ពីនេះ ពីនោះ
តើ​ធម្មជាតិ​មនុស្ស​ល្អ ឬ​អាក្រក់​?
24, Mar 2016 , 8:45 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មនុស្ស​គឺជា​ភាវៈរស់​មួយ​ប្រភេទ​ដែលមាន​លក្ខណៈពិសេស​ជាង​ភាវៈរស់​រាប់លាន​ប្រភេទ​នៅក្នុង​ចក្រ​វា​ឡ នោះ​គឺ​មនុស្ស​ជា​ភាវៈ​មាន​វិចារណញ្ញាណ​។ មនុស្ស​មាន​វិចារណញ្ញាណ នោះ​គឺ​មានន័យថា មនុស្ស​ចេះ​គិតពិចារណា ដឹង​ខុស ដឹង​ត្រូវ ដឹង​បុណ្យ ដឹង​បាប ស្គាល់​ល្អ ស្គាល់​អាក្រក់ និង​ចេះ​គ្រប់គ្រង​លើ​សកម្មភាព​រស់នៅ​រប​ស់​ខ្លួន​ថា​គួរ​ធ្វើ​អ្វី និង​មិនគួរ​ធ្វើ​អ្វី​ជាដើម​។ ប៉ុន្តែ ចុះ​ហេតុអ្វី​បាន​ជាមាន​មនុស្ស​ល្អ មនុស្ស​អាក្រក់​? តើ​ជាទូទៅ​ធម្មជាតិ​របស់​មនុ​ស្សបែ​ប​ណា​វិញ​?



​នៅក្នុង​ការគិត​ទស្សនវិជ្ជា អ្នក​ប្រាជ្ញា​ជំនាញ​ទស្សនវិជ្ជា​បានកំណត់​យក​ទស្សនៈ​បី ស្ដីពី​ធម្មជាតិ​របស់​មនុស្ស​។ នៅក្នុង​ទស្សនៈ​ទាំងបី​នេះ ទស្សនវិទូ​ខ្លះ​យល់ឃើញថា ធម្មជាតិ​មនុស្ស​គឺ​អាក្រក់ ខ្លះ​យល់ថា​ល្អ ចំណែក​ខ្លះទៀត​យល់ថា​អព្យាក្រឹត គឺ​មិនល្អ មិនអាក្រក់​។​

​ចំពោះ​ទស្សនៈ​ទីមួយ អះអាងថា ធម្មជាតិ​របស់​មនុស្ស​គឺ​អាក្រក់​។ អ្នក​ដែលមាន​ទស្សនៈ​បែបនេះ​គឺ លើ​ឡើង​ប្រហាក់ប្រហែលគ្នា រវាង​លោក St. Augustine ជា​ទស្សនវិទូ​ខាង​គ្រិស្ដសាសនា​, អ្នក​ជីវ​វិទូ​នៅ​ស​.​វ​ទី​១៩, អ្នកសេដ្ឋកិច្ចវិទូ ជាពិសេស​គឺ​ទស្សនៈ​ដ៏​រឹងមាំ​របស់​ទស្សនវិទូ​លោក Thomas Hobbes​។ លោក St. Augustine បាន​អះអាងថា កំណើត​របស់​មនុស្ស បាន​នាំមក​នូវ​អំពើ​បាប​នានា មក​ជាប់​ខ្លួន​តាំងពី​កំណើត ហេតុនេះ​ធម្មជាតិ​របស់​មនុ​ស្សគឺ​អាក្រក់ ដោយ​ផ្អែក​យ៉ាងខ្លាំង​ទៅលើ​រឿងនិទាន​ក្នុង​គ្រិស្ដសាសនា​។ ចំណែក​ទស្សនវិទូ​ផ្សេងៗ យល់ថា​ធម្មជាតិ​របស់​មនុ​ស្សអា​ក្រក់ ព្រោះ​មនុស្ស​មាន​សារជាតិ អាត្មានិយម អត្តទត្ថបុគ្គល លោភលន់ កាច​សាហាវ និង​ពុករលួយ​។

​ផ្ទុយទៅវិញ ទស្សនៈ​ទី​ពីរ បាន​អះអាងថា ធម្មជាតិ​របស់​មនុស្ស​គឺ​ល្អ ព្រោះ​មនុស្ស​គឺជា​ផ្នែក​មួយ​នៃ​ធម្មជាតិ ដោយ​ធម្មជាតិ​វា​ល្អ ដូចនេះ​មនុស្ស​ក៏ត្រូវ​ចាត់ទុកថា​ល្អ​ដែរ​។ ប៉ុន្តែ​នៅពេល​មនុស្ស​ប្រមូល​ផ្ដុំគ្នា​រស់នៅ​ជា​សាធារណៈ ទៅជា​សង្គម​នីយកម្ម បានធ្វើ​ឲ្យ​មនុស្ស​ជួប ប្រទះ​ជាមួយ​រូបភាព​អំពើពុករលួយ អំពើ​បាប និង​ការជួប​ប្រទះ​បរិស្ថាន​ជុំវិញខ្លួន បានចាប់ផ្ដើម​ធ្វើ​ឲ្យ​មនុស្ស​ក្លាយជា​អាត្មានិយម មាន​ភាព​ក្រអឺតក្រទម ចង់បាន​អំណាច នាំទៅរក​សកម្ម​ភាពកាចសាហាវ និង​ហិង្សា​នានា​។ ចំពោះ​ទស្សនៈ​ថា ធម្មជាតិ​មនុស្ស​ល្អ នេះ​គឺ​ត្រូវបាន​គេ​ស​ង្គេ​ត​ឃើញថា ទស្សនវិទូ​ដែល​ល្បីល្បាញ​ជាងគេ​ចំពោះ​គំនិត​មួយ​នេះ​គឺ​លោក ហ្ស​ង់​ហ្សា​ក់ រ៉ូ​សូ​, ខុង​ជឺ និង​ម៉េង​ជឺ ជាដើម​។​

​យ៉ាងណា​ម៉ិ​ញ ទស្សនៈ​ទី​បី បាន​អះអាងថា ធម្មជាតិ​របស់​មនុស្ស​គឺ​អព្យាក្រឹត គឺ​មានន័យថា ធម្មជាតិ​របស់​មនុស្ស​គឺ​មិនល្អ ហើយក៏​មិនអាក្រក់​ដែរ​។ ប៉ុន្តែ ដោយសារ​សក្ដានុពល​ដ៏​ធំធេង​ចំពោះ​អំពើ​ល្អ និង​អាក្រក់ មិន​ដូច​សត្វ​ថ្នាក់ទាប​ផ្សេងៗ មនុស្ស​មាន​ទំនោរ​បត់បែន ហើយ​មាន​សមត្ថភាព​រៀនសូត្រ ។ ការ​ក្លាយទៅជា​មនុស្ស​ល្អ​ឬ​អាក្រក់ គឺជា​លទ្ធផល​នៃ​ឥទ្ធិពល​នានា​ក្នុង​បរិស្ថាន​ជុំវិញ ហើយនឹង​កិច្ចការ​នៅក្នុង​ចិត្ត គំនិត​របស់គេ ទាំងនេះហើយ​ដែល​គេ​គិតថា មនុស្ស​គឺជា​ភាវៈ​ដែល​ចេះ​ពិចារណា​។ ទស្សនៈ​ដែល​កំណត់ថា ធម្មជាតិ​មនុស្ស​អព្យាក្រឹត គឺមាន​ប្រជាប្រិយភាព​ចំពោះ​ទស្សនវិទូ ចិត្តវិទូ និង​អ្នក​គរុ​វិទូ​៕

​ដកស្រង់​ពី​សៀវភៅ​៖ ទស្សនវិជ្ជា​, រៀបរៀង សាស្ត្រាចារ្យ ញ៉ឹម បាក់ង​ន​


© រក្សាសិទ្ធិដោយ thmeythmey.com