អន្តរជាតិ
លោក អូ​បា​ម៉ា​៖ ណា​តូ​នៅតែ​ជាស​សរ​គោល​នៃ​សន្តិសុខ​រួម​រវាង​អាមេរិក​និង​អឺរ៉ុប​
05, Apr 2016 , 8:19 pm        
រូបភាព
​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ហៅ​សម្ព័ន្ធ​យោធា​ណា​តូ (NATO) ថា ជា​សសរ​គោល​នៃ​នយោបាយ​សន្តិសុខ​របស់​អាមេរិក និង​ជា​សម្ព័ន្ធ​ដ៏​សំខាន់​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ក្រុម​ភេរវកម្ម​។ លោក អូ​បា​ម៉ា ក៏​ចាត់ទុក​ណា​តូ​ជា​កម្លាំង​ដ៏​សំខាន់​សម្រាប់​ការពារ​សន្តិសុខ​រួមគ្នា​របស់​អាមេរិក​និង​អឺរ៉ុប​ផងដែរ​។ ការលើកឡើង​របស់លោក អូ​បា​ម៉ា ទំនងជា​ការឆ្លើយតប​នឹង​សម្ដី​របស់លោក ដូ​ណា​ល់ ត្រាំ ដែល​និយាយថា ណា​តូ​ហួស​សម័យ​ទៅហើយ​។



សូមស្ដាប់ព័ត៌មានលម្អិត៖



​ក្នុងជំនួប​ជាមួយ​អគ្គលេខាធិការ​ណា​តូ​នៅ​ថ្ងៃទី​៤ ខែមេសា លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​លើកសរសើរ​ពី​ការចូលរួម​របស់​ណា​តូ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​រដ្ឋ​ឥស្លាម និង​យុទ្ធនាការ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ជាដើម​។ លោក អូ​បា​ម៉ា ក៏បាន​លើកឡើង​ពី​ជំនួយ​របស់​អឺរ៉ុប​ក្នុងការ​ដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​ដែល​កំពុង​អុកឡុក​អឺរ៉ុប​ផងដែរ​។

​លោក អូ​បា​ម៉ា ប្រា​ប់លោក Jens Stoltenberg នៅ​បន្ទប់​ពងក្រពើ​របស់​សេត​វិមាន​ថា​៖« ណា​តូ​នឹង​បន្ត​ជា​ចំណុច​ស្នូល​នៃ​ការការពារ​សន្តិសុខ​រួមគ្នា​រវាង​អាមេរិក​និង​អឺរ៉ុប ក៏ដូចជា​គោលនយោបាយ​សន្តិសុខរ​បស់​អាមេរិក​»​។

​គេ​អាច​យល់បាន​ថា បើទោះជា​លោក អូ​បា​ម៉ា មិនបាន​លើកឡើង​ចំឈ្មោះ​លោក ដូ​ណា​ល់ ត្រាំ ការបញ្ជាក់​របស់លោក អូ​បា​ម៉ា គឺ​មានន័យ​ប្រឆាំងនឹង​ការអត្ថាធិប្បាយ​របស់លោក ត្រាំ ដែល​រិះគន់​ណា​តូ​ថា​មិន​សមស្រប​នឹង​ការកម្ទេច​នឹង​ក្រុម​ភេរ​វករ​។ លោក ត្រាំ ថែមទាំង​និយាយថា លោក​នឹង​បង្ខំ​ឲ្យ​សមាជិក​ណា​តូ​ទាំងអស់​បរិច្ចាគ​ឲ្យ​បាន​ច្រើន​ថែមទៀត ទោះជា​ត្រូវ​ប្រឈម​នឹង​ការបែកបាក់​សម្ព័ន្ធភាព​ក៏ដោយ​។​
 
​ក្រៅពីនោះ លោក អូ​បា​ម៉ា បាន​អះអាងថា លោក​និង​អគ្គលេខាធិការ​ណា​តូ Jens Stoltenberg ក៏បាន​ពិភាក្សា​ពី​តួនាទី​របស់​ណា​តូ​នៅក្នុង​វិបត្តិ​លី​ប៊ី​។ មេដឹកនាំ​ទាំងពីរ​ក៏បាន​ពិគ្រោះ​យោបល់​លើ​គម្រោង​របស់​អាមេរិក​ដើម្បី​ជួយ​អឺរ៉ុប​ក្នុងការ​ដោះស្រាយ​លំហូរ​ជនភៀសខ្លួន​មកពី​សង្គ្រាម​នៅ​ស៊ី​រី​។ ត្រង់ចំណុច​នេះ​លោក អូ​បា​ម៉ា និយាយថា ជនភៀសខ្លួន​បានជ្រើសរើស​យក​ផ្លូវ​គ្រោះថ្នាក់​ដើម្បី​ធ្វើដំណើរ​មក​អឺរ៉ុប ដូច្នេះ​ការឆ្លើយតប​គឺ​ត្រូវតែមាន​មេត្តា​និង​ប្រកបដោយ​ការយកចិត្តទុកដាក់​។​

​ជាមួយគ្នានេះ សារព័ត៌មាន​AP​ផ្សាយ  ដែរ​ថា លោក អូ​បា​ម៉ា ក៏មាន​គម្រោង​បង្កើន​ការចំណាយ​បួន​ដង​របស់​មន្ទីរ​បញ្ច​កោណ​ទៅលើ​ការហ្វឹកហាត់ និង​កងទ័ព​អាមេរិក​នៅ​អឺរ៉ុប​។ គម្រោង​នេះ​ទំនងជា​ការពង្រឹង​សមត្ថភាព​ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​របស់​រុស្សី​ចូលមក​តំបន់​អឺរ៉ុប​។​

​សូម​រម្លឹក​ដែរ​ថា អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (NATO) ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៤៩​។ គោលការណ៍​សំខាន់​របស់​អង្គការ​នេះ​គឺ​ជួយ​គ្នា​ទៅវិញទៅមក​ក្នុងចំណោម​រដ្ឋ​ជា​សមាជិក ក្នុង​គ្រាអាសន្ន​ដែល​សមាជិក​ណាមួយ​រង​ការវាយប្រហារ​ពី​សំណាក់​ប្រទេស​ដទៃ​ដែល​មិនមែនជា​សមាជិក​ក្រុម​ខ្លួន​។ ក្នុង​រយៈពេល​៦៧​ឆ្នាំ​មកនេះ សម្ព័ន្ធ​ណា​តូ​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយ​អាមេរិក​ក្នុង​វិបត្តិ​ធំៗ​ជុំវិញ​ពិភពលោក​តួយ៉ាង ការ​លុកលុយ​នៅ​អ៊ីរ៉ាក់ និង​ជម្លោះ​នៅ​លី​ប៊ី​ជាដើម​៕   


Tag:
 ​បា​រ៉ា​ក់​អូ​បា​ម៉ា​
 ​​ អាមេរិក​
 ​​ អឺរ៉ុប​
  ​ណា​តូ​
© រក្សាសិទ្ធិដោយ thmeythmey.com