ជាតិ
សង្គមជាតិ
រដ្ឋាភិបាល​ផ្តល់​ថវិកា ៥ម៉ឺន​រៀល​ដល់​មន្ត្រីរាជការ​ស៊ីវិល​មួយនាក់ៗ ឱកាស​បុណ្យចូលឆ្នាំថ្មី
25, Mar 2016 , 11:31 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ រាជរដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​សម្រេច​ផ្តល់​ថវិកា​ចំនួន ៥ម៉ឺន​រៀល ជូន​មន្ត្រីរាជការ​ស៊ីវិល​មួយនាក់ៗ ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំវក ពុទ្ធសករាជ ២៥៦០ ត្រូវ​នឹង​គ្រិស្តសករាជ ២០១៦នេះ។ នេះបើតាមអនុក្រឹត្យ​ស្តីពី ការផ្តល់ប្រាក់​ឧបត្ថម្ភ​ក្នុងឱកាស​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ។ រដ្ឋាភិបាល​បាន​បង្គាប់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងពាក់ព័ន្ធ ឲ្យ​សហការគ្នា​ផ្តល់​ជា​បុរេប្រទាន​សម្រាប់​ប្រាក់ឧបត្ថម្ភ ដល់​មន្ត្រីម្នាក់ៗ យ៉ាងយូរបំផុត​ត្រឹម​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦។



បើតាម​អនុក្រឹត្យ​ស្តីពី ការផ្តល់ប្រាក់​ឧបត្ថម្ភ​ក្នុងឱកាស​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ ថវិកា​នេះ ត្រូវបាន​ឧបត្ថម្ភ​ដល់​មន្ត្រីរាជការ​ស៊ីវិល និង​អតីត​មន្ត្រីរាជការ​ស៊ីវិល​បាន និង​កំពុង​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ។

មន្ត្រី​ទាំងនោះ រួមមាន នគរបាលជាតិ​កម្ពុជា មន្ត្រី​ពន្ធនាគារ​ក្រសួងមហាផ្ទៃ យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ សមាជិក​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រធានភូមិ អនុប្រធាន​ភូមិ សមាជិក​ភូមិ មន្ត្រី​ជាប់កិច្ចសន្យា បុគ្គលិក​អ​ណ្តែ​ក​ដែល​កំពុង​បម្រើ​ការងារ នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​និវត្តជន ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ ជន​បាត់បង់ សមត្ថភាព​ការងារ និង​ជនពិការ​ដែលជា​អតីតមន្ត្រី​រាជការ​ស៊ីវិល អតីត​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ និង​អតីតមន្ត្រី​នគរបាលជាតិ​កម្ពុជា។

រដ្ឋាភិបាល​បាន​បង្គាប់​ក្រសួង ស្ថាប័ន​ដែល​បានរៀបចំ​ការបើក​គណ​នី​បៀវត្ស​ជូន​មន្ត្រីរាជការ បុគ្គលិក និង​ភ្នាក់ងារ​សាធារណៈ​របស់​ពួកគេ​រួចហើយ ត្រូវ​ប​ញ្ជូ​ល​ប្រាក់ឧបត្ថម្ភ​នេះ ចូលក្នុង​គណនី​មន្ត្រី​ទាំងនោះ​តែម្តង។ រីឯ ការផ្តល​ប្រាក់ឧបត្ថម្ភ​ដល់​មន្ត្រី​ជាប់កិច្ចសន្យា និង​បុគ្គលិក​អណ្តែត ត្រូវ​ប​ញ្ជូ​លតា​មគ​ណី​ន​បៀវត្ស​របស់​មន្ត្រីម្នាក់ៗទាំងអស់។

ចំពោះ​ការ​ក្រសួង ស្ថាប័ន​ដែល​ពុំទាន់​បានរៀបចំ​ការបើក​គណ​នី​បៀវត្ស​ជូន​មន្ត្រីរាជការ បុគ្គលិក និង​ភ្នាក់ងារ​សាធារណៈ​របស់​ពួកគេ​រួចរាល់​នោះ រដ្ឋាភិបាល​បង្គាប់​ក្រសួង ស្ថាប័ន​ទាំងនោះ ឲ្យ​ចាត់ចែង​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់​មន្ត្រីម្នាក់ៗគ្រប់​ចំនួន និង​ទាន់ពេលវេលា។

ដោយឡែក និវត្តជន​អតីតមន្ត្រី​រាជការ​ស៊ីវិល អតីត​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ និង​អតីតមន្ត្រី​នគរបាលជាតិ​កម្ពុជា​ដែល​កំពុង​បំពេញការងារ​ជាម​ន្ត្រី​ជាប់កិច្ចសន្យា បុគ្គលិក អណ្តែត សមាជិក​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រធានភូមិ អនុប្រធាន​ភូមិ ឬ​សមាជិក​ភូមិ ត្រូវ​ទទួល​ប្រាក់ឧបត្ថម្ភ​តែមួយ​កន្លែង​ប៉ុណ្ណោះ ស្ថិតក្រោម​ការចាត់ចែង​របស់​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា។ នេះ​បើតាម​អនុក្រឹត្យ រដ្ឋាភិបាល។

បើតាម​អនុក្រឹត្យ​ខាងលើ រដ្ឋាភិបាល​បាន​បង្គាប់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ទទួលខុសត្រូវ ក្នុងការ​ពិនិត្យ​ផ្ទៀងផ្ទាត់ រៀបចំ​សំណើ និង​បើកប្រាក់​ឧបត្ថម្ភ​កំណត់​ក្នុង​អនុក្រឹត្យ។ លើសពីនេះ រដ្ឋាភិបាល​បានបញ្ជាក់​ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឲ្យ​លើកសំណើ​ជាក់ស្តែង​អំពី​ចំនួន​មន្ត្រី​ដែល​ទទួល​ប្រាក់ឧបត្ថម្ភ​ទៅ​ក្រសួង​សេដ្ឋកិច្ច ដើម្បី​ក្រសួង​សេដ្ឋកិច្ច​រៀបចំ​ប្រកាស​បន្ថែម​ឥណទាន​ផ្តល់​ដល់​មន្ត្រី​ទាន់ពេលវេលា។

បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថវិកា​ឧបត្ថម្ភ​នេះ គឺជា​អំណោយ​ពិសេស សម្រាប់​មន្ត្រីរាជការ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ។ «ថវិកា​ឧបត្ថម្ភ​នេះ​គឺ​នឹង​ជួយ​សម្រាល​ដល់​ការចំណាយ​មួយចំនួន​របស់​មន្ត្រីរាជកា​រ​យើង​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ខាងមុខនេះ»។ នេះ​ជា​អក្សរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​នាយករដ្ឋមន្ត្រី៕


Tag:
 បៀវត្ស
  មន្ត្រីរាជការ
  ហ៊ុន សែន
  ចូលឆ្នាំថ្មី
© រក្សាសិទ្ធិដោយ thmeythmey.com