ជាតិ
ការរុះរើ​គណៈរដ្ឋមន្ត្រី​៖​សម្ដេច ហ៊ុន សែន ថា ទោះ​មន្ត្រី​ចាស់ តែ​ច​រិ​ត​ការងារ​ថ្មី​
21, Mar 2016 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ
​ឆ្លើយតប​និង​ការរិះគន់​លើ​ការរុះរើ​គណៈរដ្ឋមន្ត្រី សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុងន័យ​ការពារ​មន្ត្រី​ចាស់​ទាំងនោះ​ថា មូលហេតុ​រដ្ឋាភិបាល​លោក​សម្រេច​ទុក​មន្ត្រី​ចាស់ ឲ្យ​បម្រើ​ការងារ​នៅ​ក្រសួង​ថ្មី​នេះ ព្រោះ​ពួកគេ​អាច​ផ្លាស់ប្ដូរ​ច​រិ​តការងារ​ថ្មី​។ ប្រមុខ​រដ្ឋាភិបាល បាន​ចំអក​វិញ​ថា ការផ្លាស់ប្ដូរ​មិនមែន​ទាល់តែ​ដក​មន្ត្រី​ចាស់ ហើយ​ដាក់​មន្ត្រី​ថ្មី មក​ជំនួស​ការងារ​ទើប​ហៅ​ការផ្លាស់ប្ដូរ​នោះទេ ព្រោះ​មន្ត្រី​ថ្មី​ខ្លះ​ក៏​មិន​ប្រាកដថា អនុវត្ត​ការងារ​បានល្អ​ជាង​មន្ត្រី​ចាស់​ដែរ​។



​ថ្លែង​ក្នុង​ពិធី​ប្រកាស​ដាក់អោយអនុវត្ត​ដំណាក់កាល​ទី​៣ និង​កិច្ចប្រជុំ​ត្រួតពិនិត្យ​វាយតម្លៃ​វឌ្ឍនភាព​ប្រចាំឆ្នាំ​២០១៥ នៃ​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណ​: នៅ​ព្រឹក​នេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ការសម្រេច​កំណែ​ទម្រ​ង​រដ្ឋាភិបាល​ពេលនេះ គឺជា​ការសម្រេចចិត្ត​ដោយផ្ទាល់​របស់លោក ហើយ​មិនមែន​ធ្វើតាម​ការរិះគន់ ឬ​បង្គាប់បញ្ជា​ពី​អ្នកណា​ឡើយ​។​

សូមស្ដាប់ប្រសាសន៍សម្ដេច ហ៊ុន សែន៖



​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បានដឹង​ពី​ការ​អសមត្ថភាព​របស់​រដ្ឋ​មន្ត្រី​មួយចំនួន​នោះ បាន​ពិចារណា​ច្រើនដង​ហើយ​ដែរ មុននឹង​លោក​សម្រេចចិត្ត​រុះរើ​គណៈរដ្ឋមន្ត្រី​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ នៃ​អាណត្តិ​ទី​៥​នេះ​។ សម្ដេច ហ៊ុន សែន បាន​អះអាង​ដោយ​ភាពជឿជាក់​កន្លងមក​ថា ការរុះរើ​គណរដ្ឋមន្ត្រី​នេះ គឺជា​ការបង្កើន​ប្រសិទ្ធភាព​ការងារ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ។ ហើយ​មន្ត្រី​ដែល​បាន​ផ្លាស់ប្ដូរ​តំណែង និង​បញ្ចប់​តួនាទី​នោះ មិនមែនជា​មនុស្ស​ដែល​សម្ដេច ចង់​កម្ចាត់​ចោល​នោះឡើយ​។​

​ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា បាន​រិះគន់​កាលពី​ម្សិលមិញ​ថា ការរុះរើ​គណៈរដ្ឋមន្ត្រី​របស់​សម្ដេច ហ៊ុន សែន ពេលនេះ គឺ​គ្រាន់តែ​ជាការ​បង្ហាញ​រូបភាព​សើៗ ដែល​មិនមែន​ជាការ​កំណែទម្រង់ ដើម្បី​ប្រសិទ្ធភាព​ការងារ​ឡើយ​។ លោក​ថា ៖«​ការវាយតម្លៃ​ស្ថានការណ៍​នេះ​របស់​យើងខ្ញុំ ខ្ញុំ​គិតថា​ការបង្ហាញ​គ្រាន់តែ​ជាការ​សើៗ​នៅ​ខាងលើ មិនមាន​ប្រព័ន្ធ​នៃ​ការកែទម្រង់​ច្បាស់លាស់ ខ្ញុំ​ជឿថា​មិនអាច​សម្រេច​តាម​គោលបំណង​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ឡើយ​»៕


Tag:
 សម្ដេច ហ៊ុន សែន
 គណៈរដ្ឋមន្រ្តី
© រក្សាសិទ្ធិដោយ thmeythmey.com