ជាតិ
សមយុទ្ធ​ឆ្មាំ​អង្គរ​កម្ពុជា​-​អាមេរិក​នៅ​ខេត្តកំពង់ស្ពឺ បិទ​បញ្ចប់​នា​ថ្ងៃ​សុក្រ​
23, Mar 2016 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
 
​កងយោធពល​ខេមរភូមិន្ទ និង​កងកម្លាំង​ជើងគោក​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​តំបន់​ប៉ាស៊ីហ្វិក​នឹង​រៀបចំ​ពិធី​បិទ​ជា​ផ្លូវការ​នៃ​សមយុទ្ធ​ឆ្មាំ​អង្គរ ឆ្នាំ ២០១៦ នៅ​ថ្ងៃ​សុក្រ ទី ២៥ ខែមីនា ខាងមុខ​នៅក្នុង​ខេត្តកំពង់ស្ពឺ​។​

 
​សមយុទ្ធ​ឆ្មាំ​អង្គរ​គឺជា​សមយុទ្ធ​ទ្វេភាគី​ប្រចាំឆ្នាំ ដែល​ឧបត្ថម្ភ​ដោយ​កងកំលាំង​ជើងគោក​អាមេរិក​ប្រចាំ​នៅ​តំបន់​ប៉ាស៊ីហ្វិក ហើយ​មាន​កងយោធពល​ខេមរភូមិន្ទ​ជា​ម្ចាស់ផ្ទះ ផ្តោត​ការយកចិត្តទុកដាក់​លើ​ប្រតិបត្តិការ​ផ្តល់ជំនួយ​សង្គ្រោះ​មហន្តរាយ និង​ជំនួយ​មនុស្សធម៌​។ ឆ្នាំនេះ​គឺជា​ឆ្នាំ​ទី ៧​ជាប់​គ្នា​នៃ​សមយុទ្ធ​ថ្នាក់​តំបន់​ដ៏​មាន​សារៈសំខាន់ និង​មាន​ប្រយោជន៍​ខ្ពស់​នេះ ដែល​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី ១៤ ដល់​ថ្ងៃទី ២៥ ខែ​មិនា ឆ្នាំ ២០១៦​។​
 
​សកម្មភាព​សំខាន់ៗ​នៃ​សមយុទ្ធ​ឆ្មាំ​អង្គរ​រួមមាន​ការហ្វឹកហ្វឺន​នៅ​ប៉ុ​ស្ត៍​បញ្ជាការ ការផ្លាស់ប្តូរ​គ្នា​លើ​ជំនាញ​វិស្វកម្ម ការសង្គ្រោះ​បន្ទាន់​ផ្នែក​ពេទ្យ និង​ការហ្វឹកហ្វឺន​លើ​ការ​កំចាត់​យុទ្ធភណ្ឌ​ផ្ទុះ និង​យុទ្ធនា​ការផ្តល់​ឈាម​។ ពិធី​បិទ​មាន​សុន្ទរកថា​របស់​មន្ត្រី​មកពី​កងកំលាំង​ជើងគោក​អាមេរិក​ប្រចាំ​នៅ​តំបន់​ប៉ាស៊ីហ្វិក និង​កងយោធពល​ខេមរភូមិន្ទ ព្រមទាំង​ការធ្វើ​បង្ហាញ​ឡើងវិញ​នូវ​ការ​ជន្លៀស​អ្នករងគ្រោះ នៅក្នុង​អំឡុងពេល​នៃ​បេសកកម្ម​ថែរក្សា​សន្តិភាព ការ​លោតឆ័ត្រ​យោង​អោយមើល យុទ្ធនា​ការផ្តល់​ឈាម និង​ការបង្ហាញ​ដទៃទៀត​។​
 
​ពិធី​បិទ​ជា​ផ្លូវការ​នៃ​សមយុទ្ធ​ឆ្មាំ​អង្គរ ឆ្នាំ ២០១៦ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​សុក្រ ទី ២៥ ខែ​មិនា ឆ្នាំ ២០១៦ នៅវេលា​ម៉ោង ៨ ព្រឹក នៅ​សាលា​ហ្វឹកហ្វឺន​សំរាប់​កំលាំង​ថែរក្សា​សន្តិភាព​ពហុ​ជាតិ​របស់​កងយោធពល​ខេមរភូមិន្ទ ក្នុង​ខេត្តកំពង់ស្ពឺ​៕
 
 
 

Tag:
 សមយុទ្ធ​ឆ្មាំ​អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com