ជាតិ
សង្គមជាតិ
អាជ្ញាធរ​អប្សរា​ស្នើ​ចិន​ពង្រីក​ការផ្តល់​ទិន្នន័យ​នៅលើ​អាកាស​ក្នុង​តំបន់​អង្គរ
23, Mar 2016 , 10:40 am        
រូបភាព
សៀមរាប៖ ប្រទេស​ចិន​បានផ្តល់​ទិន្នន័យ​ពី​ប្រព័ន្ធ​ផ្កាយរណប​របស់ខ្លួន ដែល​ហោះ​កាត់​ក្នុង​តំបន់​អង្គរ ដល់​អាជ្ញាធរ​ជាតិ​អប្សរា។ ទិន្នន័យ​នេះ បាន​ជួយ​សម្រួល​លើ​ការងារសំខាន់ៗនៅក្នុង​រមណីយដ្ឋាន​អង្គរ មានការ​គ្រប់គ្រង​ធនធានទឹក ការគ្រប់គ្រង​ព្រៃឈើ និង​គ្រប់គ្រង​ប្រជាពលរដ្ឋ​ជាដើម។ ដើម្បី​បន្ត​កិច្ចសហប្រតិបត្តិការ និង​ពង្រីក​លើ​ការងារ​ក្នុង​តំបន់​របស់ខ្លួន អាជ្ញាធរ​ជាតិ​អប្សរា បានស្នើ​ដល់​ភាគី​ចិន ឲ្យ​ពង្រីក​ការផ្តល់​ទិន្នន័យ​នៅ​តំបន់​អង្គរ​ទៅ​តំបន់​ផ្សេងទៀត មាន​តំបន់​ព្រះវិហារ សំបូរ​ព្រៃ​គុក និង​ទន្លេសាប។



លោក​សាស្ត្រ​ចា​រ្យ បៃ ឈុនលី (BAI Chunli) ប្រធាន​នៃ​រាជបណ្ឌិតសភា​វិទ្យាសាស្ត្រ​ចិន បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា លោក សុខ អាន កាលពី​ល្ងាច​ថ្ងៃទី២២ មីនា ម្សិលមិញ។ ក្នុងជំនួប​នោះ គឺ​ដើម្បី​ពិភាក្សា​លើ​ការងារ​អនុវត្ត​គម្រោង​ប្រព័ន្ធ​បច្ចេកវិទ្យា​អាវ​កាស ដែល​កំពុង​ប្រើប្រាស់​ក្នុង​តំបន់​អង្គរ​សព្វថ្ងៃ។ បច្ចេកវិទ្យា​នេះ​អាច​ឲ្យ​គេ​ដឹង​ពី​ព័ត៌មាន​នៃ​ការប្រែប្រួល​ក្នុង​តំបន់​អង្គរ ក្នុងពេល​វេលា​ដ៏​លឿន​បំផុត។

ផ្កាយរណប​របស់​ចិន បាន​ហោះ​ឆ្លងកាត់​តំបន់​អង្គរ​រយៈពេល៤ថ្ងៃ​ម្តង ហើយ​វា​អនុញ្ញាត​ឲ្យ​ឃើញ​រូបភាព​ក្នុង​តំបន់​អង្គរ និង​ទិន្នន័យ​លម្អិតផ្សេងៗ ។ នេះ​ជាការ​លើកឡើង​របស់លោក ហង់ ពៅ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​ទទួលបន្ទុក​ការគ្រប់គ្រង​ធនធានទឹក ដែល​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​អំពី​កិច្ចពិភាក្សា​ជាមួយ​ភាគី​ចិន។ លោក ហង់ ពៅ បន្ថែមថា បច្ចេកវិទ្យា​ថ្មី​របស់​ចិន មានដូចជា​ការប្រើប្រាស់​យន្តហោះតូចៗ ដូចជា Drone ជាដើម​នោះ គឺអាច​ផ្គុំ​រូប​ភាពជា 3D អាច​វាស់​អាគារ ផ្ទះ និង​ចំងាយផ្សេងៗ ដោយ​ចំណាយពេល​តិច ប៉ុន្តែ​អាច​ដឹង​ទិន្នន័យ​លម្អិត​ជាង។ គេ​ក៏​អាច​ដឹង​ពី​ទ្រង់ទ្រាយ​ដើមឈើ​តូច រហូតដល់​ធំ តាមរយៈ​ផ្កាយរណប​របស់​ចិន​នេះ​ផងដែរ។

ក្នុងនោះដែរ​លោក ហង់ ពៅ បាន​ដកស្រង់​សំដី​របស់លោក សុខ អាន ក្នុង​កិច្ចពិភាក្សា​ជាមួយ​ភាគី​ចិន។ លោក សុខ អាន ស្នើ​ឲ្យ​ចិន​ផ្តល់​អាហារូបករណ៍​ដល់​បុគ្គលិក​អាជ្ញាធរ​អប្សរា និង​អ្នកជំនាញ​ផ្សេងទៀត ដើម្បី​ទៅ​រៀន​ពី​បច្ចេកវិទ្យាថ្មីៗ ដើម្បី​យកមក​អនុវត្តន៍​ក្នុងប្រទេស​ខ្លួន ទោះ​បច្ចុប្បន្ន​កម្ពុជា​ពុំទាន់​មាន​ឧបករណ៍​ទាំងនោះ​គ្រប់គ្រាន់​ក៏ដោយចុះ ប៉ុន្តែ​អាជ្ញាធរ​អប្សរា មាន​ស្ថានីយ៍​សិប្ប​និមិត្ត ដែល​ចាំ​ទទួល​រូបភាព​បញ្ជូន​ពី​ប្រទេស​ចិន។

ឆ្លើយតប​ចំពោះ​សំណើរ​នេះ លោក​សាស្ត្រ​ចា​រ្យ បៃ ឈុនលី បាន​ស្វាគមន៍ និង​កោរ​សរសើរ​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​បស់​ភាគី​ទាំងពីរ។ ចំពោះ​កិច្ចសហការ​នេះ នឹង​អាច​ឲ្យ​ភាគី​ទាំងពីរ អាច​ចែករំលែក​ចំណេះដឹង​ពីគ្នា​ទៅវិញទៅមក។ នេះ​ជាការ​លើកឡើង​របស់លោក ឈុនលី។

ក្នុងការ​គ្រប់គ្រង​បេតិកភណ្ឌ​មនុស្សជាតិ តំបន់​អង្គរ គឺជា​តំបន់​ស្នូល ក្នុងការ​អភិរក្ស នូវ​ការវិវត្តន៍​នូវ​ទំនាក់ទំនង​រវាង​ភាគី​ចិន និង​អប្សរា។ យ៉ាងណា មិនមែន​មានតែ​តំបន់​អង្គរ​នោះទេ គឺមាន​ប្រាសាទព្រះវិហារ ហើយឆាប់ៗខាងមុខ​មាន​ប្រាសាទសំបូរព្រៃគុក និង​ទន្លេសាប​ជាដើម ដែល​ការ​នេះ​ទាមទារ​ឲ្យ​ចិន ជួយ​ពង្រីក​ការផ្តល់​ទិន្នន័យ​ដល់ទី​តាំង​នោះ ដើម្បី​ងាយស្រួល​គ្រប់គ្រង និង​ទទួលបាន​ទិន្នន័យផ្សេងៗបាន​យ៉ាង​ឆាប់រហ័ស និង​ចំណេញ​ពេលវេលា​ច្រើន​សម្រាប់​ក្រុមការងារ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ហង់ ពៅ៕




© រក្សាសិទ្ធិដោយ thmeythmey.com