ពីនេះ ពីនោះ
ចង់​ឲ្យ​ប្រពន្ធ នៅតែ​ស្រស់ស្អាត ស្វាមី​គ្រប់រូប គួរតែ ...
30, Mar 2016 , 11:59 am        
រូបភាព
ដោយ: ថ្មីៗ
 
 
​ពាក្យ​ថា “​អូន​សម្លាញ់ អូន​ស្អាត​ណាស់​” ជា​តន្ត្រី​ដ៏​ផ្អែមល្ហែម ដែល​សុភាពនារី​គ្រប់រូប ចូលចិត្ត​ស្តាប់ ដោយ​មិន​ជិនណាយ​ឡើយ​។ ដូច្នេះ ពេល​អ្នកមាន​ការជួប​ជុំ ឬ​ចូលរួម​ក្នុង​ពិធី​អ្វីមួយ ដាច់ខាត អ្នក​ត្រូវ​ចេះ​សរសើរ សម្រស់​ភរិយា​របស់ខ្លួន មិន​ថា​នៅ​ចំពោះមុខ​នាង ឬ​មុខ​មិត្តភក្តិ​ឡើយ ប៉ុន្តែ កុំ​និយាយ​ខុសពី​ការពិត​ពេក​។ ពេលខ្លះ មិនចាំបាច់​អ្នក​និយាយ​ឡើយ គឺ​នាង​នឹង​សួរ​អ្នក​ថា “​តើ​អូន​ស្អាត​អត់​?”
​ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​មួយចំនួន ដែល​អ្នក​គួរ​សាកល្បង ដើម្បី​រក្សា សម្រស់​របស់​ភរិយា​ខ្លួន ឲ្យ​នៅតែ​ស្អាត ៖


 
១. ចាប់ផ្តើម​ដោយ​ការសរសើរ​
​ពេល​អ្នក​ភ្ញាក់​ឡើយ ហើយ​ឃើញ​សក់​នាង ជំពាក់ជំពិន ឬ​មើលទៅ​អាក្រក់​មើល តើ​អ្នក​នឹងធ្វើ​ដូចម្តេច​? ខិត​ទៅជិត​នាង ជួយ​ស្រាយ​សក់ រួច​កាន់​ចង្ការ​របស់​នាង ដោយ​និយាយថា “​អូន​ឯង​ស្អាត​ណាស់​” ហើយ​ត្រូវ​បង្ហាញ​ឲ្យ​នាង​ដឹងថា អ្នកមាន​សំណាង​ណាស់ ដែលមាន​នាង​ជា​គូ​។ ពាក្យ​សរសើរ ស្មើរ​ពាក្យ​បង្អាប់ ពាក្យ​បង្អាប់ នឹងធ្វើ​ឲ្យ​នាង ចេះ​កែកុន​សម្រស់ ឲ្យ​មើលទៅ​ស្អាត​ជាង​មុន​។​
២. ចាប់អារម្មណ៍ ទៅលើ​សម្រស់​នាង ហើយ​ប្រាប់​ឲ្យ​នាង​ដឹង​
​តើ​ប្រពន្ធ​របស់​អ្នក ស្រស់ស្អាត​នឹង​អ្វី​ជាងគេ​? ចូរ​ប្រាប់​នាង ធានាថា នាង​នឹង​ខិតខំ​ថែរក្សា សម្រស់​កន្លែង​នោះ ឲ្យ​កាន់តែ​ស្រស់ស្អាត ជាង​មុន​ទៅទៀត​។​
៣. ឈប់​សម្លឹង​នារី​ដ៏​ទៃ​
​ប្រសិនបើ​អ្នក នៅតែ​ចោល​ក្រសែភ្នែក ទៅកាន់​នារី​ដ៏​ទៃ ទោះបីជា​អ្នក ប្រាប់​ប្រពន្ធ​ថា នាង​ស្អាត​ជាងគេ​ក៏ដោយ ក៏​នាង​មិន​ជឿ​ដែរ​។​
៤. នាំ​ប្រពន្ធ​ហាត់ប្រាណ​
​ការហាត់​ប្រាណ មិន​ត្រឹមតែ​ជួយ​ដល់​សុខភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​ក៏​ជួយ​លើក​សម្រស់ និង​បំបាត់​ស្ត្រេ​ស​ផងដែរ​។​
៥. នាំ​ប្រពន្ធ​ចូល​ហាង​កែ​សម្រស់​
​ពេលខ្លះ បើ​អ្នក​មិន​នាំទៅ​ទេ ធានាថា សូម្បីតែ​ក្រចក ក៏​កម្រ​លាប​ដែរ ប៉ុន្តែ បើ​ដឹង​កន្លែង​ហើយ ច្បាស់​ណាស់ ភរិយា​របស់​អ្នក ពិតជា​មិន​ចង់​ចាញ់ សម្រស់​តារា​ប៉ុន្មាន​នោះទេ​។​
 
​គន្លឹះ​សម្រាប់​មនុស្ស​ស្រី​
​ពេល​ប្តី​សរសើរ​ថា “​អ្នក​ស្អាត​” ចូល​ទទួល​ពាក្យ​នេះ​ទុក​ទៅ ហើយ​អរគុណ​ស្វាមី​ផង​។ បើ​អ្នក​ស្អាត​មែន មិនបាច់​កែកុន​អ្វី​ច្រើន​ទេ ប៉ុន្តែ បើ​អ្នក​មិន​ស្អាត ល្មម​ដល់ពេល​ដឹងខ្លួន​ហើយ​។ ស្វាមី​អ្នក​និយាយ​បែបនេះ មានន័យថា គេ​ចង់​ឲ្យ​អ្នក​ស្រស់ស្អាត​។ កែកុន​ទីនេះ មិនមែន​បានន័យថា ឲ្យ​អ្នក​ទៅ​កែ​ច្រមុះ កែ​បបូរមាត់ ឬ​វះកាត់​ពង្រីក​ដើមទ្រូង​អី​ទេ គឺថា ការថែរក្សា​សម្រស់​ធម្មតាៗ ពិតជា​អាចជួយ​អ្នក​បាន ដូចជា ៖
-    ការហាត់​ប្រាណ​ជាប្រចាំ​
-    ការថែរក្សា​សុខភាព និង​អនាម័យ​រាងកាយ​
-    ការថែរក្សា​សម្រស់ តាមរយៈ​ការ​ផាត់មុខ កាត់​ក្រចក បាញ់​ទឹកអប់​
-    ស្លៀក​សំលៀកបំពាក់​ស្អាតៗ និង​ថ្លៃថ្នូរ ដើម្បី​ឲ្យ​សម​នឹង​កិត្តិ​យ​ស្វាមី​
-    ធ្វើ​ឲ្យ​ស្វាមី​ឃើញ ថា​អ្នក ពិតជា​ស្រស់ស្អាត​មែន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com