ពីនេះ ពីនោះ
× ភ្នំពេញ៖ សារជាតិនៃការធ្វើនយោបាយគឺទៅយកអំណាច។ អំណាចនោះ គឺជាអំណាចនៅក្នុងការធ្វើសេចក្ដីសម្រេចចិត្តចំពោះការងារជាតិនានាដែលខ្លួនបានសន្យាចំពោះប្រជារាស្ត្រ។ ប៉ុន្តែនៅក្នុងបុព្វហេតុរក្សាអំណាចគឺមានបែពផែនផ្សេងៗគ្នា ទៅតាមរបៀបនៃការគ្រប់គ្រងដឹកនាំសង្គម។
ធម្មជាតិរបស់អ្នកដឹកនាំគឺត្រូវការជាចាំបាច់នូវកិត្យានុភាពផ្ទាល់ខ្លួន និងអំណាចក្នុងការបង្គាប់បញ្ជា ដើម្បីសម្រេចកិច្ចការនានារបស់ខ្លួន។ ហេតុនេះអំណាចគឺជាឧបករណ៍ដ៏ល្អបំផុតសម្រាប់ជីវិតអ្នកដឹកនាំ។ ប៉ុន្តែសំណួរសួរថា ឧបករណ៍ដ៏ល្អនោះ អាចបំផ្លាញ់ជាតិ បំផ្លាញប្រជាជនដែរ ឬទេ? ច្បាស់ណាស់ ប្រសិនបើ ប្រើក្នុងផ្លូវវិជ្ជមានគឺវាល្អដល់ជាតិ តែបើប្រើក្នុងផ្លូវអវិជ្ជមានគឺបំផ្លាញជាតិហើយ។
សំណួរមួយទៀតសួរថា តើអ្នកដឹកនាំនោះបានអំណាចមកពីណា? គេអាចដឹងភ្លាមថា អាចមកពីប្រភពបួនយ៉ាង ទី១. ទទួលបានអំណាចតាមរយៈតំណវង្សត្រកូល ទី២. តាមរយៈការធ្វើរដ្ឋប្រហារទម្លាក់អ្នកដឹងនាំចាស់ ទី៣. តាមរយៈការអំណោយផលនៃស្ថានភាពសង្គមដែលកើតមានសង្គ្រាមលេចចេញមុខអ្នកក្លាហាន និងទី៤. តាមរយៈការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋនៅក្នុងសង្គមតែម្ដង។
ប៉ុន្តែនៅមានសំណួរមួយទៀតសួរថា តើត្រូវរក្សាអំណាចដោយរបៀបណា? តាំងពីសម័យដើមមក មានរបស់បីយ៉ាង ដែលអាចរក្សាអំណាចបានយូរ ទី១. គឺទ្រព្យសម្បត្តិស្ដុកស្ដុមរបស់អ្នកដឹកនាំ ទី២. កងកម្លាំងប្រដាប់អាវុធស្ម័គ្របម្រើ និងទី៣. គឺកម្លាំងគាំទ្រពីមហាជននៅទូទាំងប្រទេស។ ចំណុចទី៣ គឺជាកត្ដាឈ្នះរបស់អ្នកដឹកនាំក្នុងការរក្សាអំណាចបែបសុចរិត ប៉ុន្តែសម្រាប់អ្នកដឹកនាំទុច្ចរិត កម្លាំងមហាជនមិនសូវសំខាន់ក្នុងក្រសែភ្នែករបស់មេដឹកនាំប្រភេទនោះទេ គឺលុយ និង កម្លាំងប្រដាប់អាវុធ គឺជាចំណាប់អារម្មណ៍របស់មេដឹកនាំប្រភេទនេះ។ កន្លងទៅនៅក្នុងសង្គមបែបផ្ដាច់ការទាំងស្រុង និងផ្ដាច់ការក្លាយតែងតែប្រើលុយ ដើម្បីទិញទឹកចិត្តមហាជន និងប្រើកម្លាំងប្រដាប់អាវុធ ចុងកាណុងកាំភ្លើង ជាមធ្យោបាយការពារអំណាចរបស់ខ្លួនយ៉ាងមានប្រសិទ្ធភាពបំផុត។
ទីបញ្ចប់គេអាចមើលឃើញថា កម្លាំងមហាជនគឺខ្លាំង ប៉ុន្តែប្រសិនបើកម្លាំងមហាជននៅមាន ខ្សោយផ្នែកសាមគ្គីភាព និងការហ៊ានចេញមុខដោយផ្ទាល់ប្រឆាំង អំពើអាក្រក់របស់មេដឹកនាំអាក្រក់ អំណាច ចុងកាណុងនៅតែមានប្រសិទ្ធភាពសម្រាប់មេដឹកនាំទុច្ចរិត។ ប៉ុន្តែប្រសិនបើថ្ងៃណាមួយចុងកាណុងកាំភ្លើងលែងបែរមករកប្រជាជនស្លូតត្រង់ ហើយបែរទៅរកក្រុមមេដឹកនាំទុច្ចរិតទាំងនោះវិញ នោះគឺជាជីវិតចុងក្រោយរបស់មេដឹកនាំទុច្ចរិតហើយ។ ហេតុនេះចុងកាណុងកាំភ្លើងរបស់កងកម្លាំងប្រដាប់អាវុធគឺជាអំណាចដ៏សំខាន់សម្រាប់មេដឹកនាំ មិនថាមេដឹកនាំសុចរិត និងទុច្ចរិតឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com