ជាតិ
សង្គមជាតិ
កុមារ​ដែល​រស់នៅ​មណ្ឌល​ថែទាំ​ជិត​៨០​ភាគរយ មាន​ឪពុក ឬ​ម្តាយ ឬ​សាច់ញាតិ​នៅរស់​
25, Mar 2016 , 7:59 am        
រូបភាព
credit រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
credit រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
 
​កុមារ​ប្រមាណ​ជិត​៨០​ភាគរយ ដែល​រស់​នៅតាម​មណ្ឌល​ថែទាំ​នៅ​កម្ពុជា   មាន​ម្តាយ ឬ​ឪពុក កំពុង​រស់រានមានជីវិត និង​មាន​សាច់ញាតិ​របស់ខ្លួន​។ តួលេខ ត្រូវបាន​បង្ហាញ​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​រួម​រវាង​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា និង​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។ តួលេខ​ដ៏​ខ្ពស់​នេះ ក៏បាន​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​ស្ថាប័ន​ពាក់ព័ន្ធ ខណៈ​ការស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​រកឃើញថា   ការរស់នៅ​តាម​មណ្ឌល​ថែទាំ អាច​បង្ក​គ្រោះថ្នាក់​ដល់​ការអភិវឌ្ឍ​សង្គម  កាយសម្បទា បញ្ញា​ស្មារតី និង​អារម្មណ៍​របស់​កុមារ និង​មាន​ផលប៉ះពាល់​រយៈពេល​វែង​លើ​ជីវិត​របស់​ពួកគេ នៅពេល​គេ​ធំ​ពេញវ័យ​។​

 
​កុមារ​ចំនួន​៣​នាក់ ក្នុងចំណោម ៤​នាក់ ឬ​ស្មើនឹង​៧៧​ភាគរយ នៃ​កុមារ​ដែល​ដែល​រស់​នៅតាម​មណ្ឌល​ថែទាំ​នៅ​កម្ពុជា   មាន​ម្តាយ ឬ​ឪពុក កំពុង​រស់រានមានជីវិត និង​មាន​សាច់ញាតិ​របស់ខ្លួន​។  តួលេខ​នេះ បាន​ក្លាយជា​កង្វល់​រប​ស់ ស្ថាប័ន​ពាក់ព័ន្ធ ខណៈ​ការស្រាវជ្រាវ​រកឃើញថា ការរស់នៅ​តាម​មណ្ឌល​ថែទាំ អាច​បង្ក​គ្រោះថ្នាក់​ដល់​ការអភិវឌ្ឍ​សង្គម  កាយសម្បទា បញ្ញា​ស្មារតី និង​អារម្មណ៍ និង​មាន​ផលប៉ះពាល់​រយៈពេល​វែង​លើ​ជីវិត​របស់​ពួកគេ​។  
 
​យោងតាម​សេចក្តី ប្រកាស​ព័ត៌មាន​រួម​រវាង​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា និង​ក្រសួង​សង្គមកិច្ច មាន​កត្តា​ជាច្រើន​ដែល​អាចមាន​ឥទ្ធិពល​លើ​ការសម្រេចចិត្ត​របស់​គ្រួសារ ក្នុងការ​បញ្ជូន​កុមារ​ទៅ​ដាក់​ក្នុង​មណ្ឌល​ថែទាំ​។ កត្តា​ទាំងនោះ មានដូចជា​ការបែកបាក់​គ្នា​រវាង​ឪពុកម្តាយ ភាពក្រីក្រ ចំណាកស្រុក​របស់​ឪពុកម្តាយ និង​មាន​ឪពុកម្តាយ​មួយចំនួន​ច្រ​លំ​ថា ការយក​កូន​ទៅ​ផ្ញើ​តាម​មណ្ឌល គឺជា​ជម្រើស​ល្អ​សម្រាប់​ឲ្យ​កូន​ទទួលបាន​ការអប់រំ និង​ការថែទាំ​កាន់តែ​ល្អ គួបផ្សំ​នឹង​ការខិតខំ​ស្វះ​ស្វែងរក​កុមារ និង​ការផ្សព្វផ្សាយ​ជំរុញ​របស់​មណ្ឌល​ផងដែរ​។  
 
​លោកស្រី ដេ​បូរ៉ា កូ​មី​នី ប្រធាន​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖«​ការ​ស្នាក់​នៅក្នុង​មណ្ឌល  អាចធ្វើ​ឲ្យ​កុមារ​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​ផ្សេងៗ  ដូចជា​ការរំលោភបំពាន​ផ្លូវកាយ​និង​ផ្លូវភេទ និង​ផលប៉ះពាល់​ជា​អវិជ្ជមាន​លើ​ការអភិវឌ្ឍ​ជារួម​របស់​កុមារ​។ មូលហេតុ​នេះហើយ​បានជា​យើង​បន្ត​លើកកម្ពស់ អំពី​សារៈសំខាន់​នៃ​ការថែទាំ​កុមារ​តាម​គ្រួសារ​និង​សហគមន៍​។​
 
​លោកស្រី ដេ​បូរ៉ា កូ​មី​នី បាន​បន្តថា​៖«​យើង​ត្រូវ​ចាត់ទុក​មណ្ឌល​ថែទាំ ជា​ជម្រើស​ចុង ក្រោយ និង​ជា​ដំណោះស្រាយ​បណ្តោះអាសន្ន សម្រាប់​កុមារ​ដែល​គ្មាន​ឪពុកម្តាយ ឬ​គ្រួសារ​ជា​ថែទាំ​»​។​
 
​ផ្អែក​តាម​ការសិក្សា​អង្កេត​មួយ ដែល​បាន​ធ្វើឡើង​ដោយ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​នៅ​ឆ្នាំ​២០១៥  មាន​កុមារ​ចំនួន​១១,៧៨៨​នាក់ កំពុង​រស់នៅ​តាម​មណ្ឌល​ថែទាំ​ចំនួន​២៦៧​កន្លែង  នៅក្នុង​រាជធានី​ខេត្ត​ចំនួន​៥​ប៉ុណ្ណោះ គឺ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្ត​ព្រះសីហនុ​និង​ខេត្តកណ្តាល ។  ចំនួន​នៃ​មណ្ឌល​ថែទាំ​នៅក្នុង​ខេត្ត​ទាំង​៥​ដដែល​នេះ កើនឡើង​៩២​ភាគរយ នៃ​ចំនួន​មណ្ឌល​ដែល​ត្រូវបានធ្វើ អធិការកិច្ច​កន្លងមក បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ដែល​មានតែ​១៣៩​កន្លែង និង​មាន​កុមារ​កំពុងស្នាក់នៅ​ចំនួន ៧,៥៤៥​នាក់​ប៉ុណ្ណោះ​។​
 
​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​រួម​ដដែល លោក វង សូត បាន​ហៅ​ការធ្វើអង្កេត​ដែល​គាំទ្រ​ដោយ​អង្គការ​យូ​នី​សេ​ហ្វ ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​សហរដ្ឋអាមេរិក នឹង​គម្រោង​ភាពជា​ដៃគូ​ដើម្បី​កិច្ចការពារ​កុមារ​(3PC) នេះ​ថា ជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រសួង ដើម្បី​កំណត់​ឲ្យ​បាន​ពី​វិសាលភាព​ពិតប្រាកដ នៃ​ការ​កើន​ទ្បើង​ចំនួន​មណ្ឌល​ថែទាំ​កុមារ និង​ដឹង​ពី​មណ្ឌល​ដែល​ទទួល​កុមារ​ស្នាក់នៅ សំដៅ​ធានា​ឲ្យ​មាន​ការចុះ​ត្រួតពិនិត្យ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​ការធ្វើ​អធិការកិច្ច​ប្រចាំឆ្នាំ​ជា​ទៀងទាត់​។​
 
​យ៉ាងណាក៏ដោយ​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា រូបនេះ ក៏បាន​បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​តួលេខ​នេះ​។ លោក​ថា​៖«​ការកើនឡើង​នូវ​ចំនួន​មណ្ឌល​ថែទាំ​កុមារ ដោយ​មិនអាច​គ្រប់គ្រង​បាន​ក្នុងប្រទេស​នេះ ដែល​នាំ​ឲ្យ​មាន​ហានិភ័យ​ដល់​សុខុមាលភាព និង​សុវត្ថិភាព​កុមារ​រស់នៅ​តាម​មណ្ឌល​ដែល​ពុំមាន​ការពិនិត្យ​តាមដាន​ត្រឹមត្រូវ​»​។ 
 
​ក្រៅពី​ការកំណត់​ទីតាំង​មណ្ឌល​ក្នុង​ខេត្ត​ទាំង​៥ ការអង្កេត​ក៏បាន​រកឃើញ​ដែរ​ថា មាន​កុមារ​ប្រមាណ ៦,៦៦៣ នាក់​ទៀត កំពុង​រស់នៅ​ផ្ទះ​ជា​ក្រុម ផ្ទះ​សំចត  វត្ត​អារាម  អគារ​សាសនា និង​ទីកន្លែង​ទទួល​សិស្ស​ឲ្យ​ស្នាក់នៅ​ផងដែរ​។  
 
​ការអង្កេត​នេះ​នេះ​បានចាប់ផ្តើម​ឡើង​ក្នុងពេលដែល​រដ្ឋាភិបាល​កំពុង​ជំរុញ​ឲ្យ​មានការ​ពង្រឹង​ការគ្រប់គ្រង និង​ការចាត់ចែង មណ្ឌល​ថែទាំ​កុមារ​។ នេះ​ជា​គូសបញ្ជាក់​របស់លោក​ស្រី ដេ​បូរ៉ា កូ​មី​នី​។ សម្រាប់​ប្រធាន​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​ប្រទេស​កម្ពុជា​រូបនេះ  ចាត់ទុកថា​លទ្ធផល​នៃ​ការអង្កេត បានផ្តល់​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ស្តីពី​ស្ថានភាព​រស់នៅ​របស់​កុមារ​ក្នុង​មណ្ឌល​។ នេះ​គឺជា​ដំណាក់កាល​ដំបូង ឆ្ពោះទៅរក​ការថែទាំ​យូរអង្វែង​នៅក្នុង​ក្រុមគ្រួសារ និង​ការធ្វើសមាហរណកម្ម​ទៅក្នុង​សហគមន៍ ក៏ដូចជា​ការការពារ​កុមារ​ពី​ការចែក​បាក់​ពី​គ្រួសារ​ដោយ​គ្មាន​ភាពចាំបាច់​៕
 
 
 

Tag:
 វង សូត​
 ​យូ​នី​សេ​ហ្វ​
© រក្សាសិទ្ធិដោយ thmeythmey.com