ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​អប់រំ ថា យុវជន​នឹង​លក់​កម្លាំង​ពលកម្ម​ឲ្យ​ប្រទេសជិតខាង ប្រសិនបើ​ពួកគេ​គ្មាន​ជំនាញ
30, Mar 2016 , 10:53 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណា​រ៉ុ​ន បាន​និយាយថា កម្ពុ​ជាមាន​កម្លាំង​ពលកម្ម​យុវជន​ច្រើន បើ​ប្រៀបធៀប​នឹង​ប្រទេស​ក្នុង​តំបន់ និង​ប្រទេសជិតខាង​កម្ពុជា គឺ​ថៃ និង​វៀតណាម ដែល​កំពុងមាន​វិបត្តិ​មនុស្ស​ចាស់។ លោក​បន្តថា យុវជន​ពេញកម្លាំងមាន​សក្តានុពល​ខ្លាំង ជួយជំរុញកំណើន​សេដ្ឋកិច្ចជាតិ ប្រសិនបើ​ពួកគេ​មាន​ជំនាញ​ច្បាស់លាស់។ ប៉ុន្តែ លោក​ថា ប្រសិន​ពួកគេ​ពុំមាន​ជំនាញ​ការងារ​ទេនោះ ពួកគេ​នឹង​លក់​កម្លាំង​ពលកម្ម​ឲ្យ​ប្រទេស ជិតខាង។ លោក​បានលើកឡើង​ក្នុង​សន្និបាត​សរុប​ការងារ​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី៣០ ខែមីនា នេះ ក្នុង​សាលា​តិច​ណូ យ៉ាង​ដូច្នេះ​ថា៖«យើង​មាន​ផល​លាភ​ប្រជាសាស្ត្រ មានន័យថា អត្រា​របស់​ប្រជាជន គឺ​យុវជន​មាន​ច្រើនជាងគេ ហើយ​ជា​អ្នក​ដែល ជា​គាំទ្រ​ដល់​សកម្មភាព​សេដ្ឋកិច្ចជាតិ...។ ប្រទេស​ថៃ​កំពុង​ជួប​វិបត្តិ​មួយ គឺ​ប្រជាជន​ចាស់​ច្រើន មានន័យថា គេ​ត្រូវការ​កម្លាំង​ពលកម្ម ដូចនេះ​ប្រសិនបើ​យើង​មិន​គិតគូ​រដល់​យុវជន​យើង ផ្តល់​ជំនាញ​នោះទេ យើង​គ្រាន់តែ​ផ្តល់នូវ​កម្លាំង​ពលកម្ម ឲ្យ​ថៃ អាច​ថា វៀតណាម​ក៏មាន​បញ្ហា​នឹង​ដែរ តែ​វា​មិន​ដូច​ជាមួយ​ថៃ​ទេ...»។ លោក​រដ្ឋមន្ត្រី​បន្ថែមទៀតថា ក្រសួង​មាន​ថវិកា​សម្រាប់​បណ្តុះបណ្តាល​ធនធានមនុស្ស​កម្រិត​បឋម មធ្យម និងឧត្តមសិក្សា ប៉ុន្តែ​ក្រសួង​ពុំមាន​កញ្ចប់​ថវិកា​សម្រាប់​បណ្តុះបណ្តាល​ធនធាន​យុវជន​ជំនាញ​នៅឡើយ។ យ៉ាងណា លោក​ថា ក្រសួង​នឹងធ្វើ ផែនការ​ជាក់លាក់​ស្នើ​ថវិកា​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ដៃគូរ​អភិវឌ្ឍន៍​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​បញ្ហា​យុវជន​គ្មាន​ជំនាញ បច្ចុប្បន្ន។



សូម​ស្តាប់​ប្រសាសន៍​រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួន ណា​រ៉ុ​ន៖




Tag:
 អប់រំ
  យុវជន
  ហង់ ជួន ណារ៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com