នំពេញ ដែល​មិន​ឲ្យ​លោក​នៅក្រៅ​ឃុំ ដើម្បី​បាន​ព្យាបាល​ជំងឺ​នៅ​បរទេស​។ តែ​សំណើ​នេះ ត្រូវបាន​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ច្រានចោល ដោយ​អះអាងថា សេចក្តីសម្រេច​របស់​តុលាការ​ជាន់​ទាប គឺជា​សេចក្តីសម្រេច​ដែល​ត្រឹមត្រូវ​។ 

​កន្លងមក លោក មា​ជ សុវណ្ណារ៉ា បានស្នើ​ឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ដោះលែង​លោក​នៅក្រៅ​ឃុំ ដើម្បី​បាន​ទៅ​ព្យាបាល​ជំងឺ ព្រមទាំង​បាន​ជួប​ភរិយា​និង​កូន នៅ​សហរដ្ឋ​អារ​មេ​រិ​ក ។ ប៉ុន្តែ សាលាជំនុំ​ជម្រះក្តី​ជាន់​ទាប​មួយ​នេះ បាន​បដិសេធ​។​​ការបដិសេធ​សំណើ​របស់លោក មា​ជ សុវណ្ណ​រ៉ា បែបនេះហើយ ទើប​ក្រុម​សង្គម​ស៊ីវិល អះអាងថា តុលាការ ហាក់ដូចជា​សម្រេច​តាម​បង្គាប់បញ្ជា​របស់​អ្នកមានអំណាច ខណៈពេលដែល​អ្នកនយោបាយ កំពុងតែ​ព្យាបាទ​គ្នា​។​
 
​ចំណែកឯ ករណី​ទី​២ គឺ​ការសុំ​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​សាលា​រាជធានី​ភ្នំពេញ​ដូចគ្នា ដែល​សម្រេច​ឲ្យ​សកម្មជន​ទាំង​១១​នោះ ជាប់ពន្ធនាគារ​ចាប់ពី​១៥​ឆ្នាំ ដល់​២០​ឆ្នាំ ។ ប៉ុន្តែ​សម្រាប់​ករណី​ទី​២​នេះ សាលាឧទ្ធរណ៍​មិនទាន់​សម្រេច​នៅឡើយ​ទេ​។ 
 
​លោក ជូ​ង ជូ​ងី មេធាវី​ការពារ​ក្តី​របស់​ជនជាប់ចោទ​ទាំង​១១​រូប បាន​លើកឡើងថា មូលហេតុ​ដែល​លោក​ប្តឹង​ឧទ្ធរណ៍​នេះ ដោយសារតែ​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ បានធ្វើ​ខុស​នីតិវិធី​ក្រមព្រហ្មទណ្ឌ​។ លោក​បញ្ជាក់​ពី​ផ្លូវច្បាប់​បែបនេះ​ថា ការសម្រេច​របស់​តុលាការ​ក្នុង​បទល្មើស​ព្រហ្មទណ្ឌ  មិនអាច​ដំណើរការ​ទៅដោយ​គ្មាន​មេធាវី​របស់​ជនជាប់ចោទ​ឡើយ​។ 
 
​សូម​រម្លឹកថា កាលពី​ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ​២០១៥ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​លើ​សំណុំរឿង​លោក មា​ជ សុវណ្ណ​រ៉ា និង​សកម្មជន​ទាំង​១០ នាក់​នោះ ដោយ​គ្មាន​មេធាវី​របស់​ពួកគេ​នោះទេ​។ តុលាការ​ជាន់​ទាប​មួយ​នេះ  បាន​ចោទប្រកាន់​លោក មា​ជ សុវណ្ណ​រ៉ា និង​សកម្មជន​ទាំង​១០​នាក់ ពីបទ​ដឹកនាំ​ធ្វើ​កុបកម្ម ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​ផ្តើមគំនិត​ក្នុង​អំពើហិង្សា ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស នៅក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា នៅលើ​ស្ពាន​នាគ កាលពី​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៤ ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com