ជាតិ
សង្គមជាតិ
លោក អង្គ វង្ស​វ​ឌ្ឍ​នា ថា តុលាការ​មាន​ឯករាជ្យ តែ​លោក អេង ឆៃអ៊ាង ពុំទាន់​ជឿជាក់
25, Mar 2016 , 9:02 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ លោក អង្គ វង្ស​វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បន្ត​បដិសេធថា ក្រសួង​យុ​តិ្ត​ធម៌​ពុំបានលូកដៃ​ចូល​កិច្ចការងារ​ប្រព័ន្ធតុលាការ​នោះទេ លោក​អះអាងថា​ ក្រសួង​គ្រាន់តែ​ផ្តល់​ឯកសារ ឬ​ភស្តុតាង​មួយចំនួន​ដល់​តុលាការ ដើម្បី​ជួយ​រក​យុត្តិធម៌​ជូន​គូវិវាទ តែប៉ុណ្ណោះ។ ប៉ុន្តែ លោក អេង ឆៃអ៊ាង ពុំទាន់​ជឿជាក់​លើ​ការអះអាង​នេះឡើយ ដោយ​លោក​ថា រដ្ឋសភានឹង​បន្ត​តាមដាន​កិច្ចការងារ​ក្រសួង​មួយ​នេះ​ថែមទៀត។



លោក អង្គ វង្ស​វ​ឌ្ឍ​នា  បាន​ចូល​បំភ្លឺ​អំពី​បញ្ហា​ប្រព័ន្ធយុត្តិធម៌ ជាពិសេស​ការអនុវត្ត​របស់​ប្រព័ន្ធតុលាការ កន្លងមក ជូន​រដ្ឋសភា នៅ​ថ្ងៃទី២៥ មីនា​នេះ តាម​សំណើ​របស់លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​ទី ១ នៃ​រដ្ឋសភា គឺ​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា។

ក្រោយពី​ពិភាក្សា​អស់​វេលា​ជាង ៣ម៉ោង ក្នុង​វិមាន​រដ្ឋសភា ភាគី​ទាំងពីរបាន​ឯកភាពគ្នា​នឹងបន្ត​ដោះស្រាយ​បញ្ហា​ចំនួន ៤ចំណុច ក្នុងនោះ រួមមាន ការចាប់ ការឃុំខ្លួន និង​ការផ្តន្ទាទោស​អនីតិជន,ការឃុំខ្លួន​លើស​នីតិវិធី​កំណត់, កំហុស​នៃ​ការអនុវត្ត​ន៏ នីតិវិធី​ និង​ការមិន​អនុវត្តន៍តួនាទី​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា ជុំវិញ​ករណី​វិវាទ​ដីធ្លី និង​វិវាទ​ផ្សេងទៀត និងឯករាជ្យភាព​របស់​តុលាការ និង​ការជ្រៀតជ្រែក។

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ វង្ស​វ​ឌ្ឍ​នា បានសន្យាថា ក្រសួង​នឹង​បន្ត​ដោះស្រាយ​បញ្ហា​មួយចំនួន​បន្ថែមទៀត តប​តាម​សំណើ​លោក លោក អេង ឆៃអ៊ាង។ ចំពោះ​ករណី​ការងារ​តុលាការវិញ លោក​ថា ក្រសួង​ពុំ​អាច​ជ្រៀតជ្រែក​ការងារ​តុលាការ​បាន​នោះទេ លោក​ថា ករណី​ដែល​ចៅក្រម និង​ព្រះរាជអាជ្ញាបាន​ប្រព្រឹត្ត​កំហុស​នោះ ក្រសួង​នឹង​បញ្ជូន​ឯកសារ​ទៅ​ឧ​ត្ត​ម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម ដើម្បី​ពិនិត្យ និង​ដោះស្រាយ។

លោក​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​យ៉ាង​ដូច្នេះ​ថា៖«វា​មាន​ការយល់​ខុសគ្នា រឿងនេះ ខ្ញុំ​គឺ​ឆ្លើយ​ទៅ គឺ​ខ្ញុំ​មិនមាន​សិទ្ធិ​ឆ្លើយ​ផងដែរ ព្រោះ​វា ជា​រឿង​របស់​តុលាការ  ដូច្នេះ​ខ្ញុំ​សុំ​រក្សា​សិទ្ធិ​ឯករាជ្យភាព​របស់ខ្ញុំ​ដែរ ឯករាជ្យភាព​របស់​តុលាការ ប៉ុន្តែ​ឯករាជ្យភាព​របស់​ក្រសួងយុត្តិធម៌​ដែរ ជួនកាល​ករណីខ្លះ គឺ​ខ្ញុំ​អត់​មាន ជារួម គឺថា​រឿង​ទៅដល់​តុលាការ គឺ​រឿង​របស់​តុលាការ គឺ​ខ្ញុំ​គ្រាន់តែ​សុំ​ឲ្យ​តុលាការ​ព​ន្លឿ​ន​ករណី​ហ្នឹង សូម​ឲ្យ​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ រក​យុត្តិធម៌ ហើយ​ខ្ញុំ​មាន​ឯកសារផ្សេងៗ ខ្ញុំ​នឹង​បញ្ជូនទៅ​បន្ថែម ទៀត ដើម្បី​ឲ្យ​តុលាការ​មាន​ភស្តុតាង​គ្រប់គ្រាន់ ដើម្បី​កាត់សេចក្តី»។

ជាការ​ឆ្លើយតប លោក អេង ឆៃអ៊ាង បាន​សាទរ​នឹង​ការសន្យា​របស់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បើទោះបីជា លោក​ពុំទាន់​ជឿជាក់ថា រដ្ឋមន្ត្រីក្រសួង​យុ​តិ្ត​ធម៌​រូបនេះ អាចអនុវត្ត​តាម​ការ លើកឡើង និង​ការសន្យា​ខ្លួន​ក៏ដោយ។

លោក អេង ឆៃអ៊ាង ថ្លែង​ចំពោះមុខ​លោក អង្គ វង្ស​វ​ឌ្ឍ​នា យ៉ាង​ដូច្នេះ​ថា៖«យើង​មិនទាន់​ជឿ​ទាំងស្រុង​ទេ ខ្ញុំ និង​រដ្ឋសភា​នឹង​តាមឃ្លាំមើល​រឿងនេះ​ទៀត។ ប៉ុន្តែ​យើង​មានជំនឿថា ក្រោយពី​ការបំភ្លឺ​នេះ ក្រសួង​យុ​តិ្ត​ធម៌ នឹង​ដំណើរការ​ល្អប្រសើរ​ជាង​មុន។ បើ មិនមាន​ជំនឿ​តើ​យើង​ធ្វើ​រឿងនេះ (កោះហៅ​បំភ្លឺ) ធ្វើ​អ្វី»?


Tag:
 អង្គ វង្ស​វ​ឌ្ឍ​នា
  អេង ឆៃអ៊ាង
  តុលាការ
  យុតិ្តធម៌
© រក្សាសិទ្ធិដោយ thmeythmey.com