ជាតិ
សង្គមជាតិ
អគ្គិសនី​សៀមរាប​ប្រកាសផ្អាកការ​ផ្គត់ផ្គង់​មួយថ្ងៃ​នៅ​ទូទាំង​ខេត្ត
24, Mar 2016 , 2:35 pm        
រូបភាព
សៀមរាប៖ អគ្គិសនី​សៀមរាប បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​ទូទាំង​ខេត្ត។ ការផ្អាក​ផ្គត់ផ្គង់​អគ្គិសនី​គឺធ្វើឡើង​ពេញ​មួយថ្ងៃ ដើម្បី​បន្ថែម​ត្រង់​ស្វូ​រ​ថ្មី។



នៅ​ថ្ងៃទី២៦ ខែមីនា​ខាងមុខនេះ អគ្គិសនី​ខេត្តសៀមរាប នឹងធ្វើ​ការផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​ពេញ​ទូទាំង​ខេត្តសៀមរាប។ ការផ្អាក​គឺធ្វើឡើង​ចាប់ពី​ម៉ោង ៨ព្រឹក ដល់​ម៉ោង ៤រសៀល។ ក្នុង​ខ្លឹមសារ​សេចក្តីជូនដំណឹង​របស់​អគ្គិសនី​ខេត្តសៀមរាប បានបញ្ជាក់​ពី​មូលហេតុ​យ៉ាង​ដូច្នេះ​ថា គឺ​ដើម្បី​ធ្វើការ​បន្ថែម​ត្រង់​ស្វូ​រ​ថ្មី ៥០ MVA នៅ​អនុ​ស្ថានីយ៍​ថ្មី ស្ថិតនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប។

យ៉ាងណាក៏ដោយ អគ្គិសនី​ខេត្តសៀមរាប បញ្ជាក់ថា តំបន់​មួយចំនួន​តូច​នៅតែ​អាចមាន​អគ្គិសនី​ប្រើប្រាស់​ឆ្លាស់គ្នា​អំឡុងពេល​ការផ្អាក​ផ្គត់ផ្គង់ ដែល​ថាមពល​នោះបាន​មកពី​ម៉ាស៊ីនភ្លើង​របស់​អគ្គិសនី​ខេត្ត ដែលមាន​កម្លាំង ១០MW។

គួរ​បញ្ជាក់ថា អគ្គិសនី​ខេត្តសៀមរាប​មាន​ប្រភពពី​ប្រទេស​ថៃ ដោយ​ភ្ជាប់​តាមរយៈ​ខ្សែ​បញ្ជូនបន្ត​ពី​ខេត្តបន្ទាយមានជ័យ។ ខ្សែ​បញ្ជូន​សព្វថ្ងៃ​មាន​កម្រិត​តង់ស្យុង ១១៥គីឡូវ៉ុល។ បើតាម​ការបញ្ជាក់​ពី​ប្រធាន​អគ្គិសនី លោក គង់ ពុ​ទ្ធី ដែល​ធ្លាប់បាន​ប្រាប់​សារព័ត៌មានថ្មីៗនាពេល​កន្លងមក គឺ​ខាង​អគ្គិសនី​កំពុង​រៀបចំ​ផែនការ​ត​ខ្សែបណ្តាញ​ពី​ប្រទេស​ថៃ បញ្ជូន​តាម​ខេត្តបាត់ដំបង មកកាន់​ខេត្តសៀមរាប ដែលមាន​តង់ស្យុង​រហូតដល់ ២៣០ គីឡូវ៉ុល ដើម្បី​ជំនួស​ខ្សែ​បញ្ជូន​សព្វថ្ងៃ ដែលមាន​ចំងាយ​ឆ្ងាយ។ ការបន្ថែម​នេះ បើតាម​លោក គង់ ពុ​ទ្ធី គឺ​ដើម្បី​បំពេញតម្រូវការ​ប្រើប្រាស់​ក្នុង​ខេត្តសៀមរាប ដែលមាន​កំណើន​ប្រើប្រាស់​ប្រមាណ ៧០មេ​ហ្គា​វ៉ា​ត់៕



Tag:
 អគ្គិសនីសៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com