ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាជ្ញាធរខេត្ត​ពោធិ៍សាត់ ដាក់​កម្លាំង​ការពារ​មិន​ឲ្យ​ខាង​CNRP និង​យុវជន​តវ៉ា ប៉ះទង្គិច​គ្នា​
20, Mar 2016 , 10:30 am        
រូបភាព
រូបភាព៖ ហ្វេសប៊ុក Srey Chamroeu
រូបភាព៖ ហ្វេសប៊ុក Srey Chamroeu
រូបភាព៖ ហ្វេសប៊ុក Srey Chamroeu
រូបភាព៖ ហ្វេសប៊ុក Srey Chamroeu
​អាជ្ញាធរខេត្ត​ពោធិ៍សាត់ កំពុង​ជួយ​ការពារ​សណ្ដាប់ធ្នាប់ សុវត្ថិភាព ដល់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ចុះ​ជួប​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​នេះ ដោយ​មិន​ឲ្យ​រង​ការបំភិតបំភ័យ​ពី​ក្រុមយុវជន ដែល​នាំគ្នា​តវ៉ា​នោះឡើយ​។​


 
​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តពោធិ៍សាត់​លោក ខេង ទី​តូ បាន​អះអាងថា បើទោះជា​មាន​ក្រុមយុវជន​ដែល​បាននាំគ្នា​ពី​ភ្នំពេញ មក​ស្រែក​តវ៉ា​រំខាន​ដល់​ការជួបជុំ​អ្នកគាំទ្រ​និង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​របស់​ឯកឧត្តម កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​ក៏ដោយ ក៏​មិន​អាចមាន​បញ្ហា​ប៉ះទង្គិច​គ្នា​ជាយ​ថ​ហេតុ​ណាមួយ​ឡើយ ព្រោះ​លោក​បាន​បញ្ជា​ឲ្យ​កងកម្លាំង​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ចុះជួយ​ការពារ​អ្នកនយោបាយ​នៅ​គោលដៅ​ទាំងនោះ​ហើយ​។
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ មេបញ្ជាការ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​បាន​បញ្ជូន​កងកម្លាំង​អាវុធហត្ថ ទៅ​ដាក់​ការពារ​នៅ​គោលដៅ​ទីនោះ​ហើយ ដើម្បី​ការពារ​សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​ដល់​អ្នកនយោបាយ ដោយ​យើង​នឹង​ការពារ​បញ្ចៀស មិន​ឲ្យ​មានការ​កើតឡើង​នូវ​អំពើហិង្សា​ទៅវិញទៅមក​នោះទេ​»​។​
 
​បើតាម​លោក ខេង ទី​តូ អាជ្ញាធរ​ដែល​បាន​ចុះទៅ​ជួយ​ការពារ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ មាន​ចំនួន​ច្រើន​ដោយ​ក្នុងនោះ​មាន​ទាំង​ប៉ូលីស កងរាជអាវុធហត្ថ ព្រមទាំង​អ្នក​ស្លៀកពាក់​ឯកសណ្ឋាន​ផ្លូវការ និង​ក្រៅផ្លូវការ​ផងដែរ​។​
 
​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ មាន​ក្រុមយុវជន ដែល​អះអាងថា​ខ្លួន​ជា​និស្សិត​មាន​គ្នា​ប្រមាណ​ជា​៥០​នាក់ បាននាំគ្នា​ទៅ​ស្រែក​តវ៉ា​រំខាន​ការជួប​ជុំគ្នា​ជាមួយ​ប្រជាពលរដ្ឋ​របស់​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ពួកគេ​ចង់​ឲ្យ​ឯកឧត្តម កឹម សុខា បកស្រាយ​រឿង​សំឡេង​ខ្សែអាត់​សាសង​ស្នេហា​ជាមួយ​នារី​ម្នាក់ ដែល​ពួកគេ​ចាត់ទុកថា ជា​សំឡេង​របស់​ឯកឧត្តម កឹម សុខា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌ និង​សីលធម៌​សង្គម​។ បើតាម​ហ្វេ​ស​ប៊ុ​ក​របស់​យុវជន​ម្នាក់​ឈ្មោះ ស្រី ចំរើន ការតវ៉ា​របស់​ពួកគេ​ក៏​ត្រូវបាន​សមត្ថកិច្ច​កំពុង​រារាំង​។​
 
​កាលពី​ថ្ងៃទី​១៨​មីនា ក្រុមនិស្សិត​ដែល​មិន​គាំទ្រ​និង​អ្នកនយោបាយ​ដែល​ប្រព្រឹត្តិ​រឿងអាស្រូវ​ស្នេហា​ដឹកនាំ​ដោយ​លោក ស្រី ចំរើន ក៏បាន​ដាក់ពាក្យ​ប្ដឹង​ឯកឧត្តម កឹម សុខា ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មួយ​ករណី​ទៀត ដោយ​ស្នើ​ឲ្យ​អង្គភាព​មួយ​នេះ បើក​ការស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​សំឡេង​សាសង​ពី​ការទិញ​ដី និង​ផ្ទះ​ឲ្យ​នារី​ម្នាក់ ដែល​ពួកគេ​អះអាងថា ជា​សំឡេង​ឯកឧត្តម កឹម សុខា នេះដែរ បន្ទាប់ពី​ពួកគេ​បាននាំគ្នា​ដាក់​ញត្តិ​ទៅ​រដ្ឋសភា ដើម្បី​ស្នើ​ឲ្យ​ស្ថាប័ន​នេះ​កោះហៅ​លោក កឹម សុខា ចេញមុខ​បកស្រាយ​រឿង​សំឡេង​ខ្សែអាត់​នេះ ។​
 
​តែ​ព័ត៌មាន​ទាក់ទង​សំឡេង​ឆ្លើយ​ស្នេហា ដែលមាន​ការចោទប្រកាន់​ថា​ជា​សំឡេង​របស់​ឯកឧត្តម កឹម សុខា និង​យុវតី​ម្នាក់ មិនបាន​ធ្វើ​ឲ្យ​ប្រធានស្តីទី​គណបក្សប្រឆាំង​ស្មុ​គ្រ​ស្មាញ​អារម្មណ៍​នោះឡើយ​។ ដោយ​មិន​និយាយ​ចំ​ពី​បញ្ហា ឯកឧត្តម កឹម សុខា ធ្លាប់បាន​បញ្ជាក់​កន្លង​មក​ថា បក្ស​របស់លោក​ត្រូវតែ​ធ្វើ​ទៅតាម​គោលដៅ តាម​ផែនការ​យុទ្ធ​របស់ខ្លួន ដោយ​«​មិនត្រូវ​ឈ្លោះ មិន​ឆ្លើយ មិន​ឆ្លង »​ហើយ​មិន​ធ្វើ​អ្វី​តាមតែ​គេ​ចាក់​ឲ្យ​លោត​នោះទេ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com