អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិក​-​ហ្វីលីពីន ផ្តើម​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​រយៈពេល​១១​ថ្ងៃ ឌឺដង​អ្នកជិតខាង​ចិន
05, Apr 2016 , 5:31 pm        
រូបភាព
ដោយ:
 
​ខណៈ​ស្ថានភាព​កំពុងតែ​តានតឹង​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​រវាង​ភាគី​ពាក់ព័ន្ធ ហ្វីលីពីន និង​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​អាមេរិក បាន​ផ្តើម​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​ជាមួយគ្នា​រយៈពេល​១១​ថ្ងៃ ដើម្បី​ពង្រឹងសមត្ថភាព​យោធា និង​សហប្រតិបត្តិ​ការការពា​រ​ជាតិ​ផងដែរ​នោះ​។ សកម្មភាព​នេះ ក៏ត្រូវ បាន​មើលឃើញថា​ជាការ​បង្ហាញ​សាច់ដុំ​ដាក់​ចិន ដែល​កំពុងតែ​បង្កើន​អំណាច​ក្នុង​តំបន់​ជម្លោះ​នោះ​។​

 


​សមយុទ្ធ​យោធា​ប្រចាំ Balikatan ដែល​មានន័យថា​ប្រកៀក​ស្មា​មួយ​នឹង​មួយ រវាង​កងទ័ព​អាមេរិក និង ហ្វីលីពីន​ក្នុង​ទឹកដី​ហ្វីលីពីន​រយៈពេល​១១​ថ្ងៃ​បានចាប់ផ្តើម​ចាប់​ថ្ងៃទី​០៤ ខែមេសា​នេះហើយ​។ សមយុទ្ធ នេះ មានការ​ចូលរួម​ពី​យន្តហោះ​អាមេរិក​៥៥​គ្រឿង រួម​ជាមួយនឹង​យន្តហោះ​ចម្បាំង​ហ្វីលីពីន​ផងដែរ​។
 
​ទាំង​មន្ត្រីជាន់ខ្ពស់​អាមេរិក និង​ហ្វីលីពីន បាន​អះអាងថា​លំ​ហាត់​យោធា មិនមាន​បំណង​ដើម្បី​ប្រឆាំង នឹង​ប្រទេស​ណាមួយ​នោះទេ ហើយ​ហេតុផល​តែមួយគត់​នៃ​លំ​ហាត់​យោធា​នេះ​គឺ ដើម្បី​បង្ហាញ​ពី​ការ​គាំ ទ្រ​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​តែប៉ុណ្ណោះ​។ 
 
​អ្វី​គួរកត់សម្គាល់​នោះ សមយុទ្ធ​យោធា​នេះ ធ្វើឡើង​ស្របពេល​ដែល​ស្ថានភាព​សមុទ្រ​ចិន​ខាងត្បូង កំពុងតែ​ឡើងក​ម្តៅ ជាពិសេស​នោះ រវាង​ភាគី​ពាក់ព័ន្ធ​ហ្វីលីពីន និង​ចិន និង​ចិន ជាមួយនឹង​រដ្ឋ​ខាងក្រៅ អាមេរិក​។ ហ្វីលីពីន បាន​ប្តឹង​ចិន​នៅ​ម​ជ្ឈ​ត្ត​ការ​អន្តរជាតិ​ក្រុងឡាអេ​នៃ​ប្រទេស​ហូ​ឡង់​ដោយ​ចោទ​ចិន ថា​បាន​បំពាន​ដែន​អធិបតេយ្យ​ខ្លួន​ដែលជា​ផ្នែក​មួយ​នៃ​សមុទ្រ​ចិន​ខាងត្បូង​។ អាមេរិក និង​ចិន ចោទ​គ្នា​ថា កំពុងតែ​ប្រែក្លាយ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ឲ្យ​ទៅជា​តំបន់​យោ​ធូប​នីយកម្ម​តាមរយៈ​ប្រតិបត្តិការ​នាវាចរណ៍​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​របស់​អាមេរិក និង​ការបំពាក់​សម្ភារ​យោធា​នៅក្នុង​តំបន់​ជម្លោះ​ដោយ​ចិន​។ 
 
​សូម​រម្លឹក​ផងដែរ កាលពីពេល​ថ្មីៗ​នេះ ហ្វីលីពីន ក៏បាន​ព្រម​ឲ្យ​មូលដ្ឋាន​យោធា​អាកាស​អាមេរិក​ប្រាំ​កន្លែង​ក្នុង​អធិបតេយ្យ​ហ្វីលីពីន​ដែល​ស្ថិត​មិន​ឆ្ងាយ​ពី​តំបន់​ចិន​គ្រប់គ្រង​ប៉ុន្មាន​នោះទេ​។ ការផ្តល់​នោះ​ធ្វើឡើង​ក្រោម​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​នៃ​ប្រទេស​ទាំងពីរ​ដែល​បាន​ចុះហត្ថលេខា​តាំងពី​ឆ្នាំ​២០១៤ និង​ចូល​ជាធរ​មាននៅ​ឆ្នាំ​២០១៦​នេះ​។​
 
​សមយុទ្ធ​យោធា​នេះ ក៏​ធ្វើឡើង​ស្របពេល​ជាមួយនឹង​ការមកដល់​នៃ​នាវាមុជទឹក​របស់​ជប៉ុន​មួយគ្រឿង​ដែល​ធ្វើ​ទស្សនកិច្ច​នៅក្នុង​កំពង់ផែ​ហ្វីលីពីន​កាលពី​ថ្ងៃទី​០៣​ខែមេសា ដែលជា​អតីត​មូលដ្ឋាន​យោធា អាមេរិក​ផងដែរ​៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com