ជាតិ
អន្តរជាតិ
Panama Papers ៖ រុស្ស៊ី​ថា ការទម្លាយ​ឯកសារ​ជាការ​ប្រឆាំង​ឬ​ស្អប់​លោក ពូ​ទីន
05, Apr 2016 , 8:59 pm        
រូបភាព
​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​បាន​បដិសេធ ឯកសារ​សម្ងាត់ « Panama Papers» របស់​ក្រុមហ៊ុន​មេធាវី​ប៉ា​ណា​ម៉ា​ដែល​ត្រូវបាន​ទម្លាយ​ចេញ​កាលពី​ថ្ងៃអាទិត្យ កន្លងមក​ដែលមាន​ឈ្មោះ​មនុស្ស​ជំនិត​របស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ផង​។ រុស្ស៊ី​ថា ឯកសារ ១១.៥​លាន​ច្បាប់​នោះ​គ្មាន​ទម្ងន់​ដាក់បន្ទុក​អ្វី​ឡើយ ហើយ​ការបញ្ចេញ​ឯកសារ​ទាញ​ការចាប់អារម្មណ៍​និង​បង្ខូចឈ្មោះ​លោក ពូ​ទីន របៀបនេះ​ក៏​មិនមែនជា​លើក​ទី​១ ដែរ​។ សម្រាប់​រុស្ស៊ី ការទម្លាយ​ឯកសារ​ជាការ​បង្កើតឡើង​ដើម្បី​ប្រឆាំង​រុស្ស៊ី និង​ធ្វើ​ឲ្យ​បុរស​ខ្លាំង​រុស្ស៊ី​លោក ពូ​ទីន ធ្លាក់​ប្រជាប្រិយភាព ខណៈដែល​នៅ ២ ឆ្នាំ​ខាងមុខ​នោះ រុស្ស៊ី​នឹង​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​ផងដែរ​។



​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖



​ការទម្លាយ​ឯកសារ​សម្ងាត់ របស់​ក្រុមហ៊ុន​មេធាវី​ប៉ា​ណា​ម៉ា Mossack Fonseca  ដែល​បង្ហាញ​ពី​វិធី​លាក់​លុយ​នៅ​បរទេស​របស់​បណ្តា​មេដឹកនាំ បងប្អូន​សាច់ញាតិ អ្នកនយោបាយ និង​តារា ឬ​កីឡាករ​ល្បីៗ បានធ្វើ​ឲ្យ​កក្រើក​ពិភពលោក​។

​សមាគម​អ្នកសារព័ត៌មាន​ស៊ើបអង្កេត​អន្តរជាតិ (ICIJ) និង​សារព័ត៌មាន​អាឡឺម៉ង់ Suddeutsche Zeitu​ជា​អង្គភាព​ដែល​ដើរតួនាទី​សំខាន់​ជាងគេ​ក្នុងការ​ផ្សព្វផ្សាយ​និង​ចែកចាយ​ឯកសារ ជាមួយ​បណ្តាសារ​ព័ត៌មាន​អន្តរជាតិ​ទូទាំង​ពិភពលោក​។ អ្នកសារព័ត៌មាន​អន្តរជាតិ​រាប់រយ​នាក់ កំពុង​សិក្សា​ស្រាវជ្រាវ​លើ​ឯកសារ​បែកធ្លាយ​និង​រៀបចំ​របាយការណ៍​លម្អិត​ដើម្បី​ផ្សព្វផ្សាយ​បន្ត​ថែមទៀត​។​

​តែ​ខណៈ​ការស្រាវជ្រាវ និង​ស៊ើបអង្កេត​ពាក់ព័ន្ធ​ឯកសារ​នេះ​កំពុង​បន្ត​រៀបចំឡើង បណ្តា​មេដឹកនាំ​មួយចំនួន​ដែលមាន​ឈ្មោះ ខ្លួនឯង ឬ​បងប្អូន​ក្នុង​បញ្ជី​នោះបាន​នាំគ្នា​ចេញមុខ​ទាត់ចោល​ការចោទប្រកាន់ និង​រិះគន់​ការទម្លាយ​ឯកសារ​នេះ​។ ក្នុងនោះ​មានឈ្មោះ​មនុស្ស​ជំនិត​របស់​ប្រមុខរដ្ឋ​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ផងដែរ តែ​រដ្ឋាភិបាល​រុស្ស៊ី​បានចេញ​មុខ​ទាត់ចោល​របាយការណ៍​នេះ​។

១. លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ជា​គោលដៅ​នៃ​ការទម្លាយ​ឯកសារ​?
​ឯកសារ ១១.៥​លាន​ច្បាប់​នោះ​ទម្លាយ​ថា មន្ត្រីជាន់ខ្ពស់​រុស្ស៊ី​មាន លុយ ២​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​ទិញ​ភាគហ៊ុន​នៅ​បរទេស​។ ឯកសារ​នោះបាន​ចោទប្រកាន់ថា ធនាគារ​រុស្ស៊ី Rossiya ដែលមាន​ម្ចាស់​ជា​មនុស្ស​ជំនិត​និង​ក្រុមគ្រួសារ​លោក ពូ​ទីន នោះ​មាន​ខ្សែបណ្តាញ​ជាមួយ​ក្រុមហ៊ុន​បរទេស ហើយ​គេ​បាន​ផ្ទេរ​និង​លាក់​ទ្រព្យសម្បត្តិ​នៅក្រៅ​ប្រទេស​ផង​។ ហើយ​ធនាគារ​នេះ​ស្ថិតក្រោម​ទណ្ឌកម្ម​របស់​អាមេរិក​និង​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​ផងដែរ​។

​ក្រៅពី​បងប្អូន​របស់​ប្រធានាធិបតី​រុស្ស៊ី ឯកសារ​ដដែល​នោះ​ក៏បាន​ចោទប្រកាន់​សាច់ញាតិ​មន្ត្រី​ធំ​របស់​រដ្ឋាភិបាល​ក្រេ​ម​ឡាំង ដូចជា​កូន​រដ្ឋមន្ត្រី​អភិវឌ្ឍ​សេដ្ឋកិច្ច ក្មួយប្រុស​របស់​លេខាធិការ​ក្រុមប្រឹក្សាសន្តិសុខ និង​អតីត​ប្រធាន​ស្ថាប័ន​កិច្ចការ​សន្តិសុខ​សហព័ន្ធ​ជាដើម​។​

​ក្រោយ​មាន​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ពាសពេញ​ពិភពលោក វិមាន​ក្រេ​ម​ឡាំង​បាន​ចេញមុខ​ឆ្លើយតប​នឹង​ការ​បរិហារ​លោក ពូ​ទីន របស់​បណ្តាសារ​ព័ត៌មាន​បរទេស​ជាពិសេស​លោកខាងលិច​។ លោក Dmitry Peskov បាន​វាយប្រហារ​បក​វិញ​ចំពោះ​ការចោទប្រកាន់​នេះ ហើយ​លោក​រៀបរាប់ថា ការទម្លាយ​នេះ​ជា​រឿង​ចាស់គំរឹល ហើយ​វា​គ្មាន​ភស្តុតាង​ដែលមាន​ទម្ងន់​ដាក់បន្ទុក​ឡើយ ពោលគឺ​វា​ត្រឹមតែ​ជាការ​ស្មានៗ​ប៉ុណ្ណោះ​។ លោក​សង្កត់ធ្ងន់​វា​ក៏​ជា​យុទ្ធសាស្ត្រ​មួយ​ដែល​គេ​បង្កើតឡើង​ដើម្បី​ប្រឆាំង​ប្រធានាធិបតី​រុស្ស៊ី និង​បង្កើត​អស្ថិរភាព​នៅ​រុស្ស៊ី​ដែរ​។​

​លោក Peskov បាន​ពន្យល់ថា គោលដៅ​សំខាន់​នៃ​ការទម្លាយ​រឿងនេះ​គឺ​ទាញ​ការចាប់អារម្មណ៍​មនុស្ស​ទូទាំង​ពិភពលោក និង​បង្កើត​រូបភាព​អវិជ្ជមាន​រប​ស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ដើម្បី​ទម្លាក់​ប្រជាប្រិយភាព​លោក​ដែរ​។ នេះ​ក៏ដោយ​ករណី​បែកធ្លាយ​ឯកសារ​សម្ងាត់​កើតឡើង​ស្របពេល​រុស្ស៊ី​ជិត​ដល់ពេល​បោះឆ្នោត​សភា​និង​ប្រធានាធិបតី​ថែមទៀត​។​

២.​ស្អប់ ឬ​ខ្លាច​លោក ពូ​ទីន​?
​លោក Peskov បាន​ហៅ​ការទម្លាយ​ឯកសារ​នេះ​ថា​ជា​មធ្យោបាយ​ទាក់ទាញ​អ្នកទស្សនា​ទូទាំង​ពិភពលោក​។ នេះ​ក៏ដោយ​សារ​គំនិត​ប្រឆាំង​លោក ពូ​ទីន ឬ ជា​ការមិន​ចូលចិត្ត​លោក ពូ​ទីន នៅក្នុង​ប្រទេស​លោកខាងលិច​កើនឡើង​ខ្លាំង​។ ដូច្នេះហើយ គេ​ត្រូវតែ​និយាយ​ពី​រឿង​អាក្រក់​ពី​លោក ពូ​ទីន​។ ហើយ​បើសិនជា មិនមាន​រឿង​ទេ គេ​ចាំបាច់​ត្រូវបង្កើត​រឿង​ឡើងមក​។​
​យ៉ាងណាក៏ដោយ​គ្មាន​ភស្តុតាង​ជាក់លាក់​ណាមួយ​បញ្ជាក់ថា រឿងរ៉ាវ​នេះ​វា​ពាក់ព័ន្ធ​ដោយផ្ទាល់​ឬ​ដោយ​ប្រយោល​ជាមួយ​លោក ពូ​ទីន ឡើយ​។ ដូច​លើកឡើង​ខាងដើម​ស្រាប់​ឯកសារ​នោះ​មាន​បញ្ជាក់​តែ​ពី​មនុស្ស​ជំនិត​លោក​ប៉ុណ្ណោះ ហើយ​វា​ជាការ​ប៉ាន់ស្មាន​ប៉ុណ្ណោះ​។​

​បើ យោងតាម​សម្តី​របស់​អ្នកនាំពាក្យ​ខាងលើ​ដែល​ស្រង់​ដូច VOA កាលពី​សប្តាហ៍​មុន មុនពេល​ការទម្លាយ​ឯកសារ​ទ្រង់ទ្រាយ​ធំ​នេះ អ្នកនាំពាក្យ​នេះ​ក៏បាន​បង្ហើប​ផងដែរ​ថា រុស្ស៊ី​ត្រៀម​ជើង​ព្រួល​ដើម្បី​ប្រឆាំង​ការប្រើប្រាស់​ឃោសនា​និង​ព័ត៌មាន​ដើម្បី​ប្រឆាំង​របប​ដឹកនាំ​ក្រេ​ម​ឡាំង​ជាពិសេស​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​អ្នក​ជិតស្និទ្ធ​ជាមួយ​លោក​។

​លោក Peskov ក៏​ឆ្លៀត​បង្ហើប​ថា រដ្ឋាភិបាល​ក្រេ​ម​ឡាំង​បានដឹង​ស្រេច​ទៅ​ហើយពី​សមាគម​អ្នកសារព័ត៌មាន ហើយ​ក្រុម​អ្នកសារព័ត៌មាន​មួយចំនួន​ស្ថិតក្នុង​ចំណោម​ក្រុម​អ្នកសារព័ត៌មាន​ស៊ើបអង្កេត​ទាំងនោះ​មាន​ជាម​នុស្ស​ក្រសួងការបរទេស​អាមេរិក និង​ក្រុមទី​ភ្នាក់ងារ​ចារកម្ម​មជ្ឈិម​។ រុស្ស៊ី​ក៏​ដឹង​ច្បាស់​ថា ក្រុម​នេះ​ទទួលបាន​ធនធាន​ពី​ប្រភព​ណា​ផងដែរ​។ បើតាម​សម្តី​របស់​មន្ត្រី​រុស្ស៊ី  របប​ក្រេ​ម​ឡាំង​ជឿជាក់ថា ក្រុង​វ៉ាស៊ីនតោន​ជា​អ្នក​នៅ​ពីក្រោយ​ការទម្លាយ​រឿងនេះ​៕


Tag:
 Panama papers
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
© រក្សាសិទ្ធិដោយ thmeythmey.com