ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ឯកឧត្តម សម រង្ស៊ី ថា លោក ឱម យ៉ិនទៀង និយាយ​គ្មាន​មូលដ្ឋាន ហើ​យបន្ត​រិះគន់ ACU
29, Mar 2016 , 6:06 pm        
រូបភាព
ដោយ:
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម សម រង្ស៊ី មិន​ចាប់អារម្មណ៍​នឹង​ការព្រមាន​បញ្ចេញ​ព័ត៌មាន​ពុករលួយ​ខ្លួន​ពី​សំណាក់​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះទេ​។ ក្នុង​បទសម្ភាសន៍​ខ្លី​ជាមួយ លោក ជា ធី​រិ​ទ្ធ និពន្ធ​នាយករង​សារព័ត៌មាន​ថ្មីៗ ពី​ប្រទេស​បារាំង​មក ឯកឧត្តម សម រង្ស៊ី បានចាត់ទុក​ការលើកឡើង​របស់លោក ឱម យ៉ិនទៀង ថា និយាយ​គ្មាន​មូលដ្ឋាន​។​



​សូម​ស្តាប់ និង​អាន​បទសម្ភាសន៍​ខាងក្រោម​៖

 


លោក ជា ធី​រិ​ទ្ធ​៖
ឯកឧត្តម បាន​ជ្រាប​ហើយ​ថា ស្រ​បពេលដែល​ឯកឧ​ត្ត​ម​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​កំពុង​គេច​ពី​ការចាប់ខ្លួន​របស់​តុលាការ​នៅក្រៅ​ប្រទេស នៅក្នុង​ប្រទេស​ឯណេះ​វិញ អនុប្រធាន​គណបក្សរ​បស់​ឯកឧត្តម គឺ​ឯកឧត្តម កឹម សុខា  កំពុងតែ​ហ៊ុំព័ទ្ធ​ដោយ​រឿងអាស្រូវ​ស្នេហា ហើយ​មាន​យុវជន​មួយក្រុម​កំពុងតែ​តវ៉ា​រឿងនេះ​។ ករណី​ឯកឧត្តម កឹម សុខា នេះ​រដ្ឋសភា ក៏​ហៅ​ឯកឧត្តម កឹម សុខា មក​បំភ្លឺ ឯ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឯណោះ ក៏​ចាត់ការ​រឿងនេះ​ដែរ​។ ឯកឧត្តម​ផ្ទាល់​កាលពី​ម្សិលមិញ​នេះ ក៏​ចោទ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ថា ធ្វើ​ការខុស​តួនាទី​។ តើ​ហេតុផល​ដែល​ឯកឧត្តម​ចោទ​ដូច្នេះ ដូច​តែ​អ្វីដែល​ឯកឧត្តម​អះអាង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ​មែន​ទេ​?

​ឯកឧត្តម  សម រង្ស៊ី​៖ ខ្ញុំ​បាន​ពន្យល់​អស់ហើយ​នៅតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ​។ ខ្ញុំ​បានបង្ហាញ​យ៉ាងច្បាស់​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ មិន​ស្គាល់​តួនាទី​របស់ខ្លួន​។ រឿង​អំពើ​ពុក​រលួយ​ពិតប្រាកដ​មិន​អើពើ តែ​បែរជា​ទៅតាម​ដានរឿង​អត់​ប្រយោជន៍ រឿង​ផ្ទាល់ខ្លួន ដែល​គ្មាន​ប៉ះពាល់​ទៅនឹង​ផលប្រយោជន៍​សាធារណៈ​។ ការ​កេ​ង​ប្រវ័ញ្ច​ទ្រព្យសម្បត្តិ​ជាតិ ទ្រព្យសម្បត្តិ​រាស្ត្រ កេ​ង​ប្រវ័ញ្ច​ថវិកា​រាស្ត្រ បាន​គេ​ហៅថាអំពើពុករលួយ​ពិតប្រាកដ ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរ​ណាស់​តាមដាន​។ ប៉ុន្តែ​រឿង​បុគ្គល​ខ្លះ​ជា​រឿង​ផ្ទាល់ខ្លួន វា​គ្មាន​បះ​ពាល់​ទ្រព្យសម្បត្តិ​សាធារណៈ​សោះ​។ លុយ​គេ​ចាយ គេ​មិន​បានមកពី​កិប​កេ​ញ​ថវិការដ្ឋ​ឯណា គេ​មាន​យក​ទ្រព្យសម្បត្តិ​ជាតិ​ទៅ​លក់​ឯណា គេ​មាន​កាប់បំផ្លាញ​ព្រៃឈើ​ឯណា​។ ដូច្នេះ​រឿងនេះ វា​មិន​ចូលទៅក្នុង​សមត្ថកិច្ច​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទេ​។​

​លោក ជា ធី​រិ​ទ្ធ​៖ បន្ទាប់ពី​ការរិះគន់​របស់​ឯកឧត្តម ទៅលើ​ចំណាត់ការ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រួចមក ប្រធាន​អង្គភាព​នេះ បាន​ព្រមាន​បញ្ចេញ​ព័ត៌មាន​ពុករលួយ​របស់​ឯកឧត្តម ប្រសិនបើ​ឯកឧត្តម​នៅតែ​បន្ត​រិះគន់​ទៀត​។ មិន​ត្រឹមតែ​ប៉ុណ្ណេះ លោក ឱម​ យ៉ិនទៀង បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ក្រៅពី​ករណី​ពុករលួយ​របស់​ឯកឧត្តម ក៏មាន​ករណី​ពុករលួយ​របស់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ច្រើន​ទៀត​ដែរ​។ តើ​ឯកឧត្តម បារម្ភ​ទេ​?

​ឯកឧត្តម សម រង្ស៊ី​៖ រឿង​គំរាមកំហែង ខ្ញុំ​មិន​ចាប់អារម្មណ៍​ទេ ធ្វើ​អ្វី​ធ្វើ​ឲ្យ​មាន​តម្លាភាព តាមច្បាប់ ពេលនោះ​បានដឹង ស ខ្មៅ​។ ប៉ុន្តែ​គ្រាន់តែ​គំរាម យក​រឿង​ផ្ទាល់ខ្លួន យក​សំឡេង​ពីនេះ​ពី​នោះ ប៉ុន្តែ​វា​មិន​ប៉ះពាល់​ដល់​អាយុជីវិត​នរណា​សោះ មិន​ប៉ះពាល់​ដល់​ជាតិ​សោះ មិនគួរ​យកចិត្តទុកដាក់​សោះ គួរ​យកចិត្តទុកដាក់​ពេលណា​មាន​សម្លាប់​មនុស្ស ដូច រឿង​សម្លាប់ ពិសិដ្ឋ ពី​លិ​កា រឿងទូច ស៊ុននិ​ច រឿង​ជះ​ទឹក​អាស៊ីត ជាដើម បាន​យើង​ត្រូវ​យកចិត្តទុកដាក់​។ អ្នកកាន់អំណាច​ខ្លះ​ចាយលុយ មិនដឹង​យក​ពី​ណា​? ច្បាស់​ជា​ប្រព្រឹត្ត​អំពើពុករលួយ​ហើយ ប្រាក់ខែ​តិច មាន​លុយ​ឯណា ទៅ​ទិញ​ផ្ទះ ទិញ​មាស ឲ្យ​គូ​សង្សារ​លួចលាក់​នោះទេ​។

​លោក ជា ធី​រិ​ទ្ធ​៖ ឯកឧត្តម​ស្វាគមន៍ ការព្រមាន​នេះ​មែន​ទេ​?

​ឯកឧត្តម សម រង្ស៊ី​៖  ខ្ញុំ​អត់​រវល់​។ ដូច​ខ្ញុំ​និយាយ​អម្បាញ់​មិញ​ថា ការគំរាមកំហែង​ខ្ញុំ​អត់​រវល់​។ ខ្ញុំ​ស្នើ​តែមួយ សូម​ឲ្យ​ទាំងអស់គ្នា​ធ្វើ​អ្វី​ប្រកបដោយ​តម្លាភាព តាមច្បាប់ ហើយ​ធ្វើយ៉ាងណា​ឲ្យ​តុលាការ​ឯករាជ្យ​។​

​លោក ជា ធី​រិ​ទ្ធ​៖ ឯកឧត្តម​មិន​រវល់ ដោយសារតែ​ឯកឧត្តម មិនបាន​ប្រព្រឹត្ត​អំពើពុករលួយ ដូច​ការព្រមាន​របស់​លោក ឱម យ៉ិនទៀង ឬ​?

​ឯកឧត្តម  សម រង្ស៊ី​៖ ខ្ញុំ​អត់​មាន​ទៅ​ដោះស្រាយ ដោះសា​ជាមួយ​អ្នក​ដែល​និយាយ​គ្មាន​មូលដ្ឋាន​នោះទេ​។​

​លោក ជា ធី​រិ​ទ្ធ​៖ ងាក​មក​ករណី​ឯកឧត្តម កឹម សុខា ឯកឧត្តម យល់ថា នឹង​អាចធ្វើ​ធ្លាក់​ប្រជាប្រិយភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដែរឬទេ​?

​ឯកឧត្តម សម រង្ស៊ី​៖ រឿងនេះ​ជា​រឿង​នយោបាយ គេ​យកមក​លាតត្រដាង​ដោយ​ថោកទាប​។ គេ​យកមក​បង្អើល យកមក​ច្នៃប្រឌិត ហើយ​ជា​រឿង​អត់​ប្រយោជន៍​។ រឿង​ដែលមាន​ប្រយោជន៍​សម្រាប់​ប្រទេសជាតិ គឺ​រឿង​ដែល​ទាក់ទង​នឹង​ជីវភាព​រស់នៅ​របស់​ប្រជារាស្ត្រ ទាក់ទង​នឹង​អនាគត​របស់​ជាតិ​។ រឿង​ព្រៃឈើ រឿង​ដីធ្លី រឿង​ពុករលួយ ថ្នាក់ជាតិ រឿង​បូម​ខ្សាច់ រឿង​រំលាយ​ភ្នំ រឿង​បំផ្លាញ​មច្ឆជាតិ ដោយ​ខុសច្បាប់ ធ្វើ​ឲ្យ​ប្រទេស​ហិន​ហោច ដើម្បី​ឲ្យ​ជន​ពុករលួយ​ខ្លះ ប្រមូល​លុយ​បាន​យ៉ាង​សន្ធឹកសន្ធាប់ ហេតុអ្វី​មិន​យក​រឿង​ទាំងនេះ​មក​និយាយ​?


© រក្សាសិទ្ធិដោយ thmeythmey.com