អន្តរជាតិ
លោក ស៊ី ​ជិន​ពីង ប្រឹង​កម្ចាត់​ពុករលួយ តែ​បងថ្លៃ​លោក​ជាប់​ឈ្មោះ​ក្នុង «Panama Papers»
06, Apr 2016 , 8:30 am        
រូបភាព
ដោយ: ថ្មីៗ
​មន្ត្រីជាន់ខ្ពស់​ចិន​សមាជិក​បក្ស​កុម្មុយនីស្ត​ចិន​ចំនួន ៨​នាក់ ក្នុងនោះ​មាន​បងថ្លៃ​របស់​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង ស្ថិតក្នុង​ចំណោម​អ្នកនយោបាយ​ប្រហែល ១៤០ នាក់​ជាប់​ក្នុង​បញ្ជី​ឯកសារ​លេច​ធ្លាយ​របស់​ក្រុមហ៊ុន​មេធាវី​ប៉ា​ណា​ម៉ា  Mossack Fonseca​។ មានមតិ​រិះគន់ថា លោក ស៊ី ជិន​ពីង ប្រឆាំង​ពុករលួយ​ក្នុងប្រទេស  តែ​លោក​បរាជ័យ​ក្នុងការ​ដោះស្រាយ​បញ្ហា​សាច់ញាតិ​ខ្លួនឯង​។​


 
​ក្រោយ​មានការ​ទម្លាយ​ឯកសារ​សម្ងាត់​របស់​ក្រុមហ៊ុន Mossack Fonseca ពាក់ព័ន្ធ​ការ​លាក់​លុយ​របស់​អ្នកនយោបាយ មេដឹកនាំ​និង​សែស្រឡាយ  រួមទាំង​តារា និង​កីឡាករ​ល្បី​លើ​ពិភពលោក គ្រប់គ្នា​ក៏​ចោល​ក្រសែរ​ភ្នែក​មក​មើល​លោក ស៊ី ជិន​ពីង​ដែល​កំពុង​ដុតដៃដុតជើង​កម្ចាត់​អំពើ​ពុករ​លួយ​នៅក្នុង​ប្រទេស​។​នេះ​ក៏ដោយ​សារ​ក្នុង​ឯកសារ​នោះ​ក៏មាន​មន្ត្រីជាន់ខ្ពស់​សមាជិក​ប​ក្ស​កុម្មុយនីស្ត​ចិន ៨​រូប​ដែរ ហើយ​អ្វីដែល​ពិសេស​ក្នុងចំណោម​នោះ​មាន​លោក Deng Jiagui ជា​បងថ្លៃ​របស់លោក ស៊ី ជិន​ម្នាក់​ផងដែរ​។​
 
​មន្ត្រី​ទាំងនោះ​រង​ការចោទប្រកាន់ថា បាន​ផ្ទេរ​លុយ​ទៅ​បរទេស​ដើម្បី​ទិញ​ភាគហ៊ុន ដែល​នេះ​ជា​វិធីសាស្ត្រ​លាក់​លុយ​និង​អាច​រួច​ផុតពី​ការបង់ពន្ធ​លើ​ទ្រព្យសម្បត្តិ​ផងដែរ​។  ពាក់ព័ន្ធ​លោក Deng Jiagui ឯកសារ​ដែល​លេច​ធ្លាយ​នោះបាន​បង្ហាញថា ក្នុង​ឆ្នាំ ២០០៩ លោក​បាន​បង្កើត​ក្រុមហ៊ុន​ស្ថិតក្រោម ក្រុម British Virgin Islands ចំនួន ២ នៅពេលនោះ​លោក ស៊ី ជិន​ពីង​នៅ​ជា​សមាជិក​នៃ​គណកម្មាធិការ​អចិន្ត្រៃយ៍​នៃ​បក្ស​ក​ម្មុយ​នី​ស្ត​ចិន​នៅឡើយ​។ 
 
​កន្លងមក​ក្នុង​ឆ្នាំ ២០១៤ សារព័ត៌មាន​អាមេរិក The New York Time បាន​ចុះផ្សាយ​របាយការណ៍​មួយ​ដែល​បង្ហាញថា ក្រុមគ្រួសារ​របស់​អតីត​នាយករដ្ឋមន្ត្រី​ចិន Wen Jiabao និង ប្រធានាធិបតី ស៊ី ជិន​ពីង មានទ្រព្យ​សម្បត្តិ​ច្រើន​។ តែ​ក្រោយមក​ក្រសួងការបរទេស​ចិន​បានចេញ​មុខ​រិះគន់​របាយការណ៍​នោះ​ដោយ​អះអាងថា វា​គ្រាន់តែ​ជា​យុទ្ធនាការ​បង្ខូច​កេរ្តិ៍ឈ្មោះ​មេដឹកនាំ​ចិន​ប៉ុណ្ណោះ​។​
 
​ចំណែក​លោក ស៊ី ជិន​ពីង​វិញ​តាំងពី​ឡើងកាន់តំណែង​មក លោក​បានចាប់ផ្តើម​អនុវត្ត​គោលនយោបាយ​កណ្តាប់ដៃ​ដែក​បង្ក្រាប​អំពើពុករលួយ​ក្នុងចំណោម​មន្ត្រី​ចិន​ទាំង​ថ្នាក់លើ​ដល់​ថ្នាក់ក្រោម​។ សូម្បីតែ​មន្ត្រី​កំពូល​ក៏​រត់​មិន​រួច​ដែរ​។ ប៉ុន្តែ​ការចោទប្រកាន់​ដែលមាន​ក្នុង​ឯកសារ​លេច​ធ្លាយ​នេះ ថ្វីបើ​វា​មិនបាន​បញ្ជាក់ថា​ជា​រឿង​ពុករលួយ​ឬអ្វី​ក៏ដោយ វា​បាន​បង្កើត​រូបភាព​អវិជ្ជមាន​មួយ សម្រាប់​ប្រមុខរដ្ឋ​ចិន​លោក ស៊ី ជិន​ពីង​ដែរ​។​
 
​ដោយឡែក ខណៈ រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយទៀត ខណៈដែល​សារព័ត៌មាន​ទូទាំង​ពិភពលោក​នាំគ្នា​ផ្សព្វផ្សាយ​ពី​បញ្ហា​ការ​លេច​ធ្លាយ​ឯកសារ​សម្ងាត់​នេះ សារព័ត៌មាន​ក្នុងស្រុក​របស់​ចិន​ហាក់ដូចជា​ស្ងៀមស្ងាត់​មិនបាន​ផ្សព្វផ្សាយ​អ្វី​ពាក់ព័ន្ធ​បញ្ហា​នេះ​ទេ​។ ដែល​នេះ​វា​ជា​រឿង​ចម្លែក​មួយ​ដែរ ឬក៏​រដ្ឋាភិបាល​ដាក់​កំហិត​មិន​ឲ្យ​មានការ​ផ្សព្វផ្សាយ​?
 
 
 
 

Tag:
 Panama papers
© រក្សាសិទ្ធិដោយ thmeythmey.com