ពីនេះ ពីនោះ
ខ្មែរ​មាន​ដី​មិន​ធ្វើ​កសិកម្ម តែ​កសិករ​ដេក​ទ្រាំ​នឹង​ភាពក្រីក្រ
31, Mar 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រជាជន​ខ្មែរ​ស្ទើ​តែ​គ្រប់ៗ​គ្នា​តែងតែ​អួត​សរសើ​ប្រទេស​ខ្លួនឯង​ថា ជា​ប្រទេស​កសិកម្ម ហើយ​ប្រជាជន​ភាគច្រើន​គឺជា​កសិករ​។ ក៏ប៉ុន្តែ​មូលហេតុ​អ្វី​បានជា​ប្រជាជន​ខ្មែរ​មួយចំនួន​គឺ​នៅតែ​ក្រ នៅតែ​គ្មាន​ស្បៀងអាហារ​គ្រប់គ្រាន់​សម្រាប់​ផ្គត់​ផ្គង​គ្រួសារ​? មូលហេតុ​អ្វី​បាន​ខ្មែរ​សុកចិត្តរ​ត់ទៅ​ធ្វើកា​រ​នៅ​ស្រុក​គេ ហើយ​ទុក​ផ្ទៃដី​ដ៏​ធំ​ល្វឹងល្វើយ ដោយ​មិនមាន​បង្ករ​បង្កើន​ផល​អ្វី​ទាំងអស់​?



​នៅ​គ្រប់​ខេត្ត​ទាំងអស់​នៅក្នុង​ប្រទេស​គេ​ស​ង្គេ​ត​ឃើញថា ប្រជាកសិករ​ខ្មែរ​បាន​ទុក​ដី​ឲ្យ​ទំនេរ​ចោល​ច្រើនជាង​យក​ផ្ទៃដី​មក​ដាំ​ដុះ​ភោគផល​ដំណាំ​កសិក​កម្ម​ផ្សេងៗ​។ ទិដ្ឋភាព​បែបនេះ​វា​ពិតជា​មិន​ត្រឹមត្រូវ​តាម​ឈ្មោះថា​ជា​ប្រទេស​កសិកម្ម​នោះទេ​។

​ការនិយាយ​បែប​មិនមែន​មានន័យថា មើលងាយ​ខ្មែរ​មិនចេះ​ដាំ​ដុះ ធ្វើ​កសិកម្ម បង្ករ​បង្កើន​ផល​នោះទេ​។ ប៉ុន្តែ​បើតាម​កា​រស​ង្គេ​ត​ជាក់ស្ដែង គេ​មើលឃើញ​យ៉ាងច្បាស់​នូវ​ហេតុ​ពី​យ៉ាងសំខាន់ៗ ដែល​បណ្ដាល​ឲ្យ​មានការ​ទុក​ផ្ទៃដី​ដ៏​ធំ​ល្វឹងល្វើយ ដោយ​គ្មាន​ធ្វើ​អ្វី​ទាំងអស់​នៅ​រដូវ​ប្រាំ និង​ប្រជាកសិករ​ខ្មែរ​នៅតែមាន​ជីវភាព​ក្រីក្រ​លំបាក​។​

​ចំពោះ​ហេតុផល​ទី​១ ដែល​មនុស្ស​ទូទៅ​តែងតែ​ឃើញ​ផ្ទៃដី​ទំនេរ​ចោល​បែបនេះ មកពី​ប្រជាកសិករ​ខ្មែរ​មួយចំនួន​មាន​ទម្លាប់​មួយ​គឺ​ខ្ជិល​ក្នុង​ការធ្វើ​កសិកម្ម​។ ពួកគាត់​មាន​ដី មាន​ស្រែ ដែល​អាចធ្វើ​កសិកម្ម​ក្នុង​រដូវប្រាំង​បាន​។ ប៉ុន្តែ​ព្រោះតែ​ភាព​ខ្ជិលច្រអូស ទើប​មិន​នាំគ្នា​បង្ករ​បង្កើន​ផល​។ មិនតែប៉ុណ្ណោះ​ពួកគាត់​អាង​អាជីព​មួយទៀត គឺ​ការធ្វើជា​កម្មករ​ចំណាកស្រុក ប្រើ​កម្លាំង​ទៅធ្វើ​ការដូរ​ប្រាក់ខែ​ទាំង​នៅក្នុង​ស្រុក និង​ទៅ​ក្រៅប្រទេស​។

​ចំពោះ​ហេតុផល​ទី​២ គឺជា​ចំណុច​ដែល រដ្ឋាភិបាល​មិនអាច​ប្រកែក​បាន នោះ​គឺ​ដោយសារ​គ្មាន​ប្រភពទឹក​សម្រាប់​ប្រជាកសិករ​។ បញ្ហា​ប្រព័ន្ធធារាសាស្ត្រ​ហាក់​មិនទាន់​បានរៀបចំ​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ប្រជាជន​តាម​ស្រុកស្រែ​ចំការ ដែល​នៅតែ​ស្ថិតក្នុង​បញ្ហា​ដ៏​ចម្បង​សម្រាប់​ប្រជាពលរដ្ឋ​។ កត្តា​នេះ​នាំ​ឲ្យ ទ្រឹស្តី​របស់​ពួក​ខ្មែរក្រហម​មាន​លក្ខណៈ​ត្រឹមត្រូវ​នៅត្រង់​គេ​បាន​លើកឡើងថា​«​ធ្វើស្រែ​ពឹង​លើ​ប្រឡាយ​មិនត្រូវ​ពឹង​លើ​មេឃ​ទាំងស្រុង​ទេ​»​។

​ព្រោះថា តាម​កា​រស​ង្គេ​ត​មើល​ជាក់ស្ដែង​ផ្ទៃដី​ដែល​អាច​បង្កើន​ផល​កសិកម្ម​ក្នុង​រដូវប្រាំង គឺ​នៅមាន​ទំហំ​តូច​ជាង​ផ្ទៃដី​ដែល​នៅ​សេសសល់​ខ្លាំងណាស់​។ បន្ថែម​ពី​នោះ​ទៀត បញ្ហា​ជំនាញ​ក្នុង​ការធ្វើ​កសិកម្ម បញ្ហា​ដើមទុន បញ្ហា​ទីផ្សារ គឺជា​ប្រភព​ដែល​ធ្វើ​ឲ្យ​ប្រជាជន មិន​ដាំ​ដុះ និង​បាក់​ទឹកចិត្ត​នៅក្នុង​ការធ្វើ​កសិកម្ម​នេះ​។​

​ជារួម ប្រជាជន​ខ្មែរ​តិច ផ្ទៃដី​កសិកម្ម​ធំ ប្រជាជន​តាម​ស្រុកស្រែ​ចំការ​មាន​ទំហំ​ដី​ជា​កម្មសិទ្ធិ​ក៏​ច្រើន តែ​ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ​មិន​ប្រាកដថា ល្អ​នោះទេ​៕


© រក្សាសិទ្ធិដោយ thmeythmey.com