ជាតិ
សង្គមជាតិ
ករណី​ឯកឧត្តម កឹម សុខា៖ លោក អេង ឆៃអ៊ាង​ ថា គ្មាន​ច្បាប់​​​ចែង​​​ឲ្យ​កោះ​​​តំណាង​​រាស្ត្រ​ចូល​​​បំភ្លឺ​
25, Mar 2016 , 7:36 pm        
រូបភាព
ដោយ:
លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​ទី ១ នៃ​រដ្ឋសភា បានបញ្ជាក់​នៅ​ថ្ងៃទី២៥ មីនា​នេះ​ថា រដ្ឋសភា​ពុំ​អាច​កោះអញ្ជើញ​តំណាងរាស្ត្រ​ឲ្យ​ចូល​បំភ្លឺ​ករណីណាមួយ ដូចការ​កោះហៅ​​តំណាង​​រាជរដ្ឋាភិបាល​​ចូលបំភ្លឺ​​​បញ្ហា​​​ការងារ​ពួកគេ​​នោះ​ទេ ពីព្រោះ​​ច្បាប់​ពុំ​មាន​ចែង។



លោក អេង ឆៃអ៊ាង ថ្លែង​បែបនេះ ក្រោយពី​ក្រុមយុវជន​ស្នើ​ប្រធានរដ្ឋសភា ជួយ​ព​ន្លឿ​ន​ការកោះហៅ​ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បកស្រាយ​បំភ្លឺ​ករណី​សំឡេង​ខ្សែអាត់ ដែល​ពួកគេ​សង្ស័យថា ជា​សំឡេង​លោក កឹម សុខា និង​នារី​ម្នាក់​ឈ្មោះ ស្រី មុំ នៅ​ថ្ងៃទី២៥ មីនា​នេះ។

យ៉ាងណា ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា​រូបនេះ នឹងធ្វើ​រាយការណ៍​ពី​សំណើ​ក្រុមយុវជន ជូន​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅ​សប្តាហ៍​ក្រោយ។ លោក អេង ឆៃអ៊ាង បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្រោយពី​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ អង្គ វង្ស​វ​ឌ្ឍ​នា បំភ្លឺ​ពី​បញ្ហា​ប្រព័ន្ធយុត្តិធម៌ នៅ​រសៀល​ថ្ងៃទី២៥ មីនា​នេះ នៅ​វិមាន​រដ្ឋសភា​យ៉ាង​ដូច្នេះ​ថា«ខ្ញុំ​នឹងធ្វើ​របាយការណ៍​ជូន​សម្តេច​ប្រធានរដ្ឋសភា ហេង សំរិន នៅសប្តាហ៍​ក្រោយ»។

លោក​បន្ត​ទៀតថា៖«ខ្ញុំ​សូមបញ្ជាក់​ផងដែរ​ថា នៅក្នុង​រដ្ឋធម្មនុញ្ញ ក៏ដូចជា​បញ្ជា​ផ្ទៃក្នុង​រដ្ឋសភា អត់​មាន​មាត្រា ឬ​ប្រការ​ណាមួយ ដែល​ចែង​អនុញ្ញាត​ឲ្យ​រដ្ឋសភា​កោះហៅ​តំណាងរាស្ត្រ​គ្នាឯងឲ្យ​ទៅ​បំភ្លឺ​នោះទេ គឺ​មានតែ​ការអនុញ្ញាត​ឲ្យ​កោះហៅ​តំណាង​រាជរដ្ឋាភិបាល រដ្ឋមន្ត្រី ដើម្បី​មក​បំភ្លឺ​ក្នុង​វិស័យ​ទទួលខុសត្រូវ​របស់ខ្លួន តែប៉ុណ្ណឹង»។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី២១ ខែមីនា លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា បាន​សរសេរ​លិខិត​ទៅ​ឯកឧត្តម កឹម សុខា ដើម្បី​ស្នើសុំ​ការឆ្លើយបំភ្លឺ​ទាក់ទង​នឹង​សំឡេង​អាត់​ឆ្លើយឆ្លង​ស្នេហា ជាមួយ​នារី​ម្នាក់​ដែល​គេ​សង្ស័យថា ជា​សំឡេង​របស់​ឯកឧត្តម កឹម សុខា ផ្ទាល់។
 
ការស្នើសុំ​នេះ ធ្វើឡើង​មួយ​សប្តាហ៍ បន្ទាប់ពី​តំណាង​យុវជន និង​និស្សិត​មួយក្រុម​ដែល​ដឹកនាំ​ដោយ យុវជន​ម្នាក់​ឈ្មោះ ស្រី ចំរើន បានដាក់​ញត្តិ​ទៅ​សភា។ លោក ឡេង ប៉េងឡុង បាន​លើកឡើងថា ការស្នើសុំ​នេះ គឺ​ដើម្បី​ការពារ​កិត្យានុភាព​របស់​រដ្ឋសភា ការពារ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​តំណាងរាស្ត្រ៕


Tag:
 ខ្សែអាត់សំឡេង
  កឹម សុខា
  រដ្ឋសភា
  អេង ឆៃអ៊ាង
© រក្សាសិទ្ធិដោយ thmeythmey.com