ពីនេះ ពីនោះ
កូន​ខ្មែរ​ត្រូវ​ចាំ​ថា​បុរាណវត្ថុ​ធ្វើ​ឲ្យ​ខ្មែរ​មានតម្លៃ
01, Apr 2016 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ តម្លៃ​របស់​ប្រទេស​ខ្មែរ ដែល​អាច​អួតអាង​ចំពោះ​អន្តរជាតិ​បាន​ក្នុងពេល​កន្លងទៅ គឺ​ពឹង​អាស្រ័យ​មួយ​ភាគ​ធំ ទៅលើ​សមិទ្ធផល​ដែល​ដូនតា​បាន​បន្សល់ទុក​ឲ្យ​រាប់ពាន់​ឆ្នាំ​មកហើយ​។  សំណង​ប្រាសាទបុរាណ​គ្រប់បែប គ្រប់​ទម្រង់ គ្រប់​រចនាបថ បុរាណវត្ថុ​នានា ដែល​កើតចេញពី​គំនិត​ច្នៃ​បង្កើត​របស់​បុព្វបុរស​ខ្មែរ​សម័យ​ដើម និង​ភាពអំណោយ​ទាន​ខាង​ផ្នែក​ទីតាំង​ភូមិសាស្ត្រ គ្រប់យ៉ាង​ដែល​នាំ​ឲ្យ​បរទេស​ចង់ឃើញ ចង់​ស្គាល់​កម្ពុជា​កាន់តែ​ច្រើនឡើងៗ​។​



​ប៉ុន្តែ «​ព្រោះតែ​មិន​យល់ និង​មាន​ភាពខ្វះខាត​ផ្នែក​ចំណេះដឹង គិតតែ​ចំពោះ​បញ្ហា​ចម្អែត​ក្រពះ​» កូន​ខ្មែរ​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ បាននាំគ្នា​ទៅ​គាស់​រម្លើង ថ្ម​ប្រាសាទ ស្វែងរក​បុរាណវត្ថុ ក្បាល​អ្នកតា រូបចំលាក់ និង​តឹកតាង​បុរាណវត្ថុ​នានា​របស់​ប្រវត្តិសាស្ត្រ ដើម្បី​យកទៅលក់​ឲ្យ​ជន​ទុច្ចរិត និង​អ្នកជំនួញ​បរទេស​។ មែនទែនទៅ ថ្ម ក្បាល​អ្នកតា ចម្លាក់​នានា វា​មិនមាន​តម្លៃ​អ្វី ដែល​ឈ្មួញ​បរទេស​ទាំងនោះ​ចង់បាន​ដូចជា​មាស ពេជ្រ នោះទេ​។ ប៉ុន្តែ តម្លៃពិត​របស់​សម្បត្តិ​ទាំងអស់នោះ គឺ​តម្លៃ​ផ្នែក​វប្បធម៌ អត្តសញ្ញាណ​ជាតិ និង​ជា​តឹកតាង​បញ្ជាក់​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ​។ ថ្ម ទាំងនោះ​អាច​និយាយថា​មិនមាន​តម្លៃ​ទេ ប៉ុន្តែ​តម្លៃ​ស្នាដៃ​របស់​ដូនតា សិ​ល្បះ​នៅក្នុង​ការ​ឆ្លាក់ អត្ថន័យ​នៃ​បុរាណវត្ថុ ទើប​ជា​តម្លៃពិត​នៃ​បុរាណវត្ថុ​ទាំងនោះ​។

​កូន​ខ្មែរ​ត្រូវតែ​ដឹង​ពី មូលហេតុ​អ្វីដែល​គេ​អំពាវនាវ​ទិញ​ក្បាល​អ្នកតា រូបចម្លាក់ ថ្ម​សម្រិត នានា​កន្លងមក​នោះ​? គេ​ទិញ គេ​លក់​បុរាណវត្ថុ​យើង គឺ​ក្នុង​គោលបំណង ប្រមូលយក​អ្វី​ដែលជា​អត្តសញ្ញាណ​ជាតិ សម្បត្តិ​វប្បធម៌​ជាតិ ព្រលឹង​ជាតិ ឲ្យ​អស់ពី​ទឹកដី​ខ្មែរ រហូត​ទីបំផុត​ខ្មែរ​គ្មានអ្វី​បញ្ជាក់ជូន​ពិភពលោក​ថា ខ្លួន​មានអី​ឲ្យ​ពិតប្រាកដ​។ ក្រោយមក​ខ្មែរ និង​ក្លាយជា​ប្រទេសមួយ​ដែលមាន​តែ​សំបកខ្លួន ដោយ​មិនដឹងថា​ជាតិ​ឯង​មាន​អ្វីខ្លះ​។

​ជាក់ស្ដែង​ណាស់​សម្រែក​តោ​ថ្ម ប្រាសាទសំបូរព្រៃគុក រូបចម្លាក់​នានា នៅ​ប្រាសាទព្រៃគុក នៅ​អង្គរ នៅតាម​ប្រាសាទ​នានា​ទូទាំងប្រទេស​កម្ពុជា​ត្រូវបាន កូន​ខ្មែរ​ខ្លួនឯង​វាយបំបាក់ គាស់កកាយ​ស្វែងរក​បុរាណវត្ថុ​ដើម្បី​យកទៅលក់ ដោះដូរ​ជាមួយ​លុយកាក​បន្តិចបន្តួច​។ ចំណែក​ចម្លាក់​មួយចំនួន ខ្លួន​នៅ​ខ្មែរ ក្បាល់​នៅ​ប​ស្ចឹ​ម​លោក ដៃ​នៅ​បូព៌ា​ប្រទេស ដែល​ដឹង​ហើយ ឮ​ហើយ​សែន​សង្វេក​នូវ​ស្នាដៃ​ដ៏​ពិសិដ្ឋ និង​ស្ទើរ​នឹកស្មាន​មិន​ដល់​ថា មូលហេតុ​អ្វី​បាន​ចម្លាក់​ខ្មែរ​ធ្លាក់​ទៅ​ប្រទេស​ទាំងនេះ​យ៉ាង​សង្រេង​បែបនេះ​?

​ថ្វី​ដ្បិតថា បច្ចុប្បន្ននេះ ខ្មែរ​ចាប់ផ្ដើម ចេះ​ថែរក្សា និង​ការពារ ព្រមទាំង​នាំយក​បុរាណវត្ថុ​របស់ខ្លួន​មក​ថែរក្សា​ដោយ​ខ្លួនឯង​ក៏ពិតមែន ប៉ុន្តែ​ចាប់តាំងពី​បញ្ចប់សង្គ្រាម​មក កូន​ខ្មែរ​ខ្លួនឯងបាន​លក់​បុរាណវត្ថុ​ខ្លួន​ទៅ​ក្រៅប្រទេស​ច្រើនណាស់​។ មូលហេតុ​ដែល​ហ៊ាន​និយាយ​បែបនេះ​គឺ​ព្រោះតែ​ការមើលឃើញ​រូបភាព​ជាក់ស្ដែង​នៃ​ទង្វើ​របស់​កូន​ខ្មែរ នៅក្នុង​ការ​គាស់​រម្លើង ថ្ម​ប្រាសាទ​នានា​ស្ទើ​គ្រប់កន្លែង ដែល​មិន​ខ្វល់​ពី​ការ​បាក់បែក​ប្រាង្គ​ប្រាសាទ ដែលជា​សម្បត្តិ​ដ៏​មានតម្លៃ​របស់​ជាតិ​។ សូម​កូន​ខ្មែរ​ថែរក្សា​សម្បត្តិ​ជាតិ​៕


© រក្សាសិទ្ធិដោយ thmeythmey.com