អន្តរជាតិ
Prodidenciales ជា​កោះ និង​ឆ្នេរ​ដ៏​ស្រស់ស្អាត​ជាងគេ​លើ​ពិភពលោក​
06, Apr 2016 , 7:39 am        
រូបភាព
ដោយ: ធីតា
​កាលពីពេល​ថ្មីៗ​នេះ គេហទំព័រ TripAdvisor បានប្រកាស​ពី​ជម្រើស​កោះ​ដ៏​ស្រស់ស្អាត​ជាងគេ​លើ​ពិភពលោក​សម្រាប់អ្នកទេសច​រ​ដើរ​កម្សាន្ត​។​

 
​ដើម្បី​ដាក់​ចំណាត់ថ្នាក់ គេហទំព័រ​នេះ​បាន​ពឹង​ផ្អែកលើ​យោបល់​របស់​អ្នកទេសចរ​រាប់លាន​នាក់​ដែល​បានធ្វើការ​អត្ថាធិប្បាយ បន្ទាប់ពី​បាន​ទៅ​កម្សាន្ត​នៅ​បណ្តា​កោះ​ទាំងនោះ​។ ខាងក្រោម​នេះ គឺជា​ឈ្មោះ និង​ទីតាំង​កោះ​ទាំង ១០ ដែល​លោកអ្នក​គួរតែ​សាកល្បង​ទៅ​កម្សាន្ត​ដែរ​៖
 
1.​ ​Providenciales គឺជា​កោះ​ជាប់​ចំណាត់ថ្នាក់​លេខ ១ លើ​ពិភពលោក​។ កោះ​នេះ​ស្ថិតនៅ​ភាគ​ពាយ័ព្យ​នៃ​ប្រជុំ​កោះ Caicos ក្នុង​សមុទ្រ Caribbean ក្នុង​ទឹកដី​ចក្រភព​អង់គ្លេស​។ គឺជា​ឋានសួគ៌​សម្រាប់​អ្នក​ចូលចិត្ត​ជ្រមុជ​ទឹក​ក្រោម​បាតសមុទ្រ និង​កីឡា​ក្នុង​ទឹក​ផ្សេងៗ ដូចជា​ជិះទូក និង​ស្គី​លើទឹក​ជាដើម​។​
 
2.​ ​Maui គឺជា​កោះធំ​ជាងគេ​បង្អស់​ទី​ពីរ​នៃ​ប្រជុំ​កោះ Hawaii នៅ​សហរដ្ឋអាមេរិក​។ កោះ​នេះ​សម្បូរ​ធនធានធម្មជាតិ​។ វា​មាន​ឆ្នេរ​ខ្សាច់​ដ៏​វែង និង​ស្រស់ស្អាត ថែមទាំង​មាន​ទឹកធ្លាក់​ថែម​ទៀតផង​។​
 
3.​ ​Roatan គឺជា​កោះ​មួយ​ស្ថិតក្រោម​អធិបតេយ្យភាព​របស់​សាធារណរដ្ឋ Honduras ។ កោះ​នេះ​ល្បីល្បាញ​ដោយសារ​ស្ថិតនៅ​ជិត​ជួរ​ផ្កាថ្ម​ប៉​ប្រ៉ះ​ទឹក​ក្នុង​សមុទ្រ Caribbean មាន​ឆ្នេរ​ខ្សាច់​ពណ៌​ស សម្បូរ​រុក្ខជាតិ និង​ទេសភាព​ដ៏​ត្រកាល​ក្រោម​បាតសមុទ្រ​។​
 
4.​ ​Santorini គឺជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​របស់​ក្រិ​ក​។ សំណង់​ត្រូវបាន​គេ​សាងសង់​នៅលើ​ឆ្នេរ​ចោទ​នៃ​សមុទ្រ និង​លាប​ពណ៌​ស តែ​ដំបូល​ដែលមាន​សណ្ឋាន​រាង​ក្រឡូម​នោះ​លាប​ពណ៌​ខៀវ​។ អ្នកទេសចរ​ចូលចិត្ត​មក​មើល​ទេសភាព​ផ្ទៃសមុទ្រ​លើ​ច្រាំង​ចោទ និង​សម្រាក​លំហែកាយ​លើ​ឆ្នេរ​ខ្សាច់​ពណ៌​ខ្មៅ​។​
 
5.​ ​Ko Tao (​ប្រែ​ថា កោះ​អណ្តើក​) គឺជា​កោះ​មួយ​ស្ថិតក្នុង​ឈូង​សមុទ្រ​ថៃ​។ គឺជា​កោះ​ដ៏​ទាក់ទាញ ដោយសារ​សម្បូរ​ដើម​ដូង មាន​ឆ្នេរ​ខ្សាច់​ពណ៌​ស និង​ទឹកថ្លា​ឆ្លុះ​។ អ្នកទេសចរ​ចូលចិត្ត​ជ្រមុជ​ទឹក​លេង​ក្រោម​បាតសមុទ្រ​។ កោះ​នេះ​ស្ថិតក្នុង​អធិបតេយ្យភាព​របស់​ប្រទេស​ថៃ​។​
 
6.​ ​Madeira គឺជា​កោះ​មួយ​ស្ថិតក្នុង​អធិបតេយ្យភាព​របស់​ប្រទេស Portugal ។ កោះ​នេះ​គ្របដណ្តប់​ទៅដោយ​ផ្កា និង​ដើមឈើ​តំបន់​ត្រូពិច​។ វា​ត្រូវបាន​គេ​ឲ្យ​ឈ្មោះថា « សួនផ្កា​អណ្តែត​លើ​ផ្ទៃ​ទឹក » ។ នៅលើ​កោះ​នេះ មាន​អាកាសធាតុ​ត្រជាក់​ល្មម​ពេញ​មួយឆ្នាំ គឺ​ចន្លោះ​ពី ១៦ ទៅ ២៣ អង់ស្សា​សេ​។​
 
7.​ ​Bali គឺជា​កោះ​មួយ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​។ កោះ​នេះ​មាន​ឆ្នេរ​ខ្សាច់​ដ៏​វែង ប្រាសាទបុរាណ និង​វាលស្រែ​ជាប់​គ្នា​ឥត​ដាច់​។ ឆ្នេរ​ខាងត្បូង​ជា​ដីខ្សាច់​ពណ៌​ស ចំណែក​ឆ្នេរ​ខាងជើង និង​ខាង​កើតជា​ដីខ្សាច់​ពណ៌​ខ្មៅ​។​
 
8.​ ​Mauritius ស្ថិតក្នុង​មហាសមុទ្រ​ឥណ្ឌា​។ គឺជា​កោះ​ដ៏​សំខាន់​របស់​សាធារណរដ្ឋ Mauritius ។ កោះ​នេះ​កើតចេញពី​ភ្នំភ្លើង ប៉ុន្តែ​ពេលនេះ ភ្នំភ្លើង​លែងមាន​សកម្មភាព​ទៀតហើយ​។ នៅលើ​កោះ មាន​មាត់​ភ្នំភ្លើង​ជាច្រើន​ដែល​ក្លាយជា​ចំណុច​ទាក់ទាញ​ភ្ញៀវទេសចរ​។​
 
9.​ ​Bora Bora គឺជា​កោះ​មួយ​ស្ថិតក្រោម​អធិបតេយ្យភាព​របស់​ប្រទេស​បារាំង​។ កោះ​នេះ​ព័ទ្ធជុំវិញ​ដោយ​ថ្ម​ប៉​ប្រ៉ះ​ទឹក​។ គេ​អាចធ្វើ​សកម្មភាព​ច្រើនយ៉ាង​ដូចជា នេសាទ និង​លេង​កីឡា​ក្នុង​ទឹកជា​ដើម​។ វា​មាន​សីតុណ្ហភាព​ក្តៅ​ជានិច្ច គឺ​ចន្លោះ​ពី ២២ ទៅ ៣០ អង់ស្សា​សេ​។​
 
10.​ Fernando de Noronha គឺជា​ប្រជុំ​កោះ​របស់​ប្រទេស​ប្រ៊េ​ស៊ី​ល ស្ថិតក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិច​។ គឺជា​កន្លែង​គំរូ​សម្រាប់​ការការពារ​បរិស្ថាន និង​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី​។​

Tag:
 ​ទេសចរណ៍​
  កោះ​
© រក្សាសិទ្ធិដោយ thmeythmey.com